កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖លោក Carlos Cesar មិនពេញចិត្តការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្រោយថៃ ស្មើកូវ៉ែត
30, Sep 2022 , 10:13 am        
រូបភាព
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Carlos Cesar ប្រតិកម្មចំពោះអាជ្ញាកណ្ដាលក្នុងជំនួបរវាងថៃ និងកូវ៉ែត។ រូបពី Thai Futsal
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Carlos Cesar ប្រតិកម្មចំពោះអាជ្ញាកណ្ដាលក្នុងជំនួបរវាងថៃ និងកូវ៉ែត។ រូបពី Thai Futsal
ដោយ:
គ្រូជម្រើសជាតិថៃ មិនពេញចិត្តការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងជំនួបជាមួយកូវ៉ែត នៃពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលាន Saad Al Abdullah Hall កាលពីថ្ងៃទី២៩ ខែកញ្ញា ។ ថៃ បានត្រឹមលទ្ធផលស្មើកូវ៉ែត ២-២។


«វាជាការប្រកួតរបស់ក្រុមមកពីអារ៉ាប់ ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាត្រូវយកអាជ្ញាកណ្តាលអារ៉ាប់ទាំងពីរឱ្យកាត់សេចក្តីនៅទីលាន។ ក្រុមទាំងពីរមានការប្រកួតដ៏ល្អដូចគ្នា កូវ៉ែតក៏ល្អ ដូច្នេះយើងល្អដូចគ្នា តែក្រុមរបស់យើងបែរជាកម្រិតឱ្យលេងបែបតឹងតែង ហើយយើងចាំបាច់ត្រូវលេងយ៉ាងប្រុងប្រយ័ត្នដោយសារតែការសម្រេចរបស់អាជ្ញាកណ្តាល»។ លោក Caslos Cesar លើកឡើងដូច្នេះក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងម្ចាស់ផ្ទះកូវ៉ែត ។


 ការប្រជែងបាល់រវាងកីឡាករកូវ៉ែត(ស) និងកីឡាករថៃ(ខៀវ)។ រូបពី Thai Futsal
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Cesar បានប្រតិកម្មចំពោះការកាត់សេចក្តីរបស់លោក Husain Al Bahhar ជនជាតិបារ៉ែន ដែលជាអាជ្ញាកណ្តាលនៅលើទីលាន ក្រោយមើលឃើញថា មានភាពលម្អៀងក្នុងការប្រកួតនេះ។ 
 
សម្រាប់ការប្រកួតនេះ ក្នុងវគ្គទី១ នៅនាទី៧ ថៃនាំមុខមុន១គ្រាប់ដែលបញ្ចប់ទីដោយខ្សែប្រយុទ្ធ Sarawut Phalapruek ហើយនៅនាទី១៩ កូវ៉ែត តាមបានស្មើ ១-១ ដែលរកបានដោយខ្សែប្រយុទ្ធ Saleh Alfadhel។ ចូលដល់វគ្គទី២ នាទី២៨ កូវ៉ែត រកបានគ្រាប់ទី២ ក្រោយការស៊ុតជើងស្តាំរបស់ខ្សែប្រយុទ្ធ Abdulaziz Al Basam នាំមុខថៃ ២-១ បណ្តោះអាសន្ន ។ ថៃព្យាយាមសង្គ្រប់រហូតទម្លាយសំណាញ់ទីម្ចាស់ផ្ទះបានគ្រាប់ស្មើ ២-២ ដែលជាការលេងដ៏ល្អចេញពី Warut បញ្ជូនឱ្យ Samal ហើយ Krit Aransanyalak ជាអ្នកបញ្ចប់ទី នៅនាទី៣៦។
 
បញ្ចប់ការប្រកួតក្រុមទាំងពីរទទួលបានម្នាក់១ពិន្ទុ។ ចំណែកអ៊ីរ៉ាក់ យកបាន៣ពិន្ទុពីអូម៉ង់ បន្ទាប់ពីលត់៥-០ ក្នុងជុំទី២នេះ។ ខ្សែប្រយុទ្ធអ៊ីរ៉ាក់ Salim Faisal រកបាន៣គ្រាប់(៣,៣២,៣៥)ខ្សែការពារ Abdulhadi រកបាននៅនាទី៤ និងខ្សែបម្រើ Ghaith Riyadh ធ្វើបាននៅនាទី១៤។ បញ្ចប់ការប្រកួតពូល A កូវ៉ែត ឈរលេខ១ មាន៤ពិន្ទុស្មើថៃ ឈរលេខ២ ចាញ់ផលសងគ្រាប់បាល់ លេខ៣ អ៊ីរ៉ាក់ មាន៣ពិន្ទុ និងអូម៉ង់ ឈរលេខ៤។
 
ដោយឡែកពូល B តួកម៉េនីស្ថាន ស្មើបារ៉ែន ៤-៤។ តួកម៉េនីស្ថាន សម្រេចទីបានដោយខ្សែប្រយុទ្ធ Sahedow ៤គ្រាប់ម្នាក់ឯង(១៣,១៤,១៩,២៦) ខណៈបារ៉ែន រកបានដោយកីឡាករ Antar(១០), Abdulla(១៣), Yusuf(២៦), Al-Sandi(៤០)។
 
អ៊ូសបេគីស្ថាន ដណ្តើមបាន៣ពិន្ទុពីក្រុមតាហ្ស៊ីគីស្ថាន ដែលបញ្ចប់ក្នុងលទ្ធផល ៣-២។ ៣គ្រាប់របស់ អ៊ូសបេគីស្ថាន រកបានដោយកីឡាករ Tolkinov(៣), Nishonov(៧), A.Rakhmatov (១៩) និងតាហ្ស៊ីគីស្ថាន ធ្វើបានដោយខ្សែប្រយុទ្ធ Sardorov (៤,៣៨)។ បញ្ចប់ការប្រកួតពូល B អ៊ូសបេគីស្ថាន ឈរលេខ១ មាន៦ពិន្ទុ ,លេខ២ តាហ្ស៊ីគីស្ថាន មាន៣ពិន្ទុ តាមពីក្រោយដោយ បារ៉ែន និងតួកម៉េនីស្ថាន មានម្នាក់១ពិន្ទុ៕
 
 
 
 
 
 
 
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com