កីឡាអន្តរជាតិ
អន្តរជាតិ
Federer អតីតកីឡាករវាយកូនបាល់លេខ១ពិភពលោក ប្រកាសចូលនិវត្តន៍ ត្រឹមវ័យ៤១ឆ្នាំ
16, Sep 2022 , 2:10 pm        
រូបភាព
Roger Federer អតីតកីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក នៅថ្ងៃទី១៥ ខែកញ្ញា ប្រកាសចូលនិវត្តន៍ នៅវ័យ៤១ឆ្នាំ។ ម្ចាស់ជើងឯក ​​Grand Slam ២០សម័យរូបនេះ នឹងចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់ ក្រោយបញ្ចប់កម្មវិធីប្រកួត Laver Cup ក្រុងឡុងដ៍ នៅថ្ងៃទី២៥ ខែកញ្ញា។

 
​Federer ជាគូប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ Rafael Nadal និង Novak Djokovic ខណៈកំពូលកីឡាករទាំង៣រូបនេះសុទ្ធសឹងឈ្នះពានកម្រិត Grand Slam ចាប់ពី២០លើកដូចគ្នា។ ក្រោយសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅលើទីលានវាយកូនបាល់រយៈពេលជាង២០ឆ្នាំ កីឡាករសញ្ជាតិស្វ៊ីសរូបនេះ សម្រេចបញ្ចប់អាជីពខ្លួននៅឆ្នាំ២០២២នេះ។
 
មូលហេតុដែលនាំឱ្យ  Federer ប្រកាសអំពីការចូលនិវត្តន៍ ក៏ព្រោះកាលពីឆ្នាំមុនរូបគេ បានរងរបួសជង្គង់អំឡុងពេលប្រកួតក្នុងទីលានWimbledon។ ចាប់តាំងពីនោះ ​Federer មិនដែលបង្ហាញវត្តមាននៅការប្រកួតនានាឡើយរួមទាំងការប្រកួត US Open ដែលទើបកន្លងផុតទៅ។ 
 
Federer ប្រាប់ហេតុផលនៃការចូលនិវត្តន៍ ដែលរួមមានកត្តាអាយុ និងបញ្ហារបួសរបស់ខ្លួន។ «ជាច្រើនឆ្នាំមកហើយដែលអ្នកគ្រប់គ្នាបានដឹង រយៈពេល ៣ឆ្នាំចុងក្រោយមកនេះវាបានបង្ហាញខ្ញុំជាមួយការប្រកួតប្រជែងជាមួយបញ្ហាប្រឈមការរងរបួស និងការវះកាត់។ ខ្ញុំបានព្យាយាមខ្លាំង ដើម្បីអាចត្រលប់ទៅបានការប្រកួតដ៏ពេញលេញវិញ ប៉ុន្តែខ្ញុំក៏បានដឹងថាកាយសម្បទាខ្ញុំទៅលែងរួច ដ្បិតខ្ញុំមានវ័យ ៤១ឆ្នាំទៅហើយ»។  Federer បានបង្ហោះលើកបណ្តាញសង្គមបែបនេះ មុនបន្ថែមថាការប្រកួត Laver Cup សប្តាហ៍ក្រោយទីក្រុងឡុងដ៍ជាការប្រកួត ATP លើកចុងក្រោយរបស់គេ។
 
Federer ជាកីឡាករដ៏សំខាន់មួយក្នុងវិញ្ញាសារវាយកូនបាល់ឯកត្តជនបុរសក្នុងរយៈពេល ២៤ឆ្នាំមកនេះ ហើយគូប្រកួតប្រជែងដ៏ខ្លាំងៗ ២រូបរួមមាន Rafael Nadal និង Novak Djokovic។ Federer ជាម្ចាស់ជើងឯកពានរង្វាន់ Grand Slam ២០លើក និងជាអតីតកីឡាករវាយកូនបាល់ ឈរលំដាប់លេខ១ ពិភពលោក ៥លើកជាប់ៗគ្នា៕
 
 
 

Tag:
 Roger Federer
© រក្សាសិទ្ធិដោយ thmeythmey.com