កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា Ronaldo ស្រេកឃ្លានគ្រាប់បាល់ណាស់
16, Sep 2022 , 5:09 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United ថ្ងៃទី១៥ ខែកញ្ញា សារភាពថា ​Cristiano Ronaldo ស្រេកឃ្លានគ្រាប់បាល់បញ្ចូលទីខ្លាំងណាស់ ស្របពេលរូបគេរកបាន ១គ្រាប់នៅ Europa League។



Ronaldo បានរួមចំណែកជួយ Man Utd រកបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះ ​FC Sheriff​ ក្នុងលទ្ធផល ២-០ នាការប្រកួតវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ Europa League។ 
ជួយបិសាចក្រហមឈ្នះផង សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯងផង។ គ្រាប់បាល់ដំបូងប្រចាំរដូវកាលថ្មីជាមួយ Manchester United របស់ Ronaldo ក៏ជាគ្រាប់ដំបូងរបស់គេក្នុងអាជីព សម្រាប់ការប្រកួតក្របខណ្ធលំដាប់ទីពីរអឺរ៉ុប Europa League និងជាគ្រាប់ទី ៦៩៩។
 
លោក ​Erik ten Hag ដែលសម្រេចដាក់ Ronaldo ក្នុងជម្រើស ១១នាក់ដំបូង បានអះអាងក្រោយបញ្ចប់ការប្រកួតថា មួយគ្រាប់ដែលរូបគេរកបានពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ទល់ FC Sheriff​ ជាគ្រាប់បាល់ដែល Ronaldo ត្រូវការខ្លាំង។
 
«គាត់ត្រូវការគ្រាប់បាល់នោះខ្លាំងណាស់ គាត់ហៀបនឹងអាចរកបានច្រើនគ្រាប់បន្តទៀតប៉ុន្តែធ្វើមិនបានសម្រេច។ Ronaldo មើលទៅដូចជាស្រេកឃ្លានគ្រាប់បាល់ណាស់។  នេះជាការរៀបរាប់របស់អ្នកចាត់ការសញ្ជាតិហូឡង់ដែលទើបចូលដឹកនាំបិសាចក្រហមរដូវកាលនេះ។
 
Ten Hag បន្ថែមថា ទោះ Ronaldo ខកខានហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីមែន ប៉ុន្តែក្រោយមករូបគេព្យាយាមហ្វឹកហាត់ខ្លាំងក្លាឡើងវិញ ដើម្បីបន្តរកគ្រាប់បាល់បង្កើនកំណត់ត្រា និងជួយក្រុមឈ្នះពានរដូវកាលនេះ។
 
សូមជមា្របថាក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ Europa League នេះរួចក្រុមបិសាចក្រហមនឹងមិនមានការប្រកួតអ្វីទៀតឡើយក្នុងសប្ដាហ៍នេះក្រោយពេលជំនួបទល់ Leeds United ត្រូវបានពន្យារពេល។ Man United នឹងវិលត្រលប់កាន់ការប្រកួត Premier League វិញនៅថ្ងៃទី២ ខែតុលា៕
 
 
 
 
 

Tag:
 ​Cristiano Ronaldo
  Man United
© រក្សាសិទ្ធិដោយ thmeythmey.com