ព្រះរាជពិធីបុណ្យព្រះសព ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ កាលពីពេលថ្មីៗកន្លងមកនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សឃាច្រើនលើពិភពលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ «ព្រះសវរថ» ឬ «ព្រះទីនាំងរថយន្ត» ដែលដឹកព្រះមញ្ជូសាគឺជារថយន្ត Mercedes ពោលគឺមិនមែនជាផលិតផលក្រុមហ៊ុននៃចក្រភពអង់គ្លេសនោះឡើយ។
សវរថ ពណ៌ខ្មៅ ជាប្រភេទរថយន្ត Mercedes E-Class ជំនាន់ W212។ បើតាមការផ្សាយរបស់ Drive.com.au វាត្រូវបានរចនាដោយក្រុមហ៊ុនអាល្លឺម៉ង់ Binz ដោយមិនមានការបញ្ជាក់ពីឈ្មោះម៉ូដែលពិតប្រាកដឡើយ។ ក្រុមប្រភេទ Binz H4 នេះ ត្រូវបានផលិតឡើងចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦។
ក្រោយសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំជាស្តេចនៃចក្រភពអង់គ្លេស និងប្រមុខរដ្ឋនៃប្រទេសចំនួន ១៤ ទៀតនៅអាណាចក្រ Commonwealth ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ បានយាងចូលទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញាក្នុងព្រះជន្ម៩៦ព្រះវស្សានាព្រះរាជដំណាក់ Balmoral ក្នុងទឹកដីស្កុតឡែន។
កាលពីថ្ងៃទី១១ ខែកញ្ញា ក្បួនព្រះទីនាំងរថយន្តដឹកព្រះមញ្ជូសារបស់មហាក្សត្រិយ៍ បានចំណាយពេលអស់៦ម៉ោងក្នុងដំណើរពីព្រះរាជដំណាក់ Balmoral កាន់ទីក្រុង Edinburgh ដើម្បីឱ្យប្រជាជននៅស្កុតឡែន សម្តែងការគោរពជាលើកចុងក្រោយ មុនពេលបន្តដំណើរតាមយន្តហោះទៅកាន់ក្រុងឡុងដ៍ តាមរយៈអាកាសចរណ៍ Royal Air Force។
William Purves Funeral Directors ដែលជាក្រុមហ៊ុនរៀបចំព្រះរាជពិធីបុណ្យព្រះសពផ្លូវការ បានអះអាងថា ការរៀបចំព្រះសវរថ និងការងារផ្សេងៗ កើតចេញពីប្រតិបត្តិការដ៏មមាញឹករបស់ក្រុមការងារពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យរបស់មន្ត្រីរាជវាំង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងព្រះរាជពិធីដង្ហែនៅក្រុងឡុងដ៍ ឆ្ពោះទៅរាជវាំង Buckingham កាលពីថ្ង ព្រះសវរថដឹកព្រះមញ្ជូសា គឺនៅតែជារថយន្តក្រុមហ៊ុនអង់គ្លេស Jaguar ឬ Land Rover Defender ដូចក្នុងព្រះពិធីបុណ្យសពព្រះអង្គម្ចាស់ Phillip យ៉ាងដូច្នោះដែរ។
ហេតុអ្វីបានជា Mercedes? មិនមែនជា Rolls Royce, Bentley ឬឈានដល់បែបបុរាណដូចជា Vauxhall? អ្នកប្រើប្រាស់បណ្តាញសង្គម Twitter មួយរូបបានចោទសួរយ៉ាងដូច្នេះ ទាក់ទងនឹងការប្រើប្រាស់រថយន្តអាល្លឺម៉ង់ ជា សវរថ ក្នុងក្បួនដង្ហែនៅស្កុតឡែន។
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មាន Drive.com.au បានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរវាងរាជវង្សានុវង្សចក្រភពអង់គ្លេស និងក្រុមហ៊ុន Daimler តាំងពីឆ្នាំ១៩០០មក។ បន្ថែមពីលើនេះ ព្រះមហាត្រិយ៍ និងរាជវង្ស (House of Windsor) ក៏មានឈាមអំបូរអាល្លឺម៉ង់ផងដែរ តែក្រោយមកលុបឈ្មោះដើម Saxe-Coburg និង Gotha ចេញ ដោយសារស្មារតីប្រឆាំងអាល្លឺម៉ង់កាលពីឆ្នាំ១៩១៧៕