ជាតិ
លោក ឃឹម ទិព្វមុនី៖ ស្ថានភាពទឹកនៅច្រកអន្តរជាតិដូង បានស្រកចុះវិញហើយ
30, Sep 2022 , 5:41 pm        
រូបភាព
រូបភាព៖ លោក វ័យ ឡែម បានអនុញ្ញាតឱ្យសារព័ត៌មានថ្មីៗ
រូបភាព៖ លោក វ័យ ឡែម បានអនុញ្ញាតឱ្យសារព័ត៌មានថ្មីៗ
ដោយ:
ទឹកនៅច្រកអន្តរជាតិឡែម ឬដូង នៅស្រុកកំរៀង ខេត្តបាត់ដំបង បានស្រកចុះទៅវិញហើយ នៅត្រឹមកម្រិតកម្ពស់ ៥ម៉ែត្រ ។ នេះបើតាមលោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ។



ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងរូបនេះ បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បណ្ដាឱ្យទឹកហូរមកពីតាមច្រលងភ្នំមួយចំនួន នៅតំបន់ផ្នែកខាងលើ បង្កបានជាទឹកជំនន់ហូរកាត់លើស្ពាន។
 
លោកបន្តថា៖ « ម្សិលមិញទឹកហូរកាត់លើស្ពានបេតុង តែឥឡូវស្រកវិញធម្មតាហើយ។ ចំពោះទឹកអូរដែលហក់ឡើងនេះ មានតែរយៈពេល ១ថ្ងៃស្រកទៅវិញហើយ! ជារៀងរាល់ឆ្នាំទឹកមានតែប៉ុណ្ណឹងឯងទឹកអូរហ្នឹង មិនមានការលិចលង់យូរទេ»។
 
ចំពោះផ្លូវបេតុងដែលទឹកហូរកាត់ពីលើ គឺរថយន្តដឹកទំនិញធុនធំអាចធ្វើចរាចរណ៍បាន តែរថយន្តតូចៗមិនអាចធ្វើដំណើរបាននោះទេ។ នេះបើតាមលោក ទិព្វមុនី។
ទឹកដែលហូរនៅលើស្ពានបេតុងច្រកអន្តរជាតិឡែម មិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ សត្វពាហណៈ និងដំណាំស្រូវអ្វីនោះទេ។ លោក ទិព្វមុនី បញ្ជាក់បែបនេះ រួចបន្តថា ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ធ្វើឱ្យកម្រិតទឹកឡើងប្រៀបនឹងមាត់អូរ ។ 
 
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា សុ្រកបាណន់ ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបវេល បានរងជំនន់ទឹកភ្លៀង ប៉ុន្តែមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ព្រោះជំនន់ទឹកភ្លៀង បានស្រកចុះវិញហើយ។ 
 
លោកបញ្ជាក់យ៉ាងដូច្នេះ៖«ទឹកទាំងនោះ ជាជំនន់ទឹកភ្លៀងក្នុងស្រុក ទឹកហូរតាមអូរព្រំដែន និងទឹកស្ទឹងខាងទឹកដីថៃ នៅដែលពេលភ្លៀងជន់មកវាហូរតាមហ្នឹង»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com