សេដ្ឋកិច្ច
អន្តរជាតិ
ធនាគារពិភពលោកព្រមានពីការចុះខ្សោយនៃសេដ្ឋកិច្ចក្នុងតំបន់ ខណៈសេដ្ឋកិច្ចចិនធ្លាក់ចុះ
28, Sep 2022 , 5:59 pm        
រូបភាព
កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនបានស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំ២០២២ ខណៈចិនបានបាត់បង់សន្ទុះសេដ្ឋកិច្ចខ្លួន ដោយសារតែការបន្តវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់ អាចចុះខ្សោយវិញ ដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ នេះបើតាមធនាគារពិភពលោក។



ប្រទេសចិន ដែលពីមុននេះ ធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករថានឹងទទួលបានកំណើនត្រឹម ២,៨ភាគរយប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១ភាគរយ ក្នុងឆ្នាំ២០២១។ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២ភាគរយ នៅក្នុងឆ្នាំនេះ ពោលគឺធ្លាក់ចុះពី​ ៧,២ភាគរយ ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦ភាគរយវិញ នៅឆ្នាំ ២០២៣។ នេះបើតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update)។ 
 
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឱ្យដឹងថា៖ «សេដ្ឋកិច្ច​កំពុងតែស្តារស្ថានភាពឡើងវិញហើយ ​នៅ​ក្នុង​ប្រទេសភាគច្រើន​នៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ទន្ទឹមគ្នា​នឹង​ការត្រៀមខ្លួន​សម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោល​នយោបាយ​អន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ»។
 
បើតាមរបាយការណ៍ខាងលើ កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនសម្រេចបានអាស្រ័យដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ច​មានទំហំប្រហែល ៨៦ភាគរយនៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលបង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។
 
ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ចាប់​ផ្តើមធ្វើឱ្យមានការធ្លាក់ចុះនូវ​តម្រូវ​កា​រ ​សម្រាប់​ការ​នាំ​ចេញ​នៅក្នុងតំបន់ ដូចជាវត្ថុធាតុដើម ​និង​ទំនិញរោងចក្រ។ ការកើនឡើងអតិផរណានៅបរទេស បានរុញអត្រាការប្រាក់ឡើងដែរ ដែលជាហេតុធ្វើឱ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះបានបង្កើនបន្ទុកដល់សេវាទូទាត់បំណុល និងបង្រួញលំហសារពើពន្ធ ហើយបង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់ នៅពេលជំងឺរាតត្បាតមកដល់។ នេះបើតាមរបាយការណ៍ដដែល។
 
លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិកនៃធនាគារពិភពលោក បានឱ្យដឹងថា អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងភាពដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណា និងការធ្វើអន្តរាគមន៍ដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញ។ 
 
«វិធានការគ្រប់គ្រងថ្លៃ​និង​ការឧបត្ថម្ភធន បានធ្វើឱ្យព័ត៌មានអំពីថ្លៃទំនិញ មានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះការមានគោលនយោបាយកាន់តែប្រសើរសម្រាប់ស្បៀងអាហារ ឥន្ធនៈ ហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង»។ នេះបើតាមលោក Aaditya Mattoo ៕  
 
 

Tag:
 ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com