អន្តរជាតិ
លោកពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញាដាក់បញ្ចូលដែនដីអ៊ុយក្រែនជារបស់រុស្ស៊ីជាផ្លូវការ
30, Sep 2022 , 9:18 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន។ រូបភាព៖ AP
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន។ រូបភាព៖ AP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែកញ្ញា បានចុះហត្ថលេខាដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន៤ ជាផ្នែកមួយរបស់រុស្ស៊ីជាផ្លូវការ។​ ក្នុងពិធីចុះហត្ថលេខានេះ លោកពូទីនបានផ្តាំប្រាប់ក្រុងកៀវ និងប្រទេសលោកខាងលិចថា ក្រុងមូស្គូ នឹងមិនបោះបង់ប្រជាជននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងទាំងនោះឡើយ។



 
បន្ទាប់ពីប្រតិបត្តិការយោធាពិសេសចាប់តាំងពីខែកុម្ភៈកន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែកញ្ញា បានចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន ៤ ដូចជា ​តំបន់ Donetsk, តំបន់ Kherson, តំបន់ Luhansk និង​តំបន់ Zaporizhzhia ជាផ្នែកមួយរបស់រុស្ស៊ី។ 
 
«ប្រជាជនរស់នៅ តំបន់ Donetsk, តំបន់ Kherson, តំបន់ Luhansk និងតំបន់ Zaporizhzhia បានក្លាយជាជនរួមជាតិរបស់យើងរៀងរហូត»។ លោកពូទីន បានប្រកាសបែបនេះ នៅចំពោះមុខក្រុមមន្រ្តីដែលបង្ហាញវត្តមាននៅវិមានក្រេមឡាំង ក្នុងថ្ងៃទី៣០ ខែកញ្ញា។ 
 
ក្នុងពិធីដ៏សំខាន់មួយនេះ លោកពូទីន បានចាត់ទុកការដាក់បញ្ចូលដែនដីចំនួន ៤ របស់អ៊ុយក្រែននេះ ជាឆន្ទៈរបស់ប្រជាជន ខណៈអ៊ុយក្រែន និងប្រទេសលោកខាងលិច បានរិះគន់ថា ជាសកម្មភាពខុសច្បាប់អន្តរជាតិ។ បន្ថែមពីនេះ លោកពូទីន បានប្រកាសការពារដែនដីដែលខ្លួនគ្រប់គ្រងទាំងនោះ ដោយគ្រប់មធ្យោបាយទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរផង។ 
 
ទន្ទឹមនេះ ប្រធានាធិបតីរុស្ស៊ី ក៏បានជំរុញរដ្ឋាភិបាលក្រុងកៀវបញ្ឈប់សកម្មភាពបង្កសត្រូវ ហើយចូលចរចាផងដែរ។ 
 
ការដាក់បញ្ចូលតំបន់ចំនួន ៤នៅអ៊ុយក្រែន ដែលស្មើប្រហែលនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងអស់ មិនត្រូវបានគាំទ្រពីអន្តរជាតិនោះទេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាត់ទុកទង្វើរបស់រុស្ស៊ី ខុសនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើគិតចាប់ពីឆ្នាំ ២០១៤ ដែលគ្រប់គ្រងតំបន់គ្រីមេ រុស្ស៊ីបានកាន់កាប់ដែនដីអ៊ុយក្រែនប្រមាណ ២២ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួររំឮកថា ពិធីចុះហត្ថលេខាខាងលើ ធ្វើឡើងក្រោយមានការធ្វើប្រជាមតិនៅតំបន់ទាំង ៤ ដែលបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ។ ជាលទ្ធផលសរុប ការធ្វើប្រជាមតិនេះ បង្ហាញថា ប្រជាជនច្រើនជាង៩៩ភាគរយគាំទ្រចូលរុស្សី៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com