កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ បារាំងបាត់កីឡាករសំខាន់បន្តបន្ទាប់ ក្រោយអ្នកចាំទី Lloris និង Hernandez ដកខ្លួន
20, Sep 2022 , 7:29 pm        
រូបភាព
អ្នកចាំទី Hugo Lloris និងខ្សែការពារស្លាបឆ្វេង ​Theo Hernandez នៅថ្ងៃទី១៩ ​ខែកញ្ញា បានដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ក្នុងសប្តាហ៍នេះទល់ក្រុមអូទ្រីស និងដាណឺម៉ាក។



នាប៉ុន្មានរយៈពេលចុងក្រោយនេះបារាំងបានអវត្តមានកីឡាករសំខាន់ៗដែលធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៨ ដែលក្នុងនោះរួមមាន Paul Pogba, N’Golo Kante, Karim Benzema, Lucas Hernandez និង ​Kingsley Coman ជាដើម។
 
កាលពីសប្តាហ៍មុន ខ្សែបម្រើ Adrien Rabiot បានដកខ្លួនចេញពីក្រុមជម្រើសជាតិដូចគ្នា ហើយក្រុមដែលដឹកនាំដោយលោក ​Didier Deschamps ក៏បានបាត់បង់កីឡាករ ២រូបបន្ថែមទៀតមុនជំនួបប៉ះអូទ្រីស ថ្ងៃទី២២ និងដាណឺម៉ាក នៅ៣ថ្ងៃបន្ទាប់។
 
តាមការបញ្ជាក់របស់ក្រុមបាល់ទាត់បារាំង ថ្ងៃទី១៩ Hugo Lloris អ្នកចាំទីក្រុម Tottenham Hotspur និងខ្សែការពារស្លាបឆ្វេង Theo Hernandez របស់ក្រុម AC Milan កំពុងស្ថិតក្នុងបញ្ហារបួសផ្លូវ និងក្រលៀនរៀងខ្លួនៗ និងមិនជួយក្រុមបានឡើយ។
 
អវត្តមានរបស់ Lloris និង Hernandez បានធ្វើឱ្យក្រុមរហស្សនាមមាន់គកបារាំង ជួបវិបត្តិកីឡាករ ដ្បិតក្រុមមានកីឡាកររងរបួសច្រើននាក់រួចមកហើយ។
យ៉ាងណាក៏ដោយ អ្នកចាំទីក្រុម Nantes កីឡាករ Alban Lafont ត្រូវបានកោះហៅចូលជម្រើសជាតិលើកដំបូងដើម្បីជំនួសកន្លែងបណ្តោះអាសន្នរបស់ប្រធានក្រុម Lloris ខណៈកីឡាករ​ ​Lucas Digne ត្រូវបានកោះហៅដើម្បីជំនួសតំណែង Theo Hernandez។
 
ឆ្លងកាត់ ៤ប្រកួតសម្រាប់ក្រុមស្ថិតក្នុងលីគ A ពូល A1 នៃពានរង្វាន់ ​Nations League នេះបារាំងជាក្រុមស្ថិតនៅបាតតារាងដោយប្រកួតស្មើ២ និងចាញ់២ មាន២ពិន្ទុ ខណៈដាណឺម៉ាកឈរកំពូលតារាងមាន ៩ពិន្ទុក្នុងដៃ ក្រូអាស៊ីមាន ៧ពិន្ទុនៅលេខពីរ និង អូទ្រីសលេខបី មាន ៤ពិន្ទុ៕
 
 
 

Tag:
 Hugo Lloris
© រក្សាសិទ្ធិដោយ thmeythmey.com