FIFA
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
តើកីឡដ្ឋានប្រទេសតំបន់អាស៊ានណាខ្លះអាចរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup?
14, Nov 2022 , 8:29 am        
រូបភាព
ព្រឹត្តិការណ៍ FIFA World Cup 2034 នឹងក្លាយជាការប្រកួតពានរង្វាន់ World Cup លើកទី២៥ លើពិភពលោក មិនទាន់រកឃើញប្រទេសដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៅឡើយ ខណៈការដេញថ្លៃមិនទាន់បើកដំណើរការពីសំណាក់ FIFA។ តំបន់អាស៊ានត្រូវបានគេដឹងថាជាប្រទេសបានបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃដំបូងគេបង្អស់។

 
ប្រទេសអាស៊ាន ដែលជាសមាជិកនៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បច្ចុប្បន្នកំពុងតែបង្ហាញចំណាប់អារម្មណ៍ ធ្វើជាម្ចាស់ផ្ទះ World Cup ដោយរួមសហការគ្នាច្រើនប្រទេសតែមួយរៀបចំ។ ក្រោយព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាដែលជាប្រទេសទោលរៀបចំការប្រកួត នៅឆ្នាំ ២០២៦ នឹងមានប្រទេសបីរួមគ្នាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នេះដោយមានអាម៉េរិក កាណាដា និង ម៉ិកស៊ិក។ 
 
កាលពីថ្ងៃទី២ ខែសីហា ប្រទេសបួននៅទ្វីបអាម៉េរិកខាងត្បូងរួមមាន អាហ្សង់ទីន, ស៊ីលី, អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយ បានប្រកាសថារួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030។ ដោយមានបំណងចង់ឱ្យមានព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក ក្នុងតំបន់អាស៊ីអាគ្នេយ៍​លើកដំបូង សមាជិកអាស៊ានធ្លាប់បានលើកឡើងអំពីបំណងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup នេះ មកពិភាក្សាតាំងពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ន។ 
 
រយៈពេលជាង ១១ ឆ្នាំមកនេះអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយ ធ្វើយ៉ាងណាឱ្យមានភាពសហការគ្នាជារួម ក្នុងការដាក់ដេញថ្លៃរៀបចំធ្វើជាម្ចាស់ផ្ទះ ​World Cup នេះ។ ក្នុងឆ្នាំ ២០២២ ទៀតសោត ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាន ក៏ជាមានបំណងចង់ឱ្យប្រទេសជាសមាជិក ដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup នេះផងដែរសម្រាប់ឆ្នាំ ២០៣៤​ ឬ ២០៣៨​។ 
 
ប្រសិនបើអាស៊ានឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣៤ ឬ ២០៣៨ តើកីឡដ្ឋានណាខ្លះដែលនឹងអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោកនេះ? 
 
ខាងក្រោមនេះជាកីឡដ្ឋានធំៗក្នុងតំបន់អាស៊ានដែលអាចទទួលរៀបចំការប្រកួត World Cup៖
 
១. កីឡដ្ឋាន Bukit Jalil National របស់ម៉ាឡេស៊ី ​ជាកីឡដ្ឋានលំដាប់ពិភពលោកសាងសងតម្លៃជាង ៨០០លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន ៨៥,០០០នាក់។ កីឡដ្ឋាននេះធ្លាប់រៀបចំការប្រកួត Asian Game ឆ្នាំ ២០១៧ និងជាទឹកដីក្រុមជម្រើសជាតិម៉ាឡេស៊ី។
  


២. ​កីឡដ្ឋាន ​Jakarta ​International របស់ឥណ្ឌូណេស៊ី ដែលទើបសាងសង់រួចរាល់ក្នុងឆ្នាំ ២០២១ ជាកីឡដ្ឋានដែលសាងសងក្នុងទឹកប្រាក់ជាង ៣៤០លានដុល្លារ មានសមត្ថភាពផ្ទុកអ្នកទស្សនា ៨២,០០០នាក់។ 
  


៣. កីឡដ្ឋាន Gelora Bung Karno របស់ឥណ្ឌូណេស៊ី សាងសង់រួចរាល់ឆ្នាំ ១៩៦២។ កីឡដ្ឋាននេះធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងតំបន់ដូចជា Asian Game 1962, AFC Asian Cup 2017, Asian Games 2018 និង Asian Para Games 2022។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាប្រមាណ ៨៨,០៨៣ពេលបច្ចុប្បន្ននិងជាប់ចំណាត់ថ្នាក់លេខ៧ ជាកីឡដ្ឋានអាចផ្ទុកអ្នកទស្សនាបានច្រើនលើពិភពលោក។
  


៤.ពហុកីឡដ្ឋានជាតិ មរតកតេជោ ឬ ​Morodok Techo National របស់កម្ពុជា សាងសងរួចរាល់នាខែធ្នូ ចុងឆ្នាំ ២០២១ ។ ពហុកីឡដ្ឋានមួយនេះចំណាយថវិការសាងសង់មានតម្លៃ ១៥០លានដុល្លារ ជាអំណោយពីរដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានមរតកតេជោ ត្រូវបានកសាងឡើងនៅលើផ្ទៃដីទំហំ ១៦ហិកតា ហើយមានសមត្ថភាពផ្ទុកអ្នកទស្សនាបានប្រមាណជាង ៦ម៉ឺន ទៅ ៧ម៉ឺននាក់។
  

 រូបភាពពីគេហទំព័រ ពហុកីឡដ្ឋានមរតកតេជោ

៥.កីឡដ្ឋាន Singapore National របស់សិង្ហបុរីបើកដំណើរឆ្នាំ ២០១៤ កីឡដ្ឋានដែលផ្ទុកមនុស្សប្រមាណ ៥៥,០០០នាក់នេះ ជាប្រទេសកីឡដ្ឋានមានដំបូលអាចបិទបើកបានសម្រាប់ការប្រកួត។ កីឡដ្ឋាននេះធ្លាប់រៀបចំព្រឹត្តិការណ៍ Southest Asian Games 2015, AFF Championship ឆ្នាំ ២០១៤, ២០១៨ និង ២០២១។


 
៦.កីឡដ្ឋាន​​ Rajamangala របស់ថៃ បើកដំណើរការឆ្នាំ ១៩៩៨ ផ្ទុកអ្នកទស្សនាបាន ៤៩​,៧២២នាក់ ។ កីឡដ្ឋានមានទីតាំងក្នុងទីក្រុងបាំងកកមួយនេះ ធ្លាប់រៀបចំកម្មវិធី Asian Cup 2017 ហើយក៏ធ្លាប់បានរៀបចំកម្មវិធីបាល់ទាត់ទទួលក្រុមធ្វើដំណើរមកពីតំបន់អឺរ៉ុបដូចជា​ Barcelona, Liverpool, Manchester United ជាដើម។


 
៧.កីឡដ្ឋាន Mỹ Đình National របស់វៀតណាមបើកសម្ភោធក្នុងឆ្នាំ ២០០៣ មានសមត្ថភាពទទួលអ្នកទស្សនាប្រមាណ ៤០,១៩២នាក់ ដោយសាងសងក្នុងតម្លៃ ៥៣លានដុល្លារ។ កីឡដ្ឋាននេះជាទឹកដីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្ទាល់តែម្តង។
  


៨.កីឡដ្ឋាន Laos National របស់ឡាវបើកដំណើរការក្នុងឆ្នាំ ២០០៩ និងអាចផ្ទុកអ្នកទស្សនាបានចំនួន ២៥,០០០នាក់ ហើយជាពិសេសគឺប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់តែម្តង។ កីឡដ្ឋានមួយនេះធ្លាប់បានរៀបចំពិធីបើកនិងបិទកម្មវិធី Southest Asian Games ឆ្នាំ ២០០៩។ 
 
៩.កីឡដ្ឋាន Philippine Sports របស់ហ្វីលីពីនសាងសងរួចក្នុងឆ្នាំ ២០១០ កីឡដ្ឋានមួយនេះអាចផ្ទុកមនុស្សបាន ២៥,០០០នាក់ នឹងរៀបចំការប្រកួតបាល់ទាត់នានាក្នុងប្រទេស ជាពិសេសកីឡដ្ឋានមួយនេះជាទឹកដីផ្ទាល់របស់ក្រុមជម្រើសជាតិហ្វីលីពីនផ្ទាល់។
 
១០.កីឡដ្ឋាន Hassanal Bolkiah National របស់ព្រុយនេ សាងសងរួចរាល់ក្នុងឆ្នាំ ១៩៨៣ ជាកីឡដ្ឋានប្រើសម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ប្រចាំព្រុយនេផ្ទាល់។ កីឡដ្ឋានដែលមានតម្លៃប្រមាណ ១០០លានដុល្លារនេះអាចផ្ទុកមនុស្សបាន ២៨,០០០នាក់។
 
១១.កីឡដ្ឋាន Utama Riau ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី សាងសង់រួចរាល់ក្នុងឆ្នាំ ២០១២ វាអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៣,៩២៣នាក់។ កីឡដ្ឋានមួយនេះទឹកដីរបស់ក្រុម PSPS Riau នាពេលបច្ចុប្បន្ន។
 
១២.កីឡដ្ឋាន Lukas Enembe ស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី សាងសង់រួចរាល់ក្នុងឆ្នាំ ២០១៩ កីឡដ្ឋាននេះត្រូវបានចំណាយប្រាក់ប្រមាណជាង ៨៦លានដុល្លារក្នុងសាងសង់ឡើង។ កីឡដ្ឋានដ៏ប្រណិតមួយនេះអាចផ្ទុកចំនួនមនុស្សបាន ៤០,២៦៣នាក់ ហើយកីឡដ្ឋាននេះត្រូវក្លិប Persipura Jayapura ស្នើសុំធ្វើជាទឹកដីខ្លួន។
 
១៣.កីឡដ្ឋាន Batakan ស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីបើកដំណើរការឆ្នាំ ២០១៧ កីឡដ្ឋាននេះដាក់មនុស្សបានចំនួន ៤ម៉ឺននាក់ កីឡដ្ឋាននេះមានភាពស្អាតប្រណិតមិនចាញ់កីឡដ្ឋានក្លិបតំបន់អឺរ៉ុបឡើយ ហើយកីឡដ្ឋាននេះជាទឹកដីក្រុម Persiba Balikpapan។
 
១៤.កីឡដ្ឋាន Sultan Ibrahim របស់ម៉ាឡេស៊ី បើកដំណើរការក្នុងឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន កីឡដ្ឋាននេះជាទឹកដីរបស់ក្រុមខ្លាំងមួយក្នុងលីគកំពូលម៉ាឡេស៊ីគឺ Johor Darul Ta’zim។ កីឡដ្ឋានមួយនេះមានសមត្ថភាពផ្ទុកចំនួនអ្នកទស្សនាបាន ៤០,០០០នាក់ ដោយសាងសង់ក្នុងទឹកប្រាក់ ៤៣លានដុល្លារ៕
 

Tag:
 Stadium Southeast Asia
© រក្សាសិទ្ធិដោយ thmeythmey.com