ជាតិ
ឈ្លូសយក្សទម្ងន់៣០គីឡូក្រាមត្រូវបានលែងចូលព្រៃវិញ បន្ទាប់ពីជួយសង្គ្រោះនៅស្រុកកែវសីមា
30, Sep 2022 , 6:59 pm        
រូបភាព
រូបភាពសត្វឈ្លូសឈ្មោល រត់ចេញពីព្រៃចូលផ្ទះអ្នកភូមិ ក្នុងស្រុកកែវសីមា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ( រួបភាពដោយ លោក ហាន សាខន)
រូបភាពសត្វឈ្លូសឈ្មោល រត់ចេញពីព្រៃចូលផ្ទះអ្នកភូមិ ក្នុងស្រុកកែវសីមា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ( រួបភាពដោយ លោក ហាន សាខន)
ដោយ:
ភ្នំពេញ៖ សត្វឈ្លូសយក្សមានអាយុ៥ឆ្នាំ ដែលបានរត់ចូលផ្ទះអ្នកភូមិ នៅក្នុងកែវសីមា កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ត្រូវបានសង្គ្រោះ និងលែងចូលព្រៃធម្មជាតិវិញបន្ទាប់ពីពិនិត្យឃើញថា មិនមានរបួស ឬស្លាកស្នាម​។ លោក ហាន សាខន នាយកដែនជម្រកសត្វព្រៃកែវសីមាថា នេះជាសញ្ញាល្អមួយដែលពលរដ្ឋបានយល់ដឹង និងចូលរួមដល់ការអភិរក្សសត្វរួមជាមួយមន្ត្រីជំនាញ។



សត្វ​«​ឈ្លូស​យក្ស​»​ជា​ភាសា​បច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​លើ​ពិភពលោក។ សត្វនេះ ត្រូវបានចាត់ចូលក្នុង​បញ្ជី​ក្រហម​របស់ IUCN។ ឈ្លូសយក្សត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជិត ៣០ឆ្នាំ។​ គិតចាប់តាំងពី​ពេលដែល​អ្នកជំនាញ​បាន​រកឃើញ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៤​ក្នុងប្រទេស​វៀតណាម និង​ឡាវ​នៅតាម​ជួរ​ភ្នំ​អាណា​ម ​លាតសន្ធឹង​ដល់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ភាគ​ឦសាននៃ​ប្រទេស​កម្ពុជា។


រូបភាពពលរដ្ឋ ក្នុងស្រុកកែវសីមា ប្រគល់សត្វឈ្លូសយក្ស ដល់មន្ត្រីឧទ្យានុរក្ស ក្នុងស្រុកកែវសីមា( រួបភាពដោយ លោក ហាន សាខន)
 
លោក ហាន សាខន នាយកដែនជម្រកសត្វព្រៃកែវសីមា បានប្រាប់សារព័ត៌មាន ThmeyThmey25ថា សត្វឈ្លូសយក្ស​ឈ្មោលមួយក្បាលទម្ងន់៣០គីឡូក្រាមនោះ បានរត់ចូលទៅក្នុងផ្ទះអ្នកស្រុកក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា។ បន្ទាប់ពីបានឃើញបែបនេះ ម្ចាស់ផ្ទះបានរាយការណ៍មកមន្ត្រីជំនាញភ្លាមៗ។
 
បើតាមលោក សាខន នេះជាលើកទី១ដែលមានឈ្លូសយក្សរត់ចូលក្នុងផ្ទះអ្នកស្រុក។ លោកថា កន្លងមកភាគច្រើនមានតែសត្វដំរីព្រៃប៉ុណ្ណោះ ដែលឧស្សាហ៍ចូលមកក្នុងភូមិពលរដ្ឋ។
«​កន្លងមកសត្វព្រៃដែលចូលភូមិអ្នកស្រុកមានតែដំរី រីឯសត្វផ្សេងដូចជាមិនធ្លាប់មានទេ។ សម្រាប់ឈ្លូសនេះជាករណីទីមួយដែលបានប្រទះ។ ចំពោះមូលហេតុខ្ញុំក៏មិនច្បាស់ដែរ។ ប៉ុន្ដែតាមខ្ញុំគិត ប្រហែលជាសត្វនោះរអើលដោយសារឆ្កែ ឬពលរដ្ឋដែលធ្វើចម្ការហើយមើលទៅ។ នេះជាការសន្និដ្ឋានរបស់ខ្ញុំទេ ​ជាហេតុផលច្បាស់យើងមិនបានដឹងដូចគ្នា»។ នេះជាការលើកឡើងរបស់ លោក សាខន។
 
ជុំវិញរឿងនេះ នាយកដែនរូបនេះ បានលើកឡើងថា តាមពិតទៅក្រុមការងាររបស់លោកពិតជាសប្បាយចិត្ត នៅពេលពលរដ្ឋបានជូនដំណឹង និងបានចូលរួមក្នុងកិច្ចការពារ និងអភិរក្សសត្វព្រៃនៅក្នុងស្រុកភូមិ។ នេះជាសញ្ញាល្អ ដែលបានបញ្ជាក់ថា ពលរដ្ឋបានយល់ច្រើនទាក់ទងតម្លៃនៃជីវិតសត្វនៅក្នុងព្រៃធម្មជាតិ។
 
លោក បញ្ជាក់ដូច្នេះ៖ «លទ្ធផលទាំងនេះ អាចកើតចេញពីការខិតខំប្រឹងប្រែងរបស់អង្គការ រួមជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ។ លើសពីនេះ កម្មវិធីនៃយុទ្ធនាការអន្ទាក់សូន្យ ក៏បានរួមចំណែកមួយផ្នែកផងដែរ។ ជាមួយគ្នានេះ ខ្ញុំក៏លើកទឹកចិត្តឱ្យពលរដ្ឋជូនដំណឹងមកដល់អាជ្ញាធរ ឬមន្ត្រីជំនាញនៅពេលបានជួបការជួញដូរ ឬសត្វព្រៃត្រូវការជំនួយ»។
ជាមួយគ្នានេះ លោក សូត្រ វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វរបស់អង្គការ WCS ប្រចាំខេត្តមណ្ឌលគិរី​ បានលើកឡើងថា ករណីដែលមានសត្វឈ្លូសរត់ចូលទៅស្រុកភូមិអ្នកស្រុកនៅកែវសីមា ជាការព្រួយបារម្ភពីសុវត្ថិភាព និងការរំខានរបស់ពួកវានៅក្នុងព្រៃ។ បច្ចុប្បន្ននេះ ក្រុមការងាររបស់លោកកំពុងបន្តចុះផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋក្នុងសហគមន៍ពីតម្លៃនៃអភិរក្ស និងការពារសត្វព្រៃឱ្យនៅគង់វង្ស។
 
«បច្ចុប្បន្ននេះ ជីវិតនៅសត្វព្រៃអាចមានការគំរាមកំហែងច្រើន ដោយសារព្រៃឈើជាជម្រកត្រូវបានកាប់ទន្ទ្រានតាមរូបភាពផ្សេងៗ អសុវត្ថិភាព និងមានការរំខានស្ទើររាល់ថ្ងៃ។ ជាក់ស្ដែងដូចឈ្លូសមួយក្បាលនោះ មិនមែនសុខៗវារត់ចេញពីព្រៃចូលភូមិឡើយ»។ នេះជាការលើកឡើងរបស់លោក វ៉ាន់ឌឿន ដោយបានបន្ថែមថា ទោះជាយ៉ាងណា អាចនិយាយថាសំណាងរបស់សត្វនោះហើយ ដែលបានជួបពលរដ្ឋដែលយល់ដឹងពីកិច្ចការពារ និងការអភិរក្សសត្វព្រៃ។
 
បើតាមទិន្នន័យនៃការសិក្សាស្រាវជ្រាវពីសត្វព្រៃរបស់ក្រុមងារលោក វ៉ាន់ឌឿន ​នៅឆ្នាំ២០២២នេះ កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ លោក លើកឡើងថា ​សត្វខ្លះក៏កំពុងធ្លាក់ចុះ ឯសត្វប្រភេទខ្លះទៀតមិនទាន់ធ្លាក់ចុះទេ ប៉ុន្ដែចំនួននៅថេរ៕
 
 
 

Tag:
 ​ខេត្តមណ្ឌលគិរី
  ឈ្លូសយក្ស
 
© រក្សាសិទ្ធិដោយ thmeythmey.com