ជាតិ
សង្គមជាតិ
ពលរដ្ឋជាង៨ពាន់គ្រួសារ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប
27, Sep 2022 , 2:52 pm        
រូបភាព
ក្រុមគ្រួពេទ្យកំពុងដឹកអ្នកជំងឺនៅព្យាបាលនៅទីតាំងថ្មី ក្រោយទឹកលិចមណ្ឌលសុខភាពស្រុកអង្គរជុំ។​
ក្រុមគ្រួពេទ្យកំពុងដឹកអ្នកជំងឺនៅព្យាបាលនៅទីតាំងថ្មី ក្រោយទឹកលិចមណ្ឌលសុខភាពស្រុកអង្គរជុំ។​
 
សៀមរាប៖ ស្រុកចំនួន៩ ក្នុងចំណោមស្រុកទាំង១២នៃខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ទឹកជំនន់នេះ បង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៨ពាន់គ្រួសារ រួមទាំងហេដ្ឋារចនាសម្ពន្ធច្រើនកន្លែង និងដំណាំកសិកម្ម រាប់សិបហិកតា រងការបំផ្លាញ ផងដែរ។



ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលកើតពីភាគខាងកើតប្រទេសហ្វីលីពីន ធ្វើឱ្យកម្ពុជារងសម្ពាបទាប និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងប្រទេស និងបង្កជាជំនន់ទឹកភ្លៀងតាមបណ្ដាខេត្តក្រុងមួយចំនួន។ ខេត្តសៀមរាប ក៏រងឥទ្ធិពលនេះដែរ ហើយបង្កឱ្យស្រុកចំនួន៩ ជន់លិចដោយសារជំនន់ទឹកភ្លៀង។

របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការគ្រប់គ្រងគ្រោះមហន្តរាយ ពីរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ កញ្ញា ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប​ បានកើតឡើងនៅក្នុងស្រុកចំនួន៩ ដែលហូរចុះពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងនោះមានពលរដ្ឋ ៨,៤៤៤គ្រួសារ ដែលរស់នៅ ក្នុងចំនួន២៤៥ភូមិ នៃឃុំចំនួន៥៦ នៃស្រុកទាំង៩នោះ កំពុងរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។  ស្រុកដែលកំពុងរងគ្រោះពីជំនន់ទឹកភ្លៀងនោះមាន ស្រុកស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម ប្រាសាទបាគង និងអង្គរធំ។

រដ្ឋបាលខេត្តសៀមរាបបានរៀបរាប់ថា គិតត្រឹមថ្ងៃទី២៤កញ្ញា ឆ្នាំ២០២២ បរិវេណផ្ទះរបស់ពលរដ្ឋជិត៦ពាន់ខ្នង កំពុងជន់លិចក្នុងកម្រិតស្រាល ខណៈ២៩ខ្នងទៀត ត្រូវបានជន់លិចក្នុងកម្រិតធ្ងន់។  ជាមួយគ្នានេះ សាលារៀន ៧៣កន្លែង, បរិវេណមណ្ឌលសុខភាព៦កន្លែង, អាគាររដ្ឋបាលឃុំ ប៉ុស្ដិ៍រដ្ឋបាល ១៨កន្លែង, បរិវេណវត្ត ១៦កន្លែង និងផ្សារ២ កន្លែង ក៏ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ផងដែរ។

ក្រៅពីនេះ ផ្លូវសរុបជាង ១៤៦គីឡូម៉ែត្រ ត្រូវបានជន់លិច និងខូចខាតប្រវែងជិត ៤គីឡូម៉ែត្រ។ល។ ក្នុងនោះក៏មានការជន់លិចស្ពាន និងខូចខាតមួយផ្នែក។ ជំនន់ទឹកភ្លៀងនេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ស្រូវពង្រោះ ជាង២,៧ម៉ឺនហិកតា និងដំឡូងមី ជាង៤ពាន់ហិកតា ផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនេះ ដូចជាចរន្តអគ្គិសនី សត្វអសិរពឹស និងបង្ការកុមារកុំឱ្យលេងទឹកជាដើម និងបានឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បង្វែររំដោះទឹកតាមតំបន់នីមួយៗជាដើម។ល៕


Tag:
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com