ជាតិ
សង្គមជាតិ
ក្រសួង យកច្បាប់មកដាស់តឿនពលរដ្ឋថា ត្រូវទទួលខុសត្រូវ បើលែងសត្វឲ្យឆ្លងកាត់ផ្លូវល្បឿនលឿន ហើយបង្កគ្រោះថ្នាក់
29, Sep 2022 , 7:29 pm        
រូបភាព
រូបពីក្រសួងសាធារណការ
រូបពីក្រសួងសាធារណការ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមពលរដ្ឋមិនឲ្យលែងសត្វ ដើរឆ្លងកាត់ផ្លូវល្បឿនលឿនដាច់ខាត ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍។



តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩កញ្ញានេះ ក្រសួងសាធារណការ ហាមដាច់ខាត មិនពលរដ្ឋ លែងសត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ ដើរលើផ្លូវឬឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈផ្លូវនេះនឹងបើកឲ្យដំណើរការសាកល្បងនៅដើមខែតុលា។ ជាមួយគ្នាដែរ ក្រសួងបានក្រើនរំលឹក ដល់ពលរដ្ឋឲ្យចូលរួមសហការ និងគ្រប់គ្រងសត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរឬឆ្លងកាត់ផ្លូវ។

ក្រសួងសាធារណការ បានលើកយកមាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី មកដាស់តឿនពលរដ្ឋថា ករណីមានគ្រោះថ្នាក់ចរាចរណ៍ និងខូចខាតទ្រព្យសម្បត្តិ បង្កដោយសត្វចិញ្ចឹម ម្ចាស់សត្វនោះ នឹងទទួលខុសត្រូវបង់សងការខូចខាតដល់អ្នករងគ្រោះ។ ក្រសួង នៅបានច្បិចយកមាត្រា៣៣នៃច្បាប់ចរាចរណ៍ផ្លូវគោក មកបង្ហាញបន្ថែមថា ពលរដ្ឋ មិនអាចលែងសត្វនៅតាមដងផ្លូវឡើយ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿន។ ផ្លូវល្បឿនលឿន មានរបងសុវត្ថិភាព ដែលការពារមិនឱ្យមានការឆ្លងកាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ ប៉ុន្តែ កន្លងមក របងនេះ ត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗផងដែរ៕

Tag:
 ផ្លូវល្បឿនលឿន
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com