កីឡាជាតិ
ជាតិ
CPL៖ វិសាខា និងបឹងកេត តាមពិន្ទុព្រះខ័នរាជស្វាយរៀង ខណៈការប្រកួតនៅសល់៣សប្តាហ៍ទៀត ការលោតតែតប្រជែងបាល់រវាងខ្សែប្រយុទ្ធព្រះខ័នរាជ Haber(ខៀវ) និងក្រុមភ្នំពេញក្រោន(ក្រហម) នាពេលកន្លងទៅ។ រូបពី CPL
× បឹងកេត នឹងត្រូវទទួលភ្ញៀវអង្គរថាយហ្គឺរ មុនវិសាខា ទៅសួរសុខទុក្ខភ្នំពេញក្រោនក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL) សម្រាប់ជំនួបសប្តាហ៍ទី១៨។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ទទួលព្រះខ័នរាជស្វាយរៀង ស្របពេលណាហ្គាវើលដ៍ បើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនលើកដំបូង ទទួលគីរីវង់សុខសែនជ័យ។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៣:៤៥នាទីរសៀល ថ្ងៃទី១ ខែតុលាតទៅ។
បឹងកេត ដែលត្រូវការឈ្នះជាចាំបាញ់ដើម្បីប្រជែងពានជាមួយព្រះខ័នរាជស្វាយរៀងរដូវនេះ ត្រូវបើកទ្វារកីឡដ្ឋានខេមបូឌៀអ៊ែរវ៉េ ទទួលអង្គរថាយហ្គឺរ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៥លើក ក្នុងនោះបឹងកេត ឈ្នះ១ ចាញ់១ និងស្មើ៣ ប្រកួតចុងក្រោយបឹងកេត ស្មើថាយហ្គឺរ ០-០។ ចំណែកថាយហ្គឺរ ចាញ់ក្រោន៤-១ នាជំនួបចុងក្រោយរបស់គេ។
កីឡាករក្រុមវិសាខា អបអរក្រោយស៊ុតបាល់បញ្ចូលទីម្ចាស់ផ្ទះព្រះខ័នរាជ នាសប្តាហ៍ទី១៤។ រូបពី CPL
មិនខុសពីបឹងកេត ក្រុមវិសាខាដែលស្ថិតនៅចំណាត់ថ្នាក់ទី២ នឹងធ្វើដំណើរទៅទឹកដីស្មាត អ អេស អិន ដើម្បីទាមទារពិន្ទុពីម្ចាស់ផ្ទះភ្នំពេញក្រោន។ សម្រាប់ក្រុមទាំងពីរ មានប្រវត្តិជួបគ្នា៨លើកក្នុងនោះ វិសាខា ឈ្នះ២ ចាញ់១ និងស្មើ៥។ វិសាខា ប្រកួតចុងក្រោយឈ្នះ គីរីវង់សុខសែនជ័យ ៦-១ ចំណែកសឹង្ហក្រហមក្រោន លត់ខ្លាសៀមរាបថាយហ្គឺរ ៤-១។
ងាកមកក្រុមកំពូលតារាងឯណោះវិញ ព្រះខ័នរាជស្វាយរៀង ក៏នឹងត្រូវធ្វើការធ្ងន់នៅលើទឹកដីស្តាតចាស់ដោយប៉ះក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ(ទ័ព)។ ជួបគ្នា៨លើក ព្រះខ័នរាជ ពុំដែលស្គាល់ពាក្យចាញ់ឡើយពោល ឈ្នះ៧ និងស្មើ១។ ព្រះខ័នរាជ ចុងក្រោយប្រកួតស្មើ បឹងកេត ២-២ ចំណែកទ័ព ស្មើណាហ្គាវើដល៍ ១-១។
ក្នុងពេលជាមួយគ្នានោះដែរ កីឡដ្ឋានខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ ក៏នឹងត្រូវបើកទ្វារលើកដំបូងសម្រាប់ជំនួបទល់នឹង ភ្ញៀវគីរីវង់សុខសែនជ័យ ផងដែរ។ ណាហ្គា គេពុំដែលចាញ់ គីរីវង់ឡើយ នាជំនួប៥ប្រកួតកន្លងមកពោល ឈ្នះ៤ និងស្មើ១។ ប្រកួតចុងក្រោយណាហ្គា ស្មើទ័ព ១-១ រីឯគីរីវង់ ចាញ់វិសាខា ៦-១។
គិតត្រឹមសប្តាហ៍ទី១៨ វិសាខា មាន៣៤ពិន្ទុ និងបឹងកេត មាន៣១ពិន្ទុ កំពុងត្រូវការឈ្នះជាខ្លាំងដើម្បីប្រជែងតំណែងកំពូលតារាងពីក្រុមព្រះខ័នរាជស្វាយរៀង ដែលបច្ចុប្បន្នមាន៣៩ពិន្ទុឈរលេខ១។ ការប្រកួតនៅសល់ត្រឹម៣សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីកាត់សេចក្តី ថាក្រុមណាជាម្ចាស់ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២២នេះ៕
Tag:
កីឡាបាល់ទាត់
ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com