កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! អាជា្ញកណ្តាលស្ត្រី៦រូប នឹងកាត់ក្តីការប្រកួត World Cup នៅកាតា
15, Sep 2022 , 8:29 am        
រូបភាព
អាជ្ញាកណ្តាលស្រ្តី៦រូប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជ្រើសរើសកាត់ក្តីក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅកាតា។ វត្តមានអាជ្ញាកណ្តាលស្រ្តី បានក្លាយជាប្រវត្តិសាស្រ្តដំបូងបំផុតក្នុងការប្រកួតបាល់ទាត់បុរស់។


 
FIFA បានជ្រើសយកអាជ្ញាកណ្តាលចំនួន ៣៦ នាក់ ជំនួយការអាជ្ញាកណ្តាល ៦៩ នាក់ និងមន្ត្រីវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ចំនួន ២៤រូប នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកទី២២ ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ។
 
ចំណោមមន្ត្រីអាជ្ញាកណ្តាលសរុបទាំង១២៩រូបខាងលើ ត្រូវបាន FIFA ជ្រើសយកពីសហព័ន្ធកីឡាបាល់ទាត់ទាំង៦ទ្វីបដោយផ្អែកលើគុណភាពកាត់ក្តីនាពេលកន្លងមក ដែលរួមមានតំបន់អឺរ៉ុប, អាហ្រ្វិក, អាស៊ី, អាម៉េរិកឡាទីន, អូសេអានី, និង ការ៉ាអ៊ីប។
 
ក្នុងចំណោមអាជ្ញាកណ្តាលទាំងអស់ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ក៏បានជ្រើសយកអាជ្ញាកណ្តាលស្រ្តីដល់ទៅ៦រូប ដើម្បីចូលខ្លួនកាត់ក្តីនៅ World Cup ឆ្នាំ២០២២ នៅកាតានេះដែរ។ នេះជាលើកដំបូងហើយគិតចាប់តាំងពីបង្កើតលើកដំបូងនៅឆ្នាំ១៩៣០ ដែល World Cup ផ្នែកបុរស មានអាជ្ញាកណ្តាលស្ត្រីចូលរួម។
 
ចំណោមអាជ្ញាកណ្តាលស្ត្រីទាំង៦រូប មានពីទ្វីអាស៊ីមួយរូបផងដែរ។ អ្នកស្រី ​Yoshimi Yamashita បានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេរបស់ជប៉ុនដែលនឹងត្រូវបង្ហាញខ្លួននៅ World Cup លើកទី២២។ ៥រូបផ្សេងទៀតរួមមានអ្នកស្រី Stephanie Frappart សញ្ជាតិបារាំង អាជ្ញាកណ្តាល Salima Mukansanga របស់រវ៉ាន់ដា Neuza Back មកពីប្រេស៊ីល អាជ្ញាម៉ិកស៊ិក Karen Diaz Medina និងអាជ្ញាកណ្តាលអាម៉េរិក Kathryn Nesbitt។
 
លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លើកឡើង ថាមន្ត្រីអាជ្ញាកណ្តាលទាំង១២៩រូប សុទ្ធតែត្រូវបានជ្រើសរើសក្នុងកម្រិតអាជ្ញាកណ្តាលមានសមត្ថភាព និងស្តង់ដាខ្ពស់បំផុតនៅទូទាំងពិភពលោក៕
 
 

Tag:
 World Cup
  FIFA
  អាជា្ញកណ្តាលស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com