ជាតិ
«ខ្មោចទន្លេមេគង្គ» ត្រូវបានរកឃើញក្នុងទន្លេមេគង្គកម្ពុជា ក្រោយបាត់វត្តមានជាង១៨ឆ្នាំ
29, Sep 2022 , 10:59 am        
រូបភាព
រូបពីអច្ឆរិយភាពនៃទន្លេមេគង្គ
រូបពីអច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ៖ ចៀន និតា

ភ្នំពេញ៖ ត្រីប៉ាសាណាក ឬ «ខ្មោចទន្លេមេគង្គ» ដែលរងការគំរាមកំហែងខ្លាំងបំផុតលើពិភពលោក ត្រូវបានរកឃើញជាថ្មី នៅភាគខាងជើង​ប្រទេសកម្ពុជា បន្ទាប់ពីបាត់វត្តមានជាង១៨ឆ្នាំ។ នេះបើតាមក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។


 
ត្រីប៉ាសាណាកពេញវ័យ (Aaptosyax grypus) មិនធ្លាប់ត្រូវបានកត់ត្រាជាផ្លូវការឡើយ ចាប់តាំងពីឆ្នាំ២០០៤។ ប៉ុន្តែនៅដើមឆ្នាំនេះ សំណាកត្រីទម្ងន់ប្រមាណ៦គីឡូក្រាម ត្រូវបានប្រទះឃើញនៅផ្សារត្រីមួយកន្លែងស្ថិតនៅតាមដងទន្លេមេគង្គ ដែលជាប្រព័ន្ធទន្លេតែមួយគត់ ដែលប្រភេទត្រីនេះរស់នៅ។
 
បើតាមគម្រោងអច្ឆរិនៃទន្លេមេគង្គ ត្រីប៉ាសាណាល ជាប្រភេទត្រីដែលរងការគំរាមកំហែងខ្លាំងបំផុតលើពិភពលោក ហើយ​ត្រូវ​បានគេចាត់ជា​ប្រភេទ​ ​កំពុងរងគ្រោះថ្នាក់ឈានទៅរកការជិតផុតពូជ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN។ 
 
លោក ហូហ្គេន ជីវៈវិទូមច្ឆជាតិ នៃសកលវិទ្យាល័យណេវ៉ាដា រដ្ឋរ៉េណូ និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ បាននិយាយថា ការបង្ហាញខ្លួនរបស់ត្រីប្រភេទនេះ វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជួយការពារ និង អភិរក្សជីវិតរបស់ពួកវា ដើម្បីរក្សាសុវត្ថិភាពនៃអច្ឆរិយទន្លេមេគង្គដែលជាជម្រកដ៏សំខាន់ក្នុងការបន្តពូជ និងបង្កើនចំនួនត្រីប្រភេទនេះ នៅក្នុងធម្មជាតិ។ 
 
លោក ហូហ្គេន ជីវៈវិទូមច្ឆជាតិ រូបនេះ ពោលដូច្នេះ៖ « ឆ្នាំនេះ គឺជាឆ្នាំទទួលបាននូវភាពភ្ញាក់ផ្អើលដ៏សម្បើមរបស់វត្តមានសត្វព្រៃរស់នៅតាមដងទន្លេមេគង្គ។ ប៉ុន្តែល្បែងមួយមួយនេះនៅមិនទាន់ចប់ទេ ហើយភាពជោគជ័យនៃការអភិរក្សជីវៈចម្រុះ ក៏នៅសែនឆ្ងាយផងដែរ» ។ 
 
 
អ្នកស្រី ជា សីលា អ្នកគ្រប់្រគ្រងម្រោងអច្ឆរិយភាពនៃទន្លេមេគង្គលើកឡើងថា ការរកឃើញវត្តមានជីវ:ចម្រុះ គឺជាលទ្ធផលនៃការផ្សព្វផ្សាយដល់ប្រជាជនក្នុងតំបន់ ដែលភាគច្រើនមានចំណេះដឹងជ្រៅជ្រះអំពីទន្លេ និងពឹងផ្អែកលើទន្លេ និងសត្វព្រៃផ្សេងៗដែលរស់នៅក្នុងទន្លេ។
 
ត្រីប៉ាសាណាក ដែលគេហៅថា «ខ្មោចទន្លេមេគង្គ»នេះ គេអាចសម្គាល់ត្រង់ផ្អែកលើថ្ពាមកោង​យ៉ាងមុត ឆ្នូតពណ៌លឿងនៅលើក្បាល និងរាងមូលត្រវែងស្រដៀងទៅនឹងត្រីសាម៉ុន។ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់ពិនិត្យ DNA ត្រីដែលងាប់ ដើម្បីបង្កើតជាឧបករណ៍ផ្សេងៗ សម្រាប់សិក្សាពីរបាយនៃត្រីប៉ាសាណាក ដែលអាចដាក់ស្លាកសញ្ញាបាន និងលែងទៅវិញ សម្រាប់ការសិក្សាបន្តទៀត ។ នេះបើតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ៕
 
 
 
 

Tag:
 គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
  ត្រីប៉ាសាណាក
 
© រក្សាសិទ្ធិដោយ thmeythmey.com