កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប AT Madrid សុំអ្នកគាំទ្រគោរពគូប្រកួត ក្រោយមានការរើសអើងកីឡាករ Real ពេញកីឡដ្ឋាន
19, Sep 2022 , 3:29 pm        
រូបភាព
ក្រុមអ្នកគាំទ្រក្រុម Atletico Madrid រាប់រយនាក់ត្រូវបានគេថតវីដេអូថាបានជេប្រមាថ និងរើសអើងពូជសាសន៍លើកីឡាករ Real Madrid សញ្ជាតិប្រេស៊ីល Vinicius JR នាក្រៅកីឡដ្ឋាន Wanda Metropolitano មុនជំនួបទីក្រុងម៉ាទ្រីឌ ឬ ​Madrid Derby នៅថ្ងៃទី១៨ ខែកញ្ញា។ Atletico Madrid ស្នើក្រុមអ្នកគាំទ្រខ្លួន ឱ្យគោរពគូប្រកួត។



នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រទាំងនោះបានស្រែកច្រៀងសំដៅចំៗទៅកាន់ Vinicius JR ដោយប្រើពាក្យថា «Vinicius ឯងគឺជាស្វាមួយក្បាល»។ នាជំនួប Madrid Derby នោះក្រុមភ្ញៀវ Real Madrid បានយកឈ្នះលើ Atletico Madrid លទ្ធផល ២-១។

លើសពីនេះទៅទៀតបើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ អ្នកគាំទ្រ AT-Madrid បានធ្វើសំឡេងសត្វស្វា និងការស្រែកដោយប្រើពាក្យប្រមាថ ​Vinicius Die ត្រូវបានឮក្នុងកីឡដ្ឋាន Metropolitano អំឡុងពេលប្រកួត។ សំឡេងស្រែកដោយបង្ហាញការរើសអើង កើនឡើងកាន់តែខ្លាំងក្រោយ Rodrygo បានស៊ុតបើកឆាកឱ្យ Real នៅនាទី១៨។ ទាំង Rodrygo និង ​Vinicius បានអបអរការស៊ុតចូលទីដោយការរាំនៅពីមុខក្រុមអ្នកគាំទ្រ Atletico Madrid។
 
ទាក់ទងការរើសអើងនឹងការស្រែកប្រមាថទាំងនេះ ក្លិប ​Atletico Madrid មិនមានការឆ្លើយតបអ្វីឡើយចំពោះបញ្ហាទាំងនេះ ប៉ុន្តែក្លិបមួយនេះបានបង្ហោះផ្តែផ្តាំអ្នកគាំទ្រលើបណ្តាញសង្គម ​Twitter ថាឱ្យគោរពដៃគូប្រកួត។ «អ្នកគាំទ្រ Atletico Madrid ទាំងឡាយ សូមគោរពទៅដៃគូប្រកួត»។ ក្លិប Atletico Madrid បានសរសេរបង្ហោះបែបនេះ។
 
ចំពោះបញ្ហាទាំងនេះក្រោយការប្រកួតបានបញ្ចប់​ខ្សែប្រយុទ្ធ ​Vinicius JR បានបង្ហោះសារនៅលើបណ្តាញសង្គម ​Instagram ឆ្លើយតបថាការរាំងរបស់គេគឺជាវប្បធម៌បង្ហាញទៅកាន់ពិភពលោក។ «ការរាំអបអររបស់ខ្ញុំគឺជាភាពចម្រុះនៃវប្បធម៌ក្នុងពិភពលោក គ្រប់គ្នាគួរតែទទួលយកវា និងផ្តល់ការគោរព ខ្ញុំគ្មានថ្ងៃនឹងបញ្ចប់បានឡើយ។»។ Vinicius JR បាននិយាយបែបនេះ។
 
ទោះជាយ៉ាងនេះក្តី ទាំង Vinicius និងក្លិប Real Madrid បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការរើសអើងពូជសាសន៍លើកីឡាករដែលបានរងផលប៉ះពាល់ក្នុងអាជីពរបស់ពួកគេ៕
 
 

Tag:
 Atletico Madrid
  Vinicius JR
© រក្សាសិទ្ធិដោយ thmeythmey.com