កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រជែងពាន MotoGP កាន់តែស្វិតស្វាញ ក្រោយ Bastiainini ឈ្នះការប្រណាំងនៅ Aragon GP
× កីឡាករ Enea Bastianini ប្រជែងឈ្នះ Francesco Bagnaia ក្នុងការប្រណាំងម៉ូតូពិភពលោក MotoGP World Championship នាទីលានប្រណាំង Aragon Grand Prix ប្រទេសអេស្ប៉ាញ ថ្ងៃទី១៨ ខែកញ្ញា។ បេក្ខភាពម្ចាស់ជើងឯក MotoGP 2022 ដែលឈរកំពូលតារាង Fabio Quartararo បានភ្លាត់ស្នៀតដួលនៅជុំដំបូង ធ្វើឱ្យការប្រជែងពានរង្វាន់កាន់តែមានភាពស្វិតស្វាញ និងទាក់ទាញ។
កីឡាករ Bastianini មកពីក្រុម Gresini Racing បានសងសឹកលើកីឡាករ Bagnaia វិញចំពោះការប្រណាំងចាញ់នៅទីលាន San Marino GP កាលពីដើមខែកញ្ញានេះ។ នាទីលានប្រណាំងទឹកដីអ៊ីតាលីពេលនោះ Bagnaia បានយកឈ្នះលើ Bastianini ត្រឹមតែថេរវេលា 0.០៣៤ វិនាទីប៉ុណ្ណោះ។ ដោយឡែក ការប្រណាំងនាទឹកដីប្រទេសអេស្ប៉ាញលើកនេះ Bastianini បានបញ្ចប់ការឈ្នះជាប់គ្នា ៥ដងរបស់ Bagnaia មកពីក្រុម Ducati Racing។
ក្រោយការប្រណាំងបានបញ្ចប់ កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៤ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតថា ជ័យជម្នះលើកនេះប្រៀបដូចជាសុបិនដ៏ធំមួយរបស់រូបគេ។
«នេះប្រៀបដូចជាសុបិនអ៊ីចឹង ក្នុងការប្រកួតនេះខ្ញុំបានបង្កើតកំហុសមួយចំនួនដែរ ពេលប្រណាំង។ ប៉ុន្តែនៅចុងក្រោយខ្ញុំបានផ្តួល និងនាំមុខ Pecco (Francesco Bagnaia) នៅជុំចុងក្រោយ ព្រោះខ្ញុំមានឱកាសប្រយុទ្ធដើម្បីយកឈ្នះ។»។ នេះជាការលើកឡើងរបស់ Bastianini ដែលទើបឈ្នះការប្រណាំងលើកទី៤ របស់គេរដូវកាលថ្មីនេះ។
លទ្ធផលការប្រណាំងនាទីលាន Aragon GP នេះ បើទោះជា Bagnaia មិនទទួលបានជ័យជម្នះ ប៉ុន្តែរូបគេក៏ទទួលបាន ២០ពិន្ទ ហើយបានកាត់ការនាំមុខដល់ទៅ ៣០ពិន្ទុនៅកំពូលតារាងពីសំណាក់កីឡាករ Fabio Quartararo មកនៅត្រឹម ១០ពិន្ទុវិញ។
ចំពោះតារាងពិន្ទុពេលបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញដោយ Fabio Qaurtararo បន្តនាំមុខកំពូលតារាង MotoGP មាន ២១១ពិន្ទុ តាមពីក្រោយដោយ Francesco Bagnaia មាន ២០១ពិន្ទុ និង Alex Espargaro មាន ១៩៤ពិន្ទុឈរលេខ៣ ខណៈការប្រណាំង នៅ៥ទីលានទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលឆ្នាំ២០២២នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com