ជាតិ
រថយន្តជាង​២ម៉ឺន​គ្រឿង បាន​ប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ នា​ចុងសប្តាហ៍កន្លងមក
03, Oct 2022 , 6:59 pm        
រូបភាព
ផ្លូវល្បឿនលឿន។ រូបភាព៖ ក្រសួងសាធារណការ
ផ្លូវល្បឿនលឿន។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
ភ្នំពេញ៖ រថយន្ត ២៣ ០០០គ្រឿង បានបើកបរនៅលើផ្លូវល្បឿនលឿន បន្ទាប់ពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកបរការសាកល្បង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា។



លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី១ នៃការបើកឱ្យរថយន្តចរាចរណ៍សាកល្បងនៅលើផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានរថយន្តចំនួន ៩០០០គ្រឿង និងថ្ងៃទី២ មានរថយន្តចំនួន ១៤០០០គ្រឿង។
 
អ្នកនាំពាក្យរូបនេះ បានបន្តថា គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​បាន​កើត​ឡើង​ឡើយ ប៉ុន្តែ​មានបញ្ហាបច្ចេកទេសរថយន្តបន្តិចបន្តួច ដូចជារថយន្តបែកកង់ ធូរកង់ ធ្លាយធុងទឹក និងមានការរលត់ម៉ាស៊ីនជាដើម។ ជុំវិញបញ្ហានេះ ក្រុមការងារ និងអាជ្ញាធរនគរបាលរបស់ផ្លូវល្បឿនលឿន បានចុះទៅជួយអន្តរាគមន៍ជូនចំពោះម្ចាស់រថយន្តដែលមានបញ្ជាទាំងនោះផងដែរ។
 
«ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺយើងបានសង្កេតឃើញមានការចតរថយន្តនៅតាមដងផ្លូវល្បឿនលឿន តែក៏ត្រូវបាននគរបាលចុះទៅណែនាំពួកគេ ដើម្បីបញ្ឈប់ការចតនៅតាមដងផ្លូវបន្តទៀត ព្រោះជាកត្ដាដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត»។ នេះបើតាមលោក សុទ្ធាយុត្តិ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនាព្រឹកថ្ងៃទី ៣ខែតុលា។


 ផ្លូវល្បឿនលឿន។ រូបភាព៖ ក្រសួងសាធារណការ 

លោក សុទ្ធាយុត្តិ បានបញ្ជាក់បែបនេះ ៖« ប្រសិនបើគាត់ឈប់ មានរថយន្តទៅពីក្រោយ ហើយកំពុងបើកក្នុងល្បឿនលឿន ពេលនោះនឹងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុ។ តែអ្វីដែលខ្ញុំឃើញបច្ចុប្បន្នពុំទាន់មានបញ្ហានេះកើតឡើងទេ។ អាជ្ញាធរ បានចុះអប់រំក្នុងរូបភាពមួយទន់ភ្លន់ដល់ពួកគាត់ កុំឱ្យឈប់ចតនៅតាមផ្លូវហ្នឹង ព្រោះនេះជាផ្លូវថ្មី»។
ចំពោះអ្នកដែលជិះនៅលើផ្លូវល្បឿនលឿន ត្រូវត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ ដោយពិនិត្យសំបកកង់ ប្រេងម៉ាស៊ីន និងប្រព័ន្ធសុវត្តិភាព ជាពិសេសរថយន្តត្រូវធានាថាបានឆៀករួចរាល់ពិក្រសួងសាធារណការ ហើយអ្នកបើកបរ ត្រូវមានបណ្ណបើកបរឱ្យគ្រប់ៗគ្នា។
 
លោក សុទ្ធាយុត្តិ លើកឡើងបែបនេះ ហើយបន្ថែមថា សម្រាប់ផ្លូវល្បឿនលឿននេះ អាជ្ញាធរបានកំណត់ឱ្យបើកបរត្រឹមល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល, ល្បឿនត្រឹម ១០០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តធុនធ្ងន់មិនសណ្ដោងរ៉ឺម៉ក និងល្បឿនត្រឹម ៨០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តសណ្ដោងរ៉ឺម៉ក ឬរថយន្តដំណើកម្សាន្ត។ លោកបន្តថា ប្រសិនបើមានអ្នកបើកបរហួសល្បឿនកំណត់ នឹងចាត់វិធានការណ៍យ៉ាងតឹងរឹង ឬត្រូវផាកពិន័យជាអន្តរការណ៍ និងដកពិន្ទុនៃការបើកបរ។ 
 
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«រាល់ការបើកបររបស់ម្ចាស់យាន្តយន្ត ត្រូវបានថតទុកនៅក្នុងប្រព័ន្ធកាំរ៉ាសុវត្ថិភាពទាំងអស់ ដើម្បីរក្សាទុកជាភស្តុតាង ក្រែងមានម្ចាស់រថយន្តតវ៉ាលើករណីណាមួយ»។
 
សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គន្លងផ្លូវមានចំនួន៤ ដែលប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។ ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង, ចំណតរថយន្ត ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំរថយន្ត ៤កន្លែង។ ផ្លូវនេះ ឆ្លងកាត់មានខេត្តកំពង់ស្ពឺប្រវែង ៨០,៨គីឡូម៉ែត្រ, កោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕
 
 
 
 

Tag:
 ផ្លូវល្បឿនលឿន
  ភ្នំពេញ-ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com