កីឡាជាតិ
ជាតិ
គ្រូ ISI ដង្កោសែនជ័យ៖ មានកីឡដ្ឋានថ្មីផ្ទាល់ខ្លួន នឹងជួយជំរុញទឹកចិត្តក្រុមដើម្បីប្រជែងពាន
30, Sep 2022 , 10:29 pm        
រូបភាព
ក្រុមហ៊ុន CPLនិងមន្ដ្រីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ពិនិត្យ មើលស្មៅក្នុងកីឡដ្ឋាន AIA KMH Park រូបពី CPL
ក្រុមហ៊ុន CPLនិងមន្ដ្រីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ពិនិត្យ មើលស្មៅក្នុងកីឡដ្ឋាន AIA KMH Park រូបពី CPL
លោក Botiba Bouyaloua Jean គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ រំភើបចិត្តដែលក្រុមមានកីឡដ្ឋានផ្ទាល់ AIA KMH Park សម្រាប់ប្រកួតប្រជែងពានរង្វាន់ជើងឯកលីគ២កម្ពុជា។



លោកថា មានកីឡដ្ឋានថ្មីនឹងធ្វើឱ្យក្រុមមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការដណ្តើមយកជើងឯក។ ជាមួយគ្នានេះ លោក ខន វណ្ណី អ្នកចាត់ការក្រុមសាលារកីឡាបាល់ទាត់ជាតិ ដែលត្រូវដឹកនាំក្រុមទៅកាន់ទឹកដី AIA KMH Park លើកដំបូង ថាការប្រកួតក្រៅដី កូនក្រុមត្រូវស្គាល់ពីទីលានរបស់ម្ចាស់ផ្ទះ។


កីឡាករ និងមន្ដ្រីក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ធ្វើពិធីសូត្រមន្ដសម្ពោធ AIA KMH Park។ រូបពីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ
 
កាលពីថ្ងៃទី២៩ ខែកញ្ញា ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានសម្ពោទប្រើប្រាស់ជាផ្លូវការកីឡដ្ឋានថ្មី AIA KMH Park។ ជំនួបរវាង ម្ចាស់ផ្ទះ  ISI ដង្កោសែនជ័យ និងក្រុមភ្ញៀវ សាលាបាល់ទាត់ជាតិ នៅថ្ងៃទី២ ខែតុលា រសៀលម៉ោង ៣:៤៥ នាទី គឺជាការប្រកួតសម្ពោធកីឡដ្ឋានថ្មីនេះ។
 
លោក Botiba Jean គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម ពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួន ចំពោះការប្រកួតក្នុងដី ប៉ុន្ដែគ្រូបង្វឹកនេះ មិនបានរពឹងទុកលើជ័យជំនះ១០០ភាគរយទេ។ 
 
លោក Jean លើកឡើងថា៖ «យើងពិតជារំភើប និងរីករាយក្នុងការលេងនៅក្នុងផ្ទះ ព្រោះវាជារឿងសំខាន់ក្នុងបាល់ទាត់។ ចំពោះការរំពឹងទុកសម្រាប់ការប្រកួត យើងគោរពគូប្រជែងរបស់យើង ព្រោះនៅក្នុងបាល់ទាត់ គ្មានលទ្ធផលណាដឹងមុនទេ។ ប៉ុន្តែនេះ គឺជាការលើកទឹកចិត្តដ៏ធំដោយការលេងនៅផ្ទះ។ យើង នឹងប្រឹងប្រែង ដើម្បីនាំយកជ័យជម្នះសម្រាប់អ្នកគាំទ្ររបស់យើង»។
 
ជាមួយគ្នានេះដែរ លោក ខន វណ្ណី អ្នកចាត់ការក្រុមសាលាកីឡាបាល់ទាត់ជាតិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការប្រកួតនៅទឹកដីរបស់ ISI ដង្កោសែនជ័យ ក្រុមរបស់លោកត្រូវការហ្វឹកហាត់នៅកីឡដ្ឋាននោះមុនមួយថ្ងៃ ដើម្បីបានដឹងពីកីឡដ្ឋានរបស់ម្ចាស់ផ្ទះ ព្រោះជាកីឡដ្ឋានថ្មី។ ចំពោះការរំពឹងទុកយ៉ាងណានោះ មន្ដ្រីក្រុមបាល់ទាត់រូបនេះ អាចបញ្ជាក់បានទេ ព្រោះទុកឲ្យការប្រកួតលើទីលាន ជាអ្នកកាត់សេចក្ដី។
 
ក្នុងពេលទន្ទឹមគ្នានោះ ការប្រកួត ៥គូរផ្សេងទៀត សម្រាប់សប្ដាហ៍ទី១៨ នៃការប្រកួតជើងឯកលីគ២ កម្ពុជា។ ព្រៃវែង អេហ្វស៊ី ត្រូវស្វាគមន៍ អគ្គីសនីកម្ពុជា នៅកីឡដ្ឋានខេត្តព្រៃវែង ខណៈ អាស៊ីអឺរ៉ុបយូណាយធីត ត្រូវប្រកួតជាមួយ កោះកុង អេហ្វស៊ី នៅកីឡដ្ឋាន A E U Sport Park។ ចំណែកឯ នគរបាលជាតិ ទទួល ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ នៅទីលានបាល់ទាត់ 7 N G ស្របពេល ជំនួបរវាងក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី និងបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តសៀមរាប។ ក្រុម មានទីតាំងនៅខេត្តសៀមរាប២ គឺ សូលទីឡូអង្គរ និង ណិចស្តិប ត្រូវប៉ះគ្នា នៅកីឡដ្ឋានហុនមាន។
 
គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៣៩ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣៦ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ ISI ដង្កោសែនជ័យ និងក្រុមលេខ៤ នគរបាលជាតិ។ ដោយឡែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន២៦ពិន្ទុ។ រីឯ សូលទីឡូអង្គរ ឈរលេខ៧ មាន១៩ពិន្ទុ ស្មើគ្នាជាមួយ សាលាកីឡាបាល់ទាត់ជាតិ លេខ៨ និងតាមពីក្រោយដោយ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ លេខ៩ មាន១៨ពិន្ទុ។ ចំណែក សៀមរាប អេហ្វស៊ី មាន១៦ពិន្ទុ លេខ១០, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com