ជាតិ
សាសនា / ធម៌
លោក សេង សុមុនី៖«វត្ត ជានិមិត្តរូបនៃការអប់រំ»
30, Sep 2022 , 7:59 pm        
រូបភាព
លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា)។
លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា)។
បុគ្គលណាក៏ដោយ ឲ្យតែចូលដល់វត្តអារាម តែងលំឱនកាយ បង្ហាញការគោរពប្រតិបត្តិ រៀបចំខ្លួនឲ្យបានត្រឹមត្រូវ និងមិនធ្វើអំពើអ្វីដែលខុសឆ្គង។ ដូច្នេះហើយ ទើបលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចាត់ទុកវត្តអារាម ជាទីកន្លែងដែលអប់រំមនុស្សដោយប្រយោល។



ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងធម្មការ ដែលត្រូវបានរៀបចំឡើង នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក សេង សុមុនី លើកពីទស្សនៈរបស់លោកដូច្នេះថា៖«ទីវត្តអារាមព្រះពុទ្ធសាសនាខ្មែរ វិហារអ៊ិស្លាម វិហារគ្រិស្ត គឺជានិមិត្តរូបនៃការអប់រំ គេ ហៅថា អប់រំដោយប្រយោល គឺអប់រំដោយរូបភាព»។ 
 
លោក បន្តទៀតថា៖«ខ្មែរយើងពីដើម មានទ្រឹស្ត ដែលផ្សារភ្ជាប់នឹងវត្តអារាមព្រះពុទ្ធសាសនាថា ទៅវត្ត ត្រូវដោះមួក ដោះឆត្រ ឱនកាយប្រតិបត្តិ លំអុតឱនអង្គ។ មានពាក្យអប់រំទូន្មានអ៊ីចឹង គឺថា មកដល់កន្លែងហ្នឹង មនុស្សត្រូវតែដាក់ចិត្តមានះ ដាក់អំពើហិង្សានានា ដើម្បីទទួលយកការអប់រំដោយសន្តិភាព អ៊ីចឹងបានន័យថា ជារូបភាពអប់រំ១»។ 
 
ជាមួយគ្នានេះ លោក សេង សុមុនី ដែលមានតួនាទីជាអ្នកនាំពាក្យក្រសួងធម្មការផងនោះ បានរំលេចពីគុណតម្លៃរបស់វត្តអារាម ក្នុងការបង្កើតធនធានមនុស្សតាំងពីសម័យដើម រហូតដល់បច្ចុប្បន្ន។ លោក លើកឧទាហរណ៍ជាក់ស្តែងថា សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្កើតវចនានុក្រមខ្មែរ ទុកឲ្យប្រជាជនប្រើប្រាស់ដល់សព្វថ្ងៃ។ លោក លើកឧទាហរណ៍១ទៀតថា ថ្នាក់ដឹកនាំមួយចំនួនធំ ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ក៏មានប្រភពចេញពីវត្តអារាមដែរ។   
 
លោក មានប្រសាសន៍បែបនេះថា៖«ហ្នឹងជាធនធាន ដែលផលិតចេញពីវត្តមក ហើយជួយដល់ប្រទេសជាតិ ជួយកសាងប្រទេសជាតិ ជួយអភិវឌ្ឍប្រទសជាតិ ដែលពាំនាំសីលធម៌ គុណធម៌ ចេញពីហ្នឹងមកវិញ។ នេះជាតម្លៃ១ ដែលកាត់ថ្លៃមិនបាន»។ 
 
របាយការណ៍ពីអ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានជាង៥១០០វត្ត ហើយព្រះសង្ឃ មាន៧០៩០០អង្គ។ រីឯវិស័យអប់រំផ្នែកព្រះសង្ឃ សាលាពុទ្ធិកបឋមសិក្សា មានជាង៩៦០កន្លែង មានសិស្ស-សមណសិស្សជាង២៤០០រូប, សាលាពុទ្ធិកមធ្យមសិក្សាបមឋភូមិ មាន៣៩កន្លែង មានសិស្ស-សមណសិស្សជាង៦៣០០រូប, សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មាន១៣កន្លែង មានសិស្ស-សមណសិស្សជាង២៣០០រូប, សាលាពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រ មាន៥កន្លែង មាននិស្សិត-សមណនិស្សិត៣៧០០រូប, សាលាពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន៥កន្លែង មាននិស្សិត-សមណនិស្សិតជាង៧៩០រូប៕ 
 

Tag:
 សេង សុមុនី
  ព្រះពុទ្ធសាសនា
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com