ជាតិ
សង្គមជាតិ
មន្រ្តីជំនាញ ដាស់តឿនដល់នារីថា ឡេដែលធ្វើឲ្យសលឿន គឺមានហានិភ័យខ្ពស់
16, Sep 2022 , 9:59 am        
រូបភាព
លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លើកឡើងថា អ្នកលក់គ្រឿងសម្អាងមួយចំនួន បានឃោសនាខុសពីការពិត ដូចជា ឃោសនាថា ផលិតផលឡេរបស់ខ្លួន អាចធ្វើឲ្យស្បែកស ក្នុងរយៈពេលត្រឹម២៤ម៉ោង ឬត្រឹម៧ថ្ងៃ ជាដើម។ ក្នុងនាមជាមន្រ្តីជំនាញ លោក អះអាងថា ពុំមានផលិតផលឡេណា ដែលអាចធ្វើឲ្យស្បែកឆាប់សភ្លាមៗបែបនេះឡើយ។



លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា គេ អាចលាយឡេ ដែលធ្វើឲ្យស្បែកសលឿនបាន តែប្រឈមនឹងការបង្កផលប៉ះពាល់ខ្ពស់ ព្រោះឡេប្រភេទនោះ ត្រូវបានលាយ ឬផ្សំជាមួយសារធាតុ ដែលត្រូវបានហាមឃាត់ ដូចជា បារ៉ត ជាដើម។ លោក បន្តថា ក្រសួងសុខាភិបាល បានរកឃើញផលិតផលឡេជាង៣០មុខរួចមកហើយ ដែលផ្ទុកសារធាតុមានកម្រិតហានិភ័យខ្ពស់។ 
 
ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងសុខាភិបាល ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង ប៊ុនគៀត បញ្ជាក់ដូច្នេះថា៖«យើង ប្រកាសព័ត៌មានជាញឹកញយ។ បើមានបញ្ហាអ៊ីចឹង សូមបងប្អូនអ្នកកាសែត ជួយផ្សព្វផ្សាបន្តផង ពីព្រោះអាហ្នឹង មានហានិភ័យណាស់ គឺគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់»។
 
លោក សង្កេតឃើញមានករណីលក់ឡេខ្លះ គឺខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។ លោក បន្ថែមថា មុននឹងអាចផ្សព្វផ្សាយលក់ឡេ និងផលិតផលសម្អាងផ្សេងទៀត គេ ត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលសិន ដើម្បីក្រសួងត្រួតពិនិត្យផលិតផលទាំងនោះ និងដើម្បីកុំឲ្យមានការបំផ្លើស ឬការឃោសនាភូតកុហកហួសពីការពិត។ 

ដោយសារដឹងថានារីៗ ចង់បានស្បែកស ឈ្មួញខិលខួចខ្លះ បានឆ្លៀតឱកាសឃោសនាខុសពីការពិតអំពីផលិតផល ដែលពួកគេលក់។ នេះជាការសង្កេតឃើញរបស់លោក ហេង ប៊ុនគៀត។ លោក ផ្តល់ព័ត៌មានថា ផលិតផលឡេជាច្រើនមុខ ត្រូវក្រសួងសុខាភិបាល លុបចេញវិញ ដោយឈប់អនុញ្ញាតឲ្យធ្វើចរាចរណ៍ ព្រោះផលិតផលឡេទាំងនោះ មានលាយសារធាតុ ដែលហាមឃាត់។  
 
ជាមួយគ្នានេះ លោក ណែនាំឲ្យប្រជាពលរដ្ឋ ពិនិត្យមើលជាមុនសិន ថា ផលិតផលិតឡេ ដែលចង់ទិញយកទៅប្រើ មានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសុខាភិបាលដែរឬទេ។ លោក ប្រាប់កុំឲ្យប្រើ បើពិនិត្យទៅឃើញថា ផលិតផលឡេនោះ ពុំត្រូវបានចុះបញ្ជី ឬពុំទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ 
 
លោកវេជ្ជបណ្ឌិតរូបនេះ ថ្លែងថា៖«បញ្ហាគ្រឿងសម្អាង ជាបញ្ហាធំ ដែលយើង កំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងសម្អាតបច្ចុប្បន្ននេះ»៕ 
 

Tag:
 ហេង ប៊ុនគៀត
  ឡេ
© រក្សាសិទ្ធិដោយ thmeythmey.com