ជាតិ
រដ្ឋបាលជលផល អនុញ្ញាតឲ្យពលរដ្ឋ ចុះនេសាទឡើងវិញ ពីខែតុលាទៅ
30, Sep 2022 , 8:59 pm        
រូបភាព
ពលរដ្ឋចុះនេសាទនាពេលកន្លងមក។ រូបពី ហ្វេសប៊ុកអាជ្ញាធរទន្លេសាប
ពលរដ្ឋចុះនេសាទនាពេលកន្លងមក។ រូបពី ហ្វេសប៊ុកអាជ្ញាធរទន្លេសាប
ដោយ៖ ជិន សុវណ្ណដាវីត
 
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកឲ្យពលរដ្ឋ អាចចុះនេសាទត្រី ជាធម្មតាវិញ ចាប់ពីខែតុលាទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល ស្ដីពី រដូវបើកឲ្យនេសាទ ឆ្នាំ២០២២-២០២៣។



រដ្ឋបាលជលផល បើករដូវនេសាទ ឲ្យពលរដ្ឋចុះនេសាទ ចាប់ពីថ្ងៃទី១តុលាឆ្នាំនេះ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំក្រោយ នៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនៈគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ 
ដោយឡែក ពលរដ្ឋខេត្តស្ទឹងត្រែងវិញ នឹងអាចចុះនេសាទផងដែរ ចាប់ដើមខែតុលា ដល់ថ្ងៃទី៣០មេសា។ ចំណែក ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ នឹងអនុញ្ញាតឲ្យពលរដ្ឋនេសាទ ចាប់ពីថ្ងៃទី១វិច្ឆិកា ដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២៣។ នេះបើតាមរដ្ឋបាលជលផល។
 
តែយ៉ាងណារដ្ឋបាលជលផល ក៏បានណែនាំអ្នកនេសាទទាំងអស់ ឲ្យប្រើប្រាស់ឧបករណ៍នេសាទ ណាដែលស្របតាមច្បាប់។ រីឯ អ្នកនេសាទដែលមានបំណងនេសាទ ដោយប្រើឧបករណ៏ « ម៉ាញ់ » នៅដងទន្លេមេងគ្គ និងដងទន្លេសាប ក្នុងទីតាំងដែលបានអនុញ្ញាតឲ្យនេសាទ គឺត្រូវទំនាក់ទំនងសុំការអនុញ្ញាតពីខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការទាក់ទងនេះ គឺដើម្បីទទួលការណែនាំពីមន្ត្រីជំនាញជលផល ឲ្យពន្យល់ពីបច្ចេកទេស និងបទបញ្ជានានាពាក់ព័ន្ធនឹងការនេសាទ៕
 
 

Tag:
 នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com