កីឡាអន្តរជាតិ
អន្តរជាតិ
​World Cup 2022៖ ដាណឺម៉ាក នឹងពាក់អាវប្រកួត ដែលបង្ហាញពីការតវ៉ានៅកាតា
30, Sep 2022 , 8:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាក នឹងពាក់អាវមានឈ្មោះថា (Toned Down) នៅព្រឹត្តិការណ៍ World Cup 2022 ដើម្បីបង្ហាញពីការគាំទ្រការតវ៉ារបស់ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសកាតា។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា ​Hummel នៅថ្ងៃទី២៨ ខែកញ្ញា។ ក្រុមសិទ្ធិមនុស្ស ចោទម្ចាស់ផ្ទះកាតាថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែអ្នករៀបចំកម្មវិធី ​World Cup កាតាបដិសេធ។

 
បើតាមការអះអាងក្រុមហ៊ុន Hummel ដែលបានរចនាឈុតសម្លៀកបំពក់សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនៅ World Cup បានបន្ថែមព័ត៌មាននៅលើអាវក្នុងន័យប្រយុទ្ធប្រឆាំងតវ៉ាការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកាតា។
 
ក្រុមហ៊ុនផលិតសម្ភារកីឡាមួយនេះ ក៏បានផលិតអាវឈុតទី៣ ឱ្យក្រុមដាណឺម៉ាកដែលមានពណ៍ខ្មៅ បញ្ជាក់ពីការចូលរួមកាន់ទុក្ខចំពោះកម្មករសាងសងកីឡដ្ឋានដែលបានបាត់បង់ជីវិតអំឡុងពេលបំពេញការងារក្នុងប្រទេសកាតាផងដែរ។
 
«យើងមិនចង់បង្ហាញភាពអស្ចារ្យអ្វីឡើ យក្នុងការប្រកួតដែលស្ថិតក្នុងប្រទេសដែលឆក់យកអាយុជីវិតមនុស្សរាប់ពាន់នាក់»។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Hummel លើ Instagram ដោយបន្ថែមថាព័ត៌មាននៅលើអាវក្រុមដាណឺម៉ាក់គឺដើម្បីចង់ផ្ញើសារទាក់ទងទៅនឹងបញ្ហាកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់ក្នុងប្រទេសកាតា លើកម្មករសាងសង់កីឡដ្ឋានរាប់ពាន់នាក់ដើម្បីពួកគេរៀបចំ ​World Cup។ 
 
ក្រោយមានការបង្ហាញអាវថ្មីរបស់ក្រុមដាណឺម៉ាកពីសំណាក់ក្រុមហ៊ុន Hummel ដែលលាយលំជាមួយសាររិះគន់ទៅកាន់ការរៀបចំ ​World Cup របស់ប្រទេសកាតាផងនោះ មិនបានប៉ុន្មានម៉ោងអ្នករៀបចំកម្មវិធី ​World Cup នៅកាតា បានចេញសេចក្តីថ្លែងការណ៍បដិសេធ។ 
 
«យើងបានបើកការសន្ទនាជាមួយសហព័ន្ធបាល់ទាត់ដាណឺម៉ាក (DBU) ហើយកិច្ចសន្ទនាទាំងនោះបានធ្វើឱ្យភាគីទាំងសងខាងបានយល់កាន់តែច្បាស់ពីវឌ្ឍនភាពដែលបានកើតឡើយ បញ្ហាប្រឈមដែលបានជួបប្រទះ។ យើងក៏សូមបដិសេធចំពោះការនិយាយបំភាន់ ថាយើងមិនបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការការពារសុខភាពកម្មករជាង ៣០០០០នាក់ ដែលធ្វើការក្នុងគម្រោងសាងសង់កីឡដ្ឋាន World Cup នេះ។»។ នេះបើតាមសម្តីអ្នកនាំពាក្យ គណៈកម្មាធិការកំពូលផ្នែកដឹកជញ្ជូន និងកេរដំណែលរបស់កាតា (SC) និងជាអ្នករៀបចំកម្មវិធី World Cup។
 
បើតាមការអះអាងពីអ្នកនាំពាក្យ SC ដដែលនោះ យ៉ាងហោចណាស់កម្មករចំនួន ១៥០,០០០នាក់ពេលបច្ចុប្បន្នកំពុងបំពេញសេវាកម្មការងារក្នុងប្រទេសកាតាសម្រាប់ការប្រកួត World Cup និង ៤០០០០នាក់កំពុងធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យកាតាក៏បានបដិសេធចំពោះរបាយការណ៍ដែលចោទប្រកាន់ដោយអង្គការលើកលែងទោសអន្តរជាតិថា កម្មករចំណាក់ស្រុករាប់ពាន់នាក់ត្រូវបានរងការកេងប្រវ័ញ្ចក្នុងប្រទេសខ្លួន។
 
សូមជម្រាបថាមិនមែនត្រឹមតែដាណឺម៉ាកឡើយដែលបានរិះគន់ នឹងចូលរួមទាមទារការស្វែងរកដំណោះស្រាយចំពោះបញ្ហាសិទ្ធិមនុស្សលើកម្មករចំណាកស្រុកសាងសង់កីឡដ្ឋាននៅប្រទេសកាតា ប្រទេសអង់គ្លេស អាល្លឺម៉ង់ ក្រុមខ្លាំងៗផ្សេងទៀតតំបន់អឺរ៉ុប ក៏ដូចជាអង្គការឃ្លាំងមើលសិទ្ធិមនុស្ស អង្គការលើកលែកទោសអន្តរជាតិ សុទ្ធតែជាស្ថាប័ន និងក្រុមដែលបានធ្វើយុទ្ធនាការទាមទាការដោះស្រាយលើបញ្ហាប្រឈមក្នុងប្រទេសកាតា មុន World Cup មកដល់៕
 
 
 
 
 
 
 

Tag:
 World Cup 2022
  Denmark
© រក្សាសិទ្ធិដោយ thmeythmey.com