កីឡាអន្តរជាតិ
អន្តរជាតិ
Real, PSG, Napoli និង Berlin រក្សាភាពមិនចាញ់ និងឈរកំពូលតារាងក្នុងលីគរៀងខ្លួន
× Real Madrid បន្តជ័យជម្នះរបស់ខ្លួនក្នុងជំនួប Madrid Derby ដោយយកឈ្នះ Atletico Madrid ២-១ ក្នុងជំនួបលីគសប្តាហ៍ទី៦ នៅថ្ងៃទី១៨ ខែកញ្ញា។ Paris Saint Germain, Napoli និង Union Berlin សុទ្ធតែបន្តជ័យជម្នះក្នុងលីគរៀងៗខ្លួន និងបន្តរក្សាភាពមិនចាញ់នៅរដូវកាល ២០២២-២៣នេះ។
ជំនួបដែលស្ថិតក្នុងទីក្រុងម៉ាទ្រីឌដូចគ្នា ជាការជួបគ្នាដ៏តានតឹងទាំងក្រៅទីលាននឹងក្នុងទីលាន តួរយ៉ាងមុនការប្រកួត កីឡាករ Real Madrid ត្រូវបានអ្នកគាំទ្រ Atletico ច្រើននាក់ស្រែកចំអកឌឺដងក្នុងនោះសំដៅចំជាងគេនោះគឺខ្សែប្រយុទ្ធវ័យក្មេង Vinicius JR។ តែយ៉ាងណាកូនក្រុមដឹកនាំដោយលោក Carlo Ancelotti បានបង្ហាញរបៀបលេងយ៉ាងល្អក្នុងទីលានដោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ ២-១ ជាចម្លើយដ៏សក្ក័សមទៅអ្នកគាំទ្រ Atletico។
គ្រាប់ដំបូងបើកឆាកឱ្យ Real នៅនាទី១៨ ធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Rodrygo ដែលជំនួសតំបន់ Karim Benzema ដែលអវត្តមានក្នុងការប្រកួត និងគ្រាប់ទីពីរ ស៊ុតដោយខ្សែបម្រើប្រយុទ្ធ Federico Valverde នាទី៣៦ ត្រឹមវគ្គទីមួយជួយ Real នាំមុខលើ Atletico ២-០។ ចូលវគ្គទីពីរក្រុមម្ចាស់ផ្ទះដែលដឹកនាំដោយលោក Diego Simeone ក៏អាចស្វែងរក ១គ្រាប់មកវិញនៅនាទី៨៣ ជិតបញ្ចប់ការប្រកួតទៅហើយ។
ជ័យជម្នះលើក្រុមរួមទីក្រុងបែបនេះ បានធ្វើឱ្យ Real Madrid បន្តឈរកំពូលតារាងដោយឆ្លងកាត់ ៦ប្រកួតមកនេះនៃក្របខណ្ឌ La Liga មិនទាន់ស្គាល់បរាជ័យម្តងឡើយ មាន១៨ពិន្ទុ ឈរពីលើ Barcelona ដែលមាន ១៦ពិន្ទុ។
ក្រឡេកទៅកាន់ក្របខណ្ឌ Ligue 1 បារាំងវិញ ក្រុម PSG ក៏បន្តភាពខ្លាំងរបស់ខ្លួនដែរសម្រាប់សប្តាហ៍ទី៨ ដោយបានយកឈ្នះលើក្រុម Lyon ជាមួយលទ្ធផលដ៏តឹងតែង ១-០។ ជ័យជម្នះ ១-០ នេះធ្វើបានដោយ Lionel Messi ដើម្បីជួយក្រុមយក្សបារាំងបន្តឈរកំពូលតារាងមាន២២ពិន្ទុ នាំមុខក្រុមលេខពីរ Olympique Marseille ២ពិន្ទុ។
ទៅកាន់លីគអ៊ីតាលីវិញ ក្រុម Napoli ប្រជែងបានកៅអីកំពូលតារាង Serie A ក្រោយឈ្នះក្រុមជើងឯករដូវកាលចាស់ AC Milan ក្នុងលទ្ធផល ២-១។ Napoli រកបាន១៧ពិន្ទុ ស្មើក្រុមលេខ២ Atalanta ក្រោយការប្រកួត៧លើក ឈ្នះ៥ ស្មើ២ដូចគ្នា។ ចំណែកក្រុមខ្លាំងៗ បីផ្សេងទៀតមានដូចជា AS Roma, Juventus និង Inter Milan សុទ្ធសឹងតែប្រកួតចាញ់រៀងៗខ្លួននាសប្តាហ៍ទី៧ ខែក្របខណ្ឌ Serie A នេះ។
Union Berlin ក៏បន្តជ័យជម្នះរបស់ខ្លួន ក្រោយឈ្នះ Wolfsburg ២-០ ។ Union Berlin ដែលមិនទាន់ស្គាល់ចាញ់នៅ៧ប្រកួតដំបូងនៅ Bundisliga អាចរក្សាចំណាត់ថ្នាក់កំពូលតារាងលីគអាល្លឺម៉ង់ មាន១៧ពិន្ទុ នាំមុខគូប្រជែង Borussia Dortmund ចំនួន ២ពិន្ទុ៕
© រក្សាសិទ្ធិដោយ thmeythmey.com