កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្រ្វិកខាងត្បូង នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Women World Cup 2027​
23, Sep 2022 , 10:19 pm        
រូបភាព
ប្រទេសអាហ្រ្វិកខាងត្បូង ​នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ 2027 FIFA Women’s World Cup ។ ពួកគេរំពឹងថា នឹងអាចពាំនាំយកព្រឹត្តិការណ៍នេះទៅកាន់តំបន់អាហ្រ្វិកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការផ្សាយកាសែត BBC Sports ។



ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ គឺជាប្រទេសទីមួយហើយ និងដំបូងគេបង្អោះនៅតំបន់អាហ្រ្វិក ដែលធ្លាប់បានរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស​ FIFA World Cup ក្នុងឆ្នាំ ២០១០។ កាលនោះប្រទេសអេស្ប៉ាញជាក្រុមគ្រងជើងឯក World Cup ដោយយកឈ្នះលើហូឡង់ ១-០។
 
«គណកម្មាធិការប្រតិបត្តិជាតិ (NEC) បានស្វែករកដំណោះស្រាយ ដោយយើងគួរតែដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារី Women’s World Cup នាឆ្នាំ ២០១៧។ ក្នុងនាមយើងជាផ្នែករដ្ឋបាលគ្រប់គ្រង យើងនឹងជូនដំណឹងទៅ ​FIFA ឱ្យបានត្រឹមត្រូវដើម្បីអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នារីនេះបាន។»។ លោក Tebogo Motlanthe ប្រធានសហព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូង (Safa) លើកឡើងបែបនេះ។
 
កាលពីខែកក្កដា ក្រុមជម្រើសជាតិនារីអាហ្រ្វិកខាងត្បូង បានក្លាយជាក្រុមជើងឯក ​African Champions ជាលើកដំបូងក្រោយពួកគេយកឈ្នះលើក្រុមជម្រើសជាតិនារីម៉ារុក ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត ​Women Africa Cup of Nations ក្នុងទីក្រុងរ៉ាបាតប្រទេសម៉ារុក។
 
មិនតែប៉ុណ្ណោះកាលពី ២ឆ្នាំមុន ហូឡង់ ប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ បានដាក់សំណើររួមគ្នាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Women’s World Cup ​2027 នេះ។ ប្រទេសទាំងបីមកដល់ពេលនេះនឹងត្រូវក្លាយជាគូប្រជែងជាមួយអាហ្រ្វិកខាងត្បូងសម្រាប់ការដេញថ្លៃនេះ។
 
ក្រោយការបង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃពីសំណាក់អាហ្រ្វិកខាងត្បូងពេលនេះ មានប្រទេស៤ផ្សេងទៀត ហើយដែលកំពុងដាក់ការដេញថ្លៃប្រជែងជាមួយប្រទេស អ៊ីស្លង់ និងកោះ Faroe។ ទន្ទឹមនឹងនេះ អាម៉េរិកក៏មានបំណងចង់ដេញថ្លៃដូចគ្នាចំពោះ ​Women’s World Cup 2027 ឬ 2031។
 
នាឆ្នាំ ២០២៣ ខាងមុខនេះប្រទេសអូស្ត្រាលី និងនូវែលស៊ីឡង់ នឹងត្រូវរៀបចំការប្រកួត Women’s World Cup និងជាការប្រកួត ​World Cup ស្រ្តីលើកដំបូងដែលមានក្រុមកើនឡើងពី ២៤ក្រុមឡើងដល់ ៣២លើកដំបូងក្នុងប្រវត្តិសាស្រ្ត FIFA៕
 

Tag:
 FIFA Women World Cup 2027
© រក្សាសិទ្ធិដោយ thmeythmey.com