ជាតិ
CDC អនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព អភិវឌ្ឍកោះត្បាល់ ក្នុងខេត្តកែប
30, Sep 2022 , 4:00 pm        
រូបភាព
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគឱ្យក្រុមហ៊ុន៧ បោះទុនរកស៊ីនៅកម្ពុជា ។ ក្នុងនោះ ក៏មានក្រុមហ៊ុន ទ្រី ភាព ផងដែរ។



ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ «TRY PHEAP KOH TUNSAY RESORTS CO., LTD» អភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។
 
CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD សាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។
 
ដោយឡែកក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD” ក៏បានបោះទុន២០លានដុល្លារ សាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
ងាកទៅក្រុមហ៊ុន GLOBAL PASS BIOTECHNOLOGY CO., LTD ក៏អនុវត្តគម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣២កន្លែង។ នេះបើតាម CDC ដដែល។
 
CDC ក៏អនុម័តឱ្យក្រុមហ៊ុន “YURA HARNESS (CAMBODIA) CO., LTD” បង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក ។ ក្រុមហ៊ុនេះ អាចបង្កើតការងារបានចំនួន ៥១៤កន្លែង។
 
សម្រាប់ក្រុមហ៊ុន “RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨កន្លែង។
 
ចំណែកក្រុមហ៊ុន “TWHQ GARMENTS CO., LTD” បោះទុនវិនិយោគ៥,៤លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។
 
ចុងក្រោយក្រុមហ៊ុន “COBEST (CAMBODIA) FIRST GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥០កន្លែង។ នេះបើតាម CDC៕
 

Tag:
 ទ្រី ភាព
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com