ជាតិ
សេដ្ឋកិច្ច
ប្រាក់បៀវត្សលើសពី ១លាន៥សែនរៀល នឹងត្រូវជាប់ពន្ធ ចាប់ពីឆ្នាំ ២០២៣
30, Sep 2022 , 3:28 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ សែន ។ រូបពី SPM ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ សែន ។ រូបពី SPM ។
ការយកពន្ធលើប្រាក់បៀវត្ស នឹងត្រូវបន្ធូរ​បន្តិចទៀត ចាប់ពី​ឆ្នាំ​២០២៣ ។ ប្រាក់បៀវត្ស​អប្បបរមា​ជាប់ពន្ធ​សព្វថ្ងៃ  ដែលមានចំនួនលើស ១​លាន​៣​សែន​រៀល ​នឹងត្រូវ​ដំឡើង​ដល់លើសពី ​១​លាន​៥សែន​រៀល​។ នេះបើតាមអនុក្រឹត្យស្តីពីតារាងភាគនៃបៀវត្សជាប់ពន្ធប្រចាំខែចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។



បើតាមអនុក្រឹត្យខាងលើ ប្រាក់បៀវត្សលើសពី ១លាន៥សែនរៀលដល់ ២លានរៀលនឹងត្រូវជាប់អត្រាពន្ធ ៥ភាគរយ ខណៈដែលបៀវត្សលើសពី ២លានរៀលដល់ ៨លាន៥សែនរៀលត្រូវជាប់ពន្ធ ១០ភាគរយ។ ទន្ទឹមនេះ ប្រាក់បៀវត្សលើសពី ៨លាន៥សែនដល់ ១២លាន៥សែននឹងត្រូវជាប់ពន្ធ ១៥ភាគរយ ហើយបៀវត្សលើសពី ១២លាន៥សែននឹងត្រូវជាប់អត្រាពន្ធ ២០ភាគរយ។ 
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់សារព័ត៌មានថ្មីៗថា ការអនុគ្រោះបន្ធូរបន្ថយពន្ធលើប្រាក់បៀវត្សរបស់រដ្ឋាភិបាលនាពេលនេះ គឺការចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់អ្នកដែលមានចំណូលតិច ។
 
លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ការបន្ធូរបន្ថយពន្ធលើបៀវត្សជាការរួមចំណែកជំរុញការចាយវាយក្នុងស្រុកកាន់តែប្រសើរ ដែលជាផ្នែកមួយនៃគោលនយោបាយសារពើពន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ 
 
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អតិផរណារបស់រដ្ឋាភិបាលដំបូងឡើយគឺមិនមែនបន្ធូរបន្ថយពន្ធទេ គឺបន្ទាបអត្រាការប្រាក់ដើម្បីជំរុញវិនិយោគនៅក្នុងស្រុក។ រីឯនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី កាលណាតម្រូវការសរុបមានការកើនឡើង ស្របពេលការផ្គត់ផ្គត់នៅមានកម្រិត និងធ្វើឱ្យទំនិញឡើងថ្លៃ ។​ នេះបើតាមលោក សិរីវឌ្ឍន៍។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា ៖« ប្រសិនបើរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ ហើយជំរុញឱ្យតម្រូវការក្នុងស្រុកកើនឡើង ខណៈការផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិត នោះអតិផរណាក៏អាចនឹងកើនឡើងដែរ »។ 
 
សូមបញ្ជាក់ថា កម្ពុជា​បានធ្វើ​វិសោធនកម្ម​ច្បាប់ ទាក់ទង​នឹង​ប្រាក់បៀវត្ស​អប្បបរមា ដែល​ត្រូវ​ជាប់ពន្ធ ចំនួន​៤​លើក​រួចមកហើយ នាពេល​កន្លងមក​។ លើកទីមួយ ចំនួន​ប្រាក់បៀវត្ស​រួច​ពន្ធ ៥០​ម៉ឺន ត្រូវបាន​កែ​៨០​ម៉ឺន​រៀល​រួច​ពន្ធ​នៅ​ឆ្នាំ​២០១៥, លើក​ទី​ពីរ​ដំឡើង​ដល់​១​លាន​រៀល​នៅ ក្នុង​ឆ្នាំ​២០១៧, ​លើក​ទី​បី​ ត្រូវ​ដំឡើង​ដល់​១​លាន​២​សែន​រៀល​ក្នុង​ឆ្នាំ​២០១៨ និងលោកទីបួនដំឡើងដល់១លាន៣សែនរៀលក្នុងឆ្នាំ២០២០៕
 

Tag:
 ប្រាក់បៀវត្ស ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com