កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុមសិទ្ធិមនុស្ស និង FA ចង់ឱ្យកម្មករធ្វើការនៅកាតាទទួលបានសំណង
26, Sep 2022 , 11:39 am        
រូបភាព
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International និង FairSquare ស្នើដៃគូរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអ្នកឧបត្ថម្ភ FIFA World Cup ឱ្យជំរុញស្ថាប័ន FIFA និងរដ្ឋាភិបាលកាតា ផ្តល់សំណងដល់ពលករចំណាកស្រុក ដែលរងទុក្ខអំឡុងពេលកាតារៀបចំប្រទេស ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។

 
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅមុនការប្រកួត World Cup មកដល់ ពោលប្រមាណ២ខែទៀត ក្រុមសិទ្ធិមនុស្សដែលចាត់តាំងដោយ Amnesty បានបើកការស្ទង់មតិលើអ្នកគាំទ្រជិត២ម៉ឺននាក់មកពី១៥ប្រទេស ដែល១០ប្រទេសមកពីអឺរ៉ុប បានគាំទ្រឱ្យ FIFA និងរដ្ឋាភិបាលកាតា ផ្តល់ប្រាក់សំណង់ដល់កម្មករធ្វើការនៅកាតា និងគ្រួសាររបស់ពលករចំណាកស្រុកដែលបានស្លាប់អំឡុងពេលបំពេញការងារនោះ។
 
ដើម្បីធ្វើឱ្យការផ្តល់សំណងនេះមានផ្លែផ្កា អង្គការឃ្លាំមើលសិទ្ធិមនុស្សទាំងនោះស្នើក្រុមហ៊ុនដៃគូសហការរបស់ FIFA និងអ្នកឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោកផ្សេងៗ ជំរុញស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក និងកាតាបន្ថែមផង។
 
ក្រៅពីនេះ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ក៏គាំទ្រឱ្យគ្រួសាររបស់ពលករចំណាកស្រុកនៅប្រទេសកាតាដែលរងរបួស ឬស្លាប់ពេលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ World Cup ទទួលបានសំណងផងដែរ។
 
កាល​ពី​ខែ​ឧសភា អង្គការ​លើកលែង​ទោស Amnesty  និង​ក្រុម​សិទ្ធិ​មនុស្ស​​បាន​អំពាវនាវ​ឲ្យ FIFA ត្រៀម​ថវិកា​ចំនួន ៤៤០ លាន​ដុល្លារ​សម្រាប់​សំណង​ខាងលើនេះ ។
 
ប្រទេសកាតារងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សជុំវិញការប្រព្រឹត្តរបស់ខ្លួនលើពលករចំណាកស្រុកដែលទៅធ្វើការជាកម្មករ អំឡុងកាតាសាងសង់កីឡដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមរៀបចំ World Cup ចុងឆ្នាំនេះ។ 
 
កតា បានចាប់ផ្តើមស្ថាបនាកីឡដ្ឋានថ្មីចំនួន៧ភ្លាមៗបន្ទាប់ពីពួកគេឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកកាលពីខែធ្នូ ឆ្នាំ២០១០។ មិនតែប៉ុណ្ណោះប្រទេសនេះ ក៏បានសាងសងអាកាសយានដ្ឋាន និងសណ្ឋាគាររាប់សិបកន្លែងនៅលើទីក្រុងថ្មីក្នុងនាមប្រទេសមជ្ឈិមបូព៌ាដំបូងបំផុតដែលទទួលភារកិច្ចរៀបចំកីឡាដ៏មានប្រជាប្រិយមួយនេះ។
 
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ កាតាបានប្រើកម្មករជាជនចំណាកស្រុកច្រើន ដែលរួមមានឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងស្រីលង្កាជាដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមសិទ្ធិមនុស្សរិះគន់កាតា ដោយសារប្រទេសនេះមិនគិតគូរពីសុវត្ថិភាព សុខុមាលភាពរបស់កម្មករទាំងនោះឡើយ។
 
យោងតាមការផ្សាយរបស់កាសែត The Guardian ហោចណាស់មានកម្មករសំណង់ចំណាកស្រុករជាង៦ពាន់នាក់បានស្លាប់ អំឡុងពេលបំពេញការងារជាកម្មករក្នុងប្រទេសកាតា ក្នុងរយៈពេល១០ចុងក្រោយនេះ៕
 

Tag:
 FIFA
  Amnesty
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com