ជាតិ
សេដ្ឋកិច្ច
អាស៊ាន
អាស៊ាននឹងរៀបចំឱ្យមានកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយរួមមួយ
15, Sep 2022 , 7:59 pm        
រូបភាព
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំ ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំ ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២។
សៀមរាប៖ កម្ពុជា ជាមួយប្រទេសដែលជាសមាជិកអាស៊ាន បានពិភាក្សាគ្នាលើការរៀបចំឱ្យមានកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ាន ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក សុខចិន្តា សោភា  អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)  និងជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាវិនិយោគអាស៊ាន(AIA)។​

 
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ​កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​លើកទី៥៤ ​និងកិច្ចប្រជុំពាក់ព័ន្ធ ​បានបញ្ជាក់ថា​ កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ាន(ACIA)នេះ គឺផ្តោតលើការបង្កើតឯកសារវិនិយោគ និង បញ្ជីប្រភេទអាជីវកម្ម ឬធុរកិច្ចណា ដែលត្រូវអនុញ្ញាត​ ឬ មិនអនុញ្ញាត​​ ជាពិសេសលើកទឹកចិត្តឱ្យវិនិយោគ​នៅក្នុងប្រទេសតំបន់អាស៊ាន។  
 
បើតាមលោក សុវិជាតិ ក្រុមប្រឹក្សាវិនិយោគអាស៊ាន បានចាត់ឱ្យមន្ត្រីនៃតំណាងប្រទេសនីមួយៗ រៀបចំនូវឯកសារទាំងអស់នេះ ឱ្យចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយរបស់អាស៊ាន។
 
​លោកបន្តថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​លើកទី៥៤ ​និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី១៤កញ្ញា  ថា ឯកសារដែលប្រទេសនីមួយៗរៀបចំឡើងនេះ នឹងមានតម្លាភាព និងគោលបំណងច្បាស់លាស់ សម្រាប់អ្នកវិនិយោគ ដែលយល់ច្បាស់អំពីស្ថានភាពរបស់ខ្លួន និងចង់មកវិនិយោគនៅក្នុងប្រទេសនីមួយៗនៅអាស៊ាន។​
 
លោក សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ធ្វើរបៀបនេះ​ ​គឺអាចនឹងទាក់ទាញវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសនីមួយៗបានកាន់តែប្រសើរ។ ចំពោះប្រទេសកម្ពុជាយើង ការរៀបចំនូវច្បាប់វិនិយោគថ្មី គឺវាបានឆ្លើយតបទៅនឹងអ្វីដែលបានរៀបចំនៅក្នុងឯកសារនេះ»។ 
 
ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​របស់កម្ពុជា ត្រូវបាន​តាក់តែងឡើង​តាម​ការចង្អុលបង្ហាញ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ ២០១៥-២០២៥ ដោយរដ្ឋសភា បានអនុម័តកាលពីខែតុលា​ ឆ្នាំ២០២១។ 
 
កន្លងមក លោក សុខ ចិន្តាសោភា  អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​លើកឡើងថា ច្បាប់​វិនិយោគ​ថ្មី​នេះ ត្រូវបាន​តាក់តែងឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច ​ដែល​បង្កឡើង​ដោយ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​, បដិវត្តន៍​ឧស្សាហកម្ម​ទី​៤, បរិវត្ត​ឌីជីថល និង​ការរអាក់រអួល​នៃ​ខ្សែចង្វាក់​តម្លៃ​សកល ដែល​បណ្តាលមកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩​។
 
លោក​អះអាងថា​៖ «​ច្បាប់​នេះ ​ក៏​បាន​គិតគូរ​ដល់​ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​[SMEs] តាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព និង​ជំរុញ​ការតភ្ជាប់​ជាមួយ​សហគ្រាស​ខ្នាត​ធំ​ ផងដែរ»​៕ 
 

Tag:
 អាស៊ានឆ្នាំ២០២២
  លោក ប៉ែន សុវិជាតិ
 
© រក្សាសិទ្ធិដោយ thmeythmey.com