អត្ថបទពាណិជ្ជកម្ម
ការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងខុសច្បាប់ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន
15, Sep 2022 , 9:06 am        
រូបភាព
សៀមរាប ថ្ងៃទី14 ខែកញ្ញា៖ គ្រឿងស្រវឹងខុសច្បាប់បង្កគ្រោះថ្នាក់ទៅដល់អាយុជីវិត និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់ចំណូលពន្ធចំនួន 8.9 ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ 
នៅត្រឹមឆ្នាំ 2025 អង្គការសុខភាពពិភពលោកបានព្យាករណ៍ថា តំបន់អាស៊ាននឹងមានអត្រាប្រើប្រាស់គ្រឿងស្រវឹងដោយពុំបានកត់ត្រាខ្ពស់បំផុតនៅក្នុងពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាចំនួនជិតពាក់កណ្ដាល (46.8 ភាគរយ) នៃគ្រឿងស្រវឹងដែលបានទទួលទាន ពុំត្រូវបានកត់ត្រាឡើយ។
 
របាយការណ៍ថ្មីស្ដីពីដំណើរឆ្ពោះទៅសហគមន៍អាស៊ាន៖ ការដោះស្រាយបញ្ហាគ្រឿងស្រវឹងខុសច្បាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំរួមគ្នាដោយអង្គការ Asia Pacific International Spirits & Wines Alliance (APISWA), Alliance Against Counterfeit Spirits (AACS), EU-ASEAN Business Council (EU-ABC) និង Transnational Alliance to Combat Illicit Trade (TRACIT) មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះ និងលើកជាអនុសាសន៍មួយចំនួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍។


 
ឯកសារផ្សព្វផ្សាយដែលត្រូវចេញនៅថ្ងៃទី18 ខែកញ្ញា ស្តីពីកិច្ចការបន្ទាប់បន្សំនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី 54 នៅខេត្តសៀមរាប បង្ហាញអំពីឥទ្ធិពលនៃជំងឺកូវីដ 19 ដែលជាកត្តាមួយនៅក្នុងចំណោមកត្តាផ្សេងៗទៀតដែលបានធ្វើឱ្យពាណិជ្ជកម្មគ្រឿងស្រវឹងខុសច្បាប់កាន់តែមានសភាពធ្ងន់ធ្ងរដោយសារមានកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែជឿនលឿន និងសេវាដឹកជញ្ជូនកាន់តែទូលំទូលាយនៅអំឡុងពេលរឹតត្បិតដោយសារជំងឺរាតត្បាត។
 
ដោយមានបញ្ហាផ្សេងៗទៀតដូចជា ការអនុវត្តច្បាប់មិនបានពេញលេញ ការដាក់ចេញបទប្បញ្ញត្តិច្រើនពេក ការយកពន្ធខ្ពស់ទៅលើផលិតផលគ្រឿងស្រវឹងស្របច្បាប់ និងទំនិញខុសច្បាប់មានតម្លៃទាប ទីផ្សារពាណិជ្ជកម្មទំនិញក្លែងក្លាយត្រូវបានរំពឹងថានឹងកើនឡើងដល់ 4 ពាន់ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2022 ដែលកត្តាចម្បងបណ្ដាលមកពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
 
លោក Chris Humphrey ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានបានលើកឡើងថា “ជារឿងគួរឱ្យសោកស្ដាយដែលការធ្វើពាណិជ្ជកម្មខុសច្បាប់នៅក្នុងវិស័យផ្សេងៗជាច្រើនបានកើតឡើងយ៉ាងផុសផុលនៅក្នុងតំបន់អាស៊ាន។ ស្ថានភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានផលិតផលមិនស្របតាមស្តង់ដារ ហើយនាំឱ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូល និងមិនអាចគ្រប់គ្រងទៅលើទីផ្សារផងដែរ។ ទន្ទឹមនឹងនេះ ស្ថានភាពនេះក៏បណ្ដាលឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពាណិជ្ជកម្មផងដែរប្រសិនបើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ម៉ាកមិនត្រូវបានការពារ។”


 
លោកក៏បានលើកឡើងថា “វិធានការដែលមានកិច្ចសហការគ្នារវាងវិស័យសាធារណៈ និងឯកជនគឺជាចំណុចគន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហានេះដូចដែលបានលើកឡើងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍នេះ។” 
 
ករណីស្លាប់ដែលបង្កឡើងដោយការទទួលទានស្រាសខុសច្បាប់បានកើតឡើងម្ដងហើយម្តងទៀតនៅក្នុងប្រទេសកម្ពុជា ដែលកើតមានរាប់សិបករណីនៅក្នុងមួយឆ្នាំៗ។ នៅក្នុងករណីមួយដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំ2021 មានមនុស្សចំនួនដប់មួយនាក់បានបាត់បង់ជីវិត និងដប់នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបានទទួលទានស្រាដែលសង្ស័យថាមានជាតិពុល។
 
លោក Jeffrey Hardy ដែលជាអគ្គនាយកអង្គការ TRACIT បានមានប្រសាសន៍ថា “ការចំណាយទៅលើសុខភាពសាធារណៈ និងសោដនាកម្មទៅលើបុគ្គលម្នាក់ៗដោយសារគ្រឿងស្រវឹងខុសច្បាប់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ របាយការណ៍ថ្មីនេះផ្ដល់នូវព័ត៌មានដ៏សំខាន់ដើម្បីឱ្យអ្នកបង្កើតច្បាប់នៅតាមបណ្ដាប្រទេសអាស៊ាននានាដឹងថា ការធ្វើពាណិជ្ជកម្មស្រាខុសច្បាប់ត្រូវតែបញ្ឈប់ជាបន្ទាន់។ 
 
របាយការណ៍នេះដាក់ស្នើនូវអនុសាសន៍មួយចំនួនដើម្បីដោះស្រាយបញ្ហា ដែលរួមមានការបង្កើតក្រុមការងារអាស៊ានទទួលបន្ទុកដោះស្រាយការធ្វើពាណិជ្ជកម្មខុសច្បាប់ដែលដឹកនាំដោយប្រធានអាស៊ានដើម្បីគាំទ្រនិងសម្របសម្រួលសកម្មភាពនានានៅទូទាំងតំបន់។
 
លោក Wilson Del Socorro ដែលជាប្រធានអង្គការ APISWA បានគូសបញ្ជាក់ថា “គ្រឿងស្រវឹង
ខុសច្បាប់បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសាធារណៈ ហើយក៏បណ្ដាលឱ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលជាច្រើនផងដែរ។ វិស័យរបស់យើងត្រៀមជានិច្ចដើម្បីផ្តល់
កិច្ចសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលប្រទេសនានា ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ”។
 
ឯកសារនេះនឹងត្រូវផ្សព្វផ្សាយជាផ្លូវការនៅក្នុងកិច្ចសន្ទនាគោលនយោបាយស្ដីពីការលើកកម្ពស់
បរិយាប័នហិរញ្ញវត្ថុ និងការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌នៅថ្ងៃទី18 ខែកញ្ញា នៅខេត្តសៀមរាប ដែលជាកម្មវិធីដែលមានការចូលរួមដោយសេរីរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលនឹងមានការចូលរួមពីតំណាងនានាមកពីវិស័យសាធារណៈនិងឯកជន។  
 

© រក្សាសិទ្ធិដោយ thmeythmey.com