រថយន្ត
អន្តរជាតិ
អាម៉េរិកទម្លាក់​កញ្ចប់ថវិកា​​សម្រាប់ទីតាំងសាកចរន្ត​រថយន្តអគ្គិសនីនៅ​៣៥រដ្ឋដំបូង
26, Sep 2022 , 8:19 am        
រូបភាព
ដោយ: ធីតា
ប្រធានាធិបតី​​អាម៉េរិក​ បាន​ប្រកាស​ពីកញ្ចប់​ថវិកា​៩០០លាន​ដុល្លារសម្រាប់​ការ​សាងសង់​បណ្តាញ​ទីតាំង​បញ្ចូល​ចរន្ត​រថយន្តអគ្គិសនី (EVs) នៅ​រដ្ឋ​ចំនួន​៣៥ ដែលជាជំហាន​ដំបូង។ យោងតាម​ការ​ផ្សាយ​របស់ VOA នេះ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទៅ​មុខ​ប្រកប​ដោយ​មហិច្ឆតា​របស់​រដ្ឋបាល​របស់​លោក​លោក ចូ បៃឌិន ដើម្បី​ឲ្យ​​មាន​រថយន្ត​ដែល​ដាក់​លក់​នៅ​សហរដ្ឋអាម៉េរិក​​ចំនួន៥០ភាគរយ ជា​រថយន្ត​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ២០៣០ ខាង​មុខ។

 
ច្បាប់ហេដ្ឋារចនា​សម្ព័ន្ធ (Bipartisan Infrastructure Law) មាន​កញ្ចប់​ថវិកា ៧,៥ពាន់លាន​ដុល្លារសម្រាប់​ការសាង​សង់​បណ្តាញទីតាំងសាក​ចរន្ត​រថយន្តអគ្គិសនី នៅទូទាំង​ប្រទេស​។ ច្បាប់​នេះ​ក៏​មាន​ការ​ផ្ដល់​ថវិកា​ចំនួន៧ ពាន់​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​ការ​ធានា​ឱ្យ​មាន​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រ៉ែ​សំខាន់ៗ​សម្រាប់​ការ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី និង​ថវិកា​ចំនួន ១០ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ចរាចរណ៍​ធ្វើ​ដំណើរ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​និង​សម្រាប់​រថយន្ត​ដឹក​សិស្ស។
 
«ខ្ញុំរីករាយ​សូមប្រកាស​ថា យើង​អនុម័តកញ្ចប់​ថវិកា​សម្រាប់រដ្ឋ​៣៥ដំបូង រួមទាំង Michigan លើការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​បញ្ចូល​ចរន្ត​នៅទូទាំង​រដ្ឋទាំងនោះ»។ លោក បៃឌិន បាន​បញ្ជាក់យ៉ាង​ដូច្នេះ នាអំឡុង​នៃព្រឹត្តិការណ៍ Detroit Auto Show ដោយឈរពីមុខ​រថយន្ត​អគ្គិសនី ដែលត្រូវបាន​ដាក់​តាំង ក្នុង​រដ្ឋ Michigan។
 
លោកបៃឌិន ដែល​ធ្លាប់​ប្រកាស​ខ្លួន​លោក​ថា​ជា «អ្នក​ចូលចិត្ត​រថយន្ត» (car guy) ត្រូវ​បាន​គេ​បង្ហាញ​ជូន​លោក​នូវ​គំរូ​រថយន្ត​អគ្គិសនី​ថ្មី​ចុងក្រោយ​បង្អស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Stellantis ហើយ​លោក​បាន​សាក​បើក​រថយន្ត LYRIQ SUV របស់​ក្រុមហ៊ុន Cadillac នៅ​ជុំវិញ​កន្លែង​តាំង​ពិព័រណ៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com