កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាហុកគីកម្ពុជា​ ពង្រឹងមន្រ្តីបច្ចេកទេស៣៧រូប ត្រៀមស៊ីហ្គេម២០២៣
22, Sep 2022 , 9:59 pm        
រូបភាព
លោក កាំង សុធា ក្នុងថ្ងៃបិទបញ្ចប់វគ្គសិក្សាមន្រ្តីបច្ចេកទេសនាពហុកីឡដ្ឋានមរតកតេជោ។ រូបពី សហព័ន្ធកីឡាហុកគីកម្ពុជា
លោក កាំង សុធា ក្នុងថ្ងៃបិទបញ្ចប់វគ្គសិក្សាមន្រ្តីបច្ចេកទេសនាពហុកីឡដ្ឋានមរតកតេជោ។ រូបពី សហព័ន្ធកីឡាហុកគីកម្ពុជា
ដោយ:
វគ្គសិក្សាមន្រ្តីបច្ចេកទេសកីឡាហុកគីកម្ពុជា បានបញ្ចប់ក្រោមការបង្ហាត់បង្ហាញរបស់លោក Axis Maqsood Rana ជាគ្រូជម្រើសជាតិកីឡាហុកគីផ្ទាល់។ សិក្ខាកាមដែលចូលសិក្សាទាំង៣៧រូប ក្នុងនោះនារី ១៣រូប មានឱកាសបង្ហាញសមត្ថភាពនៅកីឡាស៊ីហ្គេមខាងមុខ។

 
ការបណ្តុះបណ្តាលកម្រិតមន្រ្តីបច្ចេកទេស កាលពីថ្ងៃទី២១ កញ្ញា នាពហុកីឡដ្ឋានមរតកតេជោ ដែលបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឆ្លងកាត់ការសិក្សាអស់រយៈពេល៣ថ្ងៃ។ ចំពោះគោលការណ៍ចម្បងធំបំផុតរបស់កីឡាហុកគីកម្ពុជា គឺត្រៀមខ្លួនក្នុងកម្មវិធីប្រកួតកីឡាថ្នាក់ជាតិលើកទី៣ ឬ National Game នាខែវិឆ្ឆិកា ខាងមុខនេះ។
 
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សិក្ខាកាមដែលបានបញ្ចប់ការសិក្សាកម្រិតមន្រ្តីបច្ចេកទេស គឺទទួលបានជោគជ័យល្អ។ សម្រាប់ពួកគាត់ក៏នឹងត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងស៊ីហ្គេមនាពេលខាងមុខផងដែរ។ សម្រាប់មន្រ្តីបច្ចេកទេសទាំង៣៧រូប មានតួនាទីក្នុងការរៀបចំកិច្ចការទូទៅនៃការប្រកួតកីឡាហុកគីក្នុងសាល។
 
លោក កាំង សុធា បញ្ជាក់ថា៖«យើងបណ្តុះបណ្តាលសម្រាប់ មុនស៊ីហ្គេមមកដល់គឺ National Game ហើយមន្រ្តីបច្ចេកទេសទាំងអស់គឺជាមន្រ្តីបច្ចេកទេសជាតិ(NTO)។ ជំហានដំបូងគឺគាត់រៀបចំការប្រកួតកីឡាហុកគី National Game បន្ទាប់មកទៀតប្រសិនបើការរៀបចំបានល្អគាត់នឹងត្រូវជ្រើសរើសជា NTO Sea Game»។
 
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ជាតិលើកទី៣ ឬNational Game នឹងមានក្លិបចំនួន៤ មកពីរាជធានី-ខេត្ត ចូលរួមប្រកួតក្នុងនោះមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ធំ និងក្រសួងមហាផ្ទៃ ដែលត្រូវលេងនៅលើវិញ្ញាសាហុកគីក្នុងសាល ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ នាខែវិឆ្ឆិកា ខាងមុខ៕
 
 

Tag:
 កីឡាហុកគី
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com