កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski នឹងពាក់ស្លាកប្រធានក្រុមប៉ូឡូញ ដែលមានពណ៌ទង់ជាតិអ៊ុយក្រែននៅ World Cup
21, Sep 2022 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
Robert Lewandowski ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញ នឹងពាក់ស្លាកប្រធានក្រុមដែលមានពណ៍ដូចទង់ជាតិប្រទេសអ៊ុយក្រែននៅព្រឹត្តិការណ៍ ​World Cup ឆ្នាំ ២០២២។ Lewandowski ទទួលបានស្លាកប្រធានក្រុមនេះពីអតីតប្រធានក្រុមអ៊ុយក្រែនលោក Andriy Shevchenko។



ខ្សែប្រយុទ្ធក្រុម ​Barcelona រូបនេះ បានជួបលោក ​Shevchenko នាកីឡដ្ឋាន Warsaw ក្នុងប្រទេសអ៊ុយក្រែន។ ជំនួបនោះ Lewandowski បានទទួលកាដូស្លាកប្រធានក្រុមដែលមានពណ៌ទង់ជាតិប្រទេសអ៊ុយក្រែនពី ​Shevchenko ដែលជាអតីតកីឡាករ និងគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន។
 
ទទួលបានស្លាកប្រធានក្រុមពី ​Shevchenko ខ្សែប្រយុទ្ធ Lewandowski អះអាងថារូបគេនឹងពាក់វាក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិប៉ូឡូញនៅព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកចុងឆ្នាំនេះ។ Lewandowski នឹងពាក់វាដើម្បីបង្ហាញការនឹករលឹកដល់ប្រជាជនអ៊ុយក្រែនតាមរយៈស្លាកសញ្ញាប្រធានក្រុមជាទង់ជាតិនៃប្រទេសអ៊ុយក្រែន។
 
«ខ្ញុំនឹងនាំពណ៌នៃទង់ជាតិរបស់អ៊ុយក្រែនទៅកាន់ World Cup។ ក្នុងនាមជាកីឡាករ ខ្ញុំតែងតែគាំទ្រសន្តិភាព ហើយដោយជឿជាក់ថានិមិត្តសញ្ញាបែបនេះពិតជាមានសារៈសំខាន់ខ្លាំង។ ក្នុងនាមជាអត្តពលិកម្នាក់ យើងមើលឃើញពីកម្លាំងវិជ្ជមាននៃកីឡា ខ្ញុំទទួលយកស្លាកសញ្ញាពី ​Shevchenko ដើម្បីធ្វើដំណើរទៅ World Cup ក្នុងស្មារតីនឹករលឹកដល់ប្រជាជនអ៊ុយក្រែន»។ Lewandowski បាននិយាយបែបនេះ។
 
 ​Shevchenko អតីតខ្សែប្រយុទ្ធឆ្នើម AC Milan និង Chelsea បានបង្ហាញអារម្មណ៍រីករាយ ដែលប្រធានក្រុមប៉ូឡូញ Lewandowski យល់ព្រមទទួលកាដូ និងថែមទាំងមានការសន្យាពាក់វាក្នុងការប្រកួតកីឡាលំដាប់ពិភពលោកផង។
 
តាំងពីខែកុម្ភៈមក អ៊ុយក្រែនត្រូវបានរុស្ស៊ីចូលឈ្លានពាន រហូតមកដល់បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបង្ខំចិត្តរត់ភាសខ្លួនចេញពីប្រទេស ហើយប្រជាជនមួយចំនួនធំធ្វើដំណើរទៅប៉ូឡូញ។ ប្រទេសប៉ូឡូញក៏ជាទីកន្លែងការប្រកួត Champions League របស់ក្រុមអ៊ុយក្រែន Shakhtar Donetsk រដូវកាលនេះផងដែរ។
 
ប៉ូឡូញនឹងត្រូវចាប់ផ្តើមការប្រកួត ​World Cup របស់ពួកគេនៅថ្ងៃ២២ ខែវិច្ឆិការ ដោយត្រូវប៉ះជាមួយ ម៉ិកស៊ិក អាហ្សង់ទីន និង អារ៉ាប៊ីសាអូឌីត ក្នុងពូល ​C៕
 

Tag:
 Robert Lewandowski
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com