កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ស៊ុតចុងម៉ោងជួយ Man City តាមឈ្នះក្រុមចាស់ Dortmund ២-១
15, Sep 2022 , 10:00 am        
រូបភាព
 
មិនទាន់មានក្រុមណាបញ្ឈប់ការរកគ្រាប់បាល់របស់ Erling Haaland ក្នុងការប្រកួត UEFA Champions League រដូវកាលនេះឡើយ។ Haaland បន្តរកគ្រាប់បាល់នៅចុងម៉ោង ដើម្បីជួយ Manchester City វាយបកយកឈ្នះក្រុមចាស់ Borussia Dortmund ២-១ ក្នុងវគ្គសន្សំពិន្ទុពូល G។



Jude Bellingham ជាអ្នករកគ្រាប់ឱ្យ Dortmund នាំមុខ Man City ១គ្រាប់មុននៅនាទី៥៦ បន្ទាប់ពីបញ្ចប់វគ្គទីមួយដោយគ្មានការស៊ុតចូលទីគ្នា ក្នុងជំនួបជើងទី២ ពូល G នៅថ្ងៃទី១៤ ខែកញ្ញា។

ការប្រកួតបានឈានដល់នាទី៨០ ទើបខ្សែការពារ John Stones ស៊ុតពីចម្ងាយយ៉ាងល្អដើម្បីជួយក្រុមមេឃខៀវតាមបានស្មើវិញ មុនពេលខ្សែប្រយុទ្ធចំណូលថ្មី Haaland ដែលទើបផ្លាស់ចេញពី Dortmund បន្ថែមគ្រាប់ជ័យជម្នះនៅ៤នាទីបន្ទាប់។ ចប់ការប្រកួត Man City ឈ្នះ Dortmund ២-១។
តាមរយៈជ័យជម្នះនេះបានជួយក្រុមលោក Pep Guardiola ទទួលបាន៦ពិន្ទុពេញពីការប្រកួតពីរលើក និងឈរកំពូលតារាងពូល G។

នេះជាគ្រាប់បាល់ទី៣របស់ Haaland ខ្សែប្រយុទ្ធសញ្ជាតិន័រវែស នៅក្នុងការប្រកួតពីរលើកនៅក្របខណ្ឌអឺរ៉ុប បន្ទាប់ពីរូបគេរកបាន២គ្រាប់នៅជំនួបបើកឆាកទល់នឹងក្រុម Sevilla។ មកទល់ពេលនេះ គិតទាំងក្នុងក្របខណ្ឌ Premier League និង Champions League ក្នុងការបង្ហាញខ្លួនសរុប៨លើកសម្រាប់ក្រុមមេឃខៀវ Haaland អាចរកបានគ្រាប់ស៊ុតដល់ទៅ១៣គ្រាប់ឯណោះ។

សម្រាប់លទ្ធផលគូផ្សេងទៀតមានដូចខាងក្រោម៖
ពូល A
Napoli ៣-០ Rangers
ពូល E
Chelsea ១ –១ FC Salzburg
AC Milan ៣ –១ Dinamo Zagred
ពូល F
Real Madrid ២-០ RB Leipzing
Shakhtar Donetsk ១-១ Celtic
ពូល G
Sevilla ០-០ FC Copenhagen
ពូល H
Juventus ១–២ Benfinca
Paris Saint-Germain ៣-១ Maccabi Haifa


Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com