កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ គ្រូហូឡង់ នឹងធ្វើតេស្តរកអ្នកចាំទីពូកែសង្រ្គោះបាល់ប៉េណាល់ទី
20, Sep 2022 , 3:20 pm        
រូបភាព
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់នឹង ធ្វើតេស្តអ្នកចាំទី ក្នុងវិញ្ញាសារស៊ុតបាល់១១ម៉ែត្រ នាពេលហ្វឹកហាត់សប្តាហ៍នេះ ដើម្បីស្វែករកអ្នកចាំទីពូកែសង្រ្គោះបាល់សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ នេះបើតាមសម្តីលោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ នៅថ្ងៃទី១៩ ខែកញ្ញា។



សប្តាហ៍នេះលោក ​Van Gaal បានកោះហៅអ្នកចាំទីដល់ទៅ ៤រូបសម្រាប់ការប្រកួតពានរង្វាន់ ​UEFA Nations league ទល់ក្រុមប៉ូឡូញ និងប៊ែលហ្ស៊ិក ក្នុងនាមជាក្រុមកំពុងស្ថិតនៅលើកំពូលតារាងនៃពូល A4 ក្នុង ​League A។
 
តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកចាំទី៤រូប លោក Van Gaal បាននិយាយថាកីឡាករអាទិភាពនឹងត្រូវបានជាប់សម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា ក្នុងខែវិច្ឆិកា។ ហូឡង់ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះ កាតា អេក្វាទ័រ និង សេណេហ្គាល់។
 
មុនការប្រកួត Nations League មកដល់លោក Van Gaal ក៏បានអះអាងក្នុងសន្និសីទកាសែតបន្ថែម​ថា លោកក៏បានកោះហៅអ្នកចាំទី២ រូបផ្សេងបន្ថែមនៅថ្ងៃទី២១ សម្រាប់ការធ្វើតេស្ត ចាប់បាល់ពិន័យ ១១ម៉ែត្រពេលហ្វឹកហាត់។
 
លោក Van Gaal រៀបរាប់ថា៖«ខ្ញុំកំពុងស្វែករកកំពូលអ្នកចាំទីដែលអាចសង្រ្គោះរាល់ការស៊ុតបាល់ពិន័យ ១១ម៉ែត្របានល្អ ហើយដូច្នេះយើងកំពុងតែធ្វើតេស្តលើអ្នកចាំទីទាំងអស់ដែលយើងមាន។ ខ្ញុំតែងតែសម្លឹងមើលនូវគុណសម្បត្តិរបស់អ្នកចាំទី ស្របពេលយើងបានដឹងហើយថា ការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ អាចកែប្រែវាសនាធំនៅការប្រកួតពានបាល់ទាត់កំពូលៗ ដូចជា World Cup ជាដើម»។ 
 
កាលពីឆ្នាំ ២០១៤ ពេលដែល ​World Cup នៅប្រទេសប្រេស៊ីល លោក Van Gaal អតីតអ្នកចាត់ការទូទៅ Manchesrter United ត្រូវបានគេចាត់ទុកថាជាគ្រូម្នាក់ដែលមានយុទ្ធសាស្ត្រល្អ ដោយលោកបានប្តូរអ្នកចាំទីចូលក្នុងនាទីម៉ោងបន្ថែម ១៥នាទីពីរដងជិតបញ្ចប់ ដើម្បីសង្រ្គោះការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅវគ្គ៨ក្រុមចុងក្រោយ ទល់កូស្តារីកា។
 
លោក Van Gaal បានប្តូរអ្នកចាំទី Tim Krul ជំនួស Jasper Cillessen ហើយ Tim Krul បានសង្រ្គោះបាល់ពិន័យ ១១ម៉ែត្រនោះដើម្បីយកជ័យជម្នះឱ្យហូឡង់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
លើសពីនេះគ្រូបង្វឹកចាស់វស្សារូបនេះបានបញ្ជាក់បន្ថែមថា លោកនឹងជ្រើសរើសអ្នកចាំទី៤ រូបសម្រាប់ World Cup ក្នុងចំណោមក្រុមកីឡាករទាំង ២៦នាក់របស់លោកប្រសិនមានការអនុញ្ញាតពី FIFA៕
 
 
 
 
 
 

Tag:
 Louis van Gaal
  Netherland
© រក្សាសិទ្ធិដោយ thmeythmey.com