ជាតិ
សេដ្ឋកិច្ច
សហជីព ៖ គួរដំឡើងប្រាក់ខែគោលឲ្យកម្មករច្រើន ដើម្បីកុំឲ្យពួកគេបង្ខំចិត្តថែមម៉ោងលើកម្រិត
22, Sep 2022 , 8:59 pm        
រូបភាព
កម្មករកម្មការិនី កំពុងអង្គុយធ្វើការនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ កម្មករនិយោជិក ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
កម្មករកម្មការិនី កំពុងអង្គុយធ្វើការនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ កម្មករនិយោជិក ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
ដោយ:
ភ្នំពេញ៖ ទោះបីបានប្រាក់ខែគោលរង្វង់២០០ដុល្លារក្តី ក៏ហាក់មិនទាន់សមស្របទៅតាមជីវភាពរបស់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រឡើយ ដោយសារថ្លៃទំនិញ និងអតិផរណាកើ់នឡើង។ កម្មករភាគច្រើន បង្ខំចិត្តធ្វើការថែមម៉ោងហួសកម្រិត ដើម្បីទទួលបានប្រាក់ចំណូលច្រើន។ សហជីព យល់ថា រដ្ឋ និងថៅកែរោងចក្រ គួរតែផ្ដល់ប្រាក់ខែគោលឲ្យកម្មករច្រើន ដើម្បីកុំឲ្យពួកគេធ្វើការថែមម៉ោងជ្រុល។



អ្នកស្រី ទឹម ភាព អាយុ ៤៧ឆ្នាំ ជាកម្មកររោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ បានរៀបរាប់ថា អ្នកស្រីចង់តែងតែធ្វើការថែមម៉ោង ព្រោះពេលថែមម៉ោងច្រើន អ្នកស្រីនឹងទទួលបានប្រាក់ចំណូលច្រើន។
 
«ប្រាក់ខែខ្ញុំចាយអត់គ្រាន់នោះទេ ព្រោះតិចពេកសម្រាប់ខ្ញុំ ហើយបើយើងអត់ថែមម៉ោងបានលុយតិច។ ទំនិញឥឡូវថ្លៃគ្រប់មុខ អ៊ឹចឹងការចំណាយច្រើន ។ ខ្ញុំអត់មានរកអ្វីផ្សេងក្រៅពីធ្វើការទេ។ បើគេឱ្យថែមម៉ោងខ្ញុំសប្បាយចិត្ត ព្រោះបានលុយ»។ កម្មការិនីរូបនេះ បានរៀបរាប់មកកាន់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញានេះ។


កម្មករកម្មការិនី កំពុងអង្គុយធ្វើការនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ កម្មករនិយោជិក ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
 
ចំពោះរោងចក្រ ដែលអ្នកស្រី ភាព កំពុងធ្វើការនេះ គេមិនត្រូវឲ្យកម្មករទាំងអស់ ថែមម៉ោងគ្រប់គ្នានោះទេ ពោលគឺថែមតាមក្រុមការងារណា ដែលត្រូវការអីវ៉ាន់ប្រញ៉ាប់ប៉ុណ្ណោះ។ អ្នកស្រី ភាព បានធ្វើការថែមម៉ោងដល់ម៉ោង ៨យប់ ហើយមួយម៉ោងទទួលបាន ១០០០រៀល។ តែអ្នកស្រីមិនថែមដល់ម៉ោង៨យប់រាល់ថ្ងៃនោះទេ ភាគច្រើនថែមត្រឹមម៉ោង ៦ល្ងាច។
 
បើតាមអ្នកស្រី ភាព ការងារថែមម៉ោងនៅក្នុងរោងចក្រ ថៅកែមិនបានបង្ខំនោះទេ ប្រសិនបើកម្មករនិយោជិកមានកម្លាំង អាចធ្វើបាន ទើបគេយកក្រដាសឱ្យចុះវត្តមាន ដើម្បីធ្វើការ។ «បើយើងអត់ស្រួលខ្លួនប្រាប់ថៅកែទៅ គេឱ្យយើងចេញ តែបើអីវ៉ាន់គេប្រញ៉ាប់គេនឹងសួរហេតុផលយើង គេអត់បង្ខំយើងទេ»។ នេះបើតាមកម្មការិនីដដែល។
 
លោក ផុន សុភា សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (សុីខៅឌូ ) បានឱ្យដឹងថា កម្មករភាគច្រើនឈប់ពីរោងចក្រចាស់ ទៅធ្វើការនៅរោងចក្រថ្មី ដោយសាររោងចក្រចាស់មិនសូវមានការងារធ្វើ និងមិនសូវថែមម៉ោង។ លោកបន្តថា បើពួកគេមិនចង់ថែមម៉ោង ក៏ត្រូវតែធ្វើដែរ ព្រោះការចាយវាយរបស់ពួកគេប្រចាំថ្ងៃគឺមិនគ្រប់គ្រាន់។ បើតាមសហជីពរូបនេះ ទោះបីមានប្រាក់ខែជាង ១៩០ដុល្លារក៏ដោយ ប៉ុន្តែបើទំនិញឡើងថ្លៃ នោះពួកគេនៅតែជួបបញ្ហាលំបាកដដែល។ លោក សុភា បន្ថែមថា នៅរោងចក្រដែលគោរពតាមច្បាប់ការងារ គេកំណត់ម៉ោងធ្វើការត្រឹមតែ ៨ម៉ោងក្នុងមួយថ្ងៃ។ លើសពីនេះ មានប្រាក់រង្វាន់ ថ្លៃអាហារ ថ្លៃធ្វើដំណើរផ្សេងៗទៀត។ 
 
សហជីពរូបនេះ បានបញ្ជាក់ថា៖ «តាមបទពិសោធន៍ខ្ញុំធ្លាប់ឃើញកន្លងមក បើទោះបីជានៅក្នុងរោងចក្រ A មានការងារឱ្យធ្វើក្នុង ១ថ្ងៃ ៨ម៉ោងហើយមិនដែលថែមម៉ោង បងប្អូនកម្មករយើងនឹងឈប់ទៅធ្វើការនៅរោងចក្រ Bហើយ ទោះដឹងថារោងចក្រ B ការងារពិបាកធ្វើយ៉ាងណាក៏ដោយ ឱ្យតែបានប្រាក់ និងអត្ថប្រយោជន៍ច្រើន ពួកគេនឹងទៅធ្វើនៅទីនោះ ព្រោះពួកគាត់ត្រូវការលុយផ្គត់ផ្គង់គ្រួសារ និងតម្រូវការបង់ធានាគា។ ពួកគាត់សុខចិត្តថែមម៉ោងលើសពីច្បាប់ការងារកំណត់»។
 
ត្រង់ចំណុចនេះ មានផលវិជ្ជមាន និងផលអវិជ្ជមាន ប៉ុន្តែភាគច្រើនកម្មករពួកគេពុំសូវគិតពីផលអវិជ្ជមាន ដូចជាបញ្ហាសុខភាព និងផលប៉ះពាល់សរីរាង្គឡើយ ក្រៅពីគិតរកប្រាក់ឲ្យបានច្រើន។ លោក សុភា បន្ថែម។
 
សហជីពរូបនេះ ស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវមានអភិបាលកិច្ចការឲ្យបានល្អ ដោយចុះទៅពិនិត្យចរន្តការងារ តាមបណ្ដារោងចក្រមួយចំនួន ឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ ដើម្បីកុំឱ្យរោងចក្រមួយចំនួនឆ្លៀតឱកាស កេងប្រវ័ញកម្លាំងពលកម្មរបស់កម្មករនិយោជិក។
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា យោងតាមច្បាប់កម្មករនិយោជិកម្នាក់អាចថែមម៉ោង បានត្រឹម ២ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ មិនអនុញ្ញាតឱ្យធ្វើការលើសពី ១០ម៉ោងក្នុងមួយថ្ងៃឡើយ។
 
«រោងចក្រសហគ្រាសដែលគាត់ ប្រើកម្មករថែមម៉ោងលើសពី ២ម៉ោង គឺខុសច្បាប់ការងារ ដូច្នេះមិនលើសទឹកចិត្តឱ្យធ្វើការថែមលើសពី ២ម៉ោងក្នុងមួយថ្ងៃទេ។ បើមានសុំប្ដឹងទៅអធិការ ដើម្បីឱ្យក្រុមការងារចុះទៅពិន័យរោងចក្រនោះ»។ នេះបើតាមលោក ហេង សួរ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម។
 
មាត្រ ១៤១ ចំណុចទី២ ការចែកម៉ោងធ្វើការកុំឱ្យលើសពី ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ ហើយកុំឱ្យលើស ១០ម៉ោងក្នុងមួយថ្ងៃ។ នេះបើយោងតាមច្បាប់ស្ដីពីការងារ។
យ៉ាងណាមិញលោក ផុន សុភា បានអះអាងថា បច្ចុប្បន្ននៅតែមានរោងចក្រមួយចំនួនថែមម៉ោងលើសពីច្បាប់ការងារ តែលោកសុំមិនបញ្ជាក់ថារោងចក្រមួយណានោះទេ។ បើតាមសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះ ដើម្បីកាត់បន្ថយកុំឱ្យកម្មករកម្មការិនីបង្ខំចិត្តធ្វើការងារថែមម៉ោងហួសកម្លាំង រដ្ឋាភិបាល និងនិយោជិក គួរតែផ្ដល់ប្រាក់ឈ្នួលឱ្យកម្មករឱ្យបានសមរម្យ។
 
«ប្រាក់ឈ្នួលកម្មករបច្ចុប្បន្នបើយើងធៀបទៅនឹងទំនិញធម្មតា គឺមិនស៊ីគ្នានោះទេ ទំនិញថ្លៃជាងប្រាក់ឈ្នួល អ៊ឹចឹងបើទោះបីបានប្រាក់ឈ្នួលជាង ១៩០ ក៏ពិតមែន តែសុំឱ្យកំណត់ទំនិញឱ្យមានតម្លៃទាបសមរម្យ ដែលកម្មករអាចរស់បាន ដើម្បីកាត់បន្ថយកម្មករធ្វើការងារច្រើនម៉ោង»។ នេះបើតាមលោក ផុន សុភា៕
 

Tag:
 កម្មករនិយោជិក
  ថែមលើសម៉ោង
© រក្សាសិទ្ធិដោយ thmeythmey.com