ជាតិ
សម្តេច ហ៊ុន សែន តែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
30, Sep 2022 , 9:59 pm        
រូបភាព
ដោយ: រួបរួម
 សម្តេច ហ៊ុន សែន កាលពីថ្ងៃទី​២៩ ខែកញ្ញា បាន​ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយយោងតាម​តម្រូវការ​ចាំបាច់​របស់រដ្ឋាភិបាល។

 
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល​នៃក្រុមប្រឹក្សា​ជាតិសេដ្ឋកិច្ច និងសង្គម​ឌីជីថល នេះ ដឹកនាំដោយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានអនុប្រធាន​៥រូបដែលជារដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធមួយចំនួន។ 


 
សមាសភាពអនុប្រធានគណៈកម្មាធិការ​៥រូបរួមមាន លោក ផាន់ ផល្លា ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ, លោក ហ៊ុយ វណ្ណៈ ពីក្រសួងមហាផ្ទៃ, លោក ជាប សត្ថារតន៍ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក កាន ច័ន្ទមេត្តា ពីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​លោក ហង្ស ឆាំឆាន ពីក្រសួងមុខងារសាធារណៈ។
 
តាម​សេចក្តីសម្រេចដដែល គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនេះ មាន​សមាជិក​៣៨នាក់​បន្ថែមទៀត ដោយ​២៦នាក់ មានឋានៈជារដ្ឋលេខាធិការ​ពី​បណ្តា​ក្រសួងនានា ខណៈ​លោក ជា សេរីវឌ្ឍ អគ្គ​លេខាធិការ​នៃអគ្គ​លេខាធិការ​ដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាល​ឌីជីថល ទទួលបន្ទុកជាសមាជិកអចិន្ត្រៃយ៍៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com