សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ានក្លាយជាតំបន់មានសេដ្ឋកិច្ចធំទី៥ នៅលើពិភពលោក
05, Oct 2022 , 8:29 am        
រូបភាព
រូបពី Eye On Asia ។
រូបពី Eye On Asia ។
អាស៊ានគឺជាតំបន់ដែលមានសេដ្ឋកិច្ចធំលំដាប់ទី​៥ នៅលើពិភពលោក ដោយមានទំហំពាណិជ្ជកម្ម ប្រមាណ ៣,៤២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់អាស៊ានមានតម្លៃ ១,៧៩៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១,៦៣៣ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។



ផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ានមានតម្លៃប្រមាណ ៣,៣ទ្រីលានដុល្លារក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យតំបន់មួយនេះ អាចឈរនៅលំដាប់ទី៥ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ 
 
អាម៉េរិកជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយតម្លៃ GDP ក្នុងប្រទេសមួយនេះមានចំនួន ២៣ទ្រីលានដុល្លារ ខណៈដែលចិនមានជិត ១៨ទ្រីលានដុល្លារ បន្ទាប់មកមានជប៉ុន ៤,៩ទ្រីលានដុល្លារ និងអាឡឺម៉ង់ ៤,២ទ្រីលានដុល្លារ។ នេះបើតាមធនាគារពិភពលោក (World Bank)។ 
 
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាស៊ា​នរួមមាន​ ចិនឈរនៅលំដាប់កំពូល ដែលមានទំហំពាណិជ្ជកម្ម ប្រមាណ ៧៣២,៩៦ពាន់លានដុល្លារ ដែលស្មើនឹង ២១,៣៨ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន ខណៈដែលអាម៉េរិកមានត្រឹមតែ ៣៧៣,៧៨ ពាន់លានដុល្លារស្មើនឹង ១០,៩០ភាគរយ។ នេះបើតាមព្រឹត្តបត្រពាណិជ្ជកម្មខាងលើ។ 
 
ទន្ទឹមនេះ ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាស៊ានមានតម្លៃ ២៨២,០១ពាន់លានដុល្លារស្មើនឹង​ ៨,២៣ភាគរយនៃទំហំពាណិជ្ជកម្មសរុប ស្របពេលដែលជប៉ុនមានតម្លៃ ២៣៨,៩ពាន់លានដុល្លារស្មើនឹង ៦,៩៧ភាគរយ, កូរ៉ខាងត្បូង ១៩១,២៥ពាន់លានដុល្លារស្មើរនឹង៥,៥៨ភាគរយ និងបណ្តាប្រទេសផ្សេងទៀតស្មើនឹង ៤៦,៩៤ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ 
 
បើតាមព្រឹត្តិបត្រដដែល អាស៊ានមានកិច្ចព្រៀមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់សំខាន់ជាច្រើនក្នុងនោះ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន បានចុះហត្ថលេខាដំបូងគេក្នុងឆ្នាំ ២០០២ ខណៈអាស៊ាន-ឥណ្ឌាបានចុះហត្ថលេខានៅឆ្នាំ ២០០៣។ បន្តមកទៀត អាស៊ានក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណកូរ៉េក្នុងឆ្នាំ ២០០៥ និងជប៉ុននៅឆ្នាំ ២០០៨។ 

 
រីឯកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ បានយល់ព្រមចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ និងអាស៊ាន-ហុងកុងនៅឆ្នាំ ២០១៨។ ជាពិសេសអាស៊ានបានចុះហត្ថលេខាជាមួយកិច្ចព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)​នៅឆ្នាំ ២០២០ ដែលមានបរទេសជាសមាជិកចំនួន ១៥ ក្នុងនោះអាស៊ាន ១០ប្រទេស និងកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និងនូវែលសេឡង់។ 
 
ដោយឡែក អាស៊ានក៏បានចចារជាមួយសហភាពអឺរ៉ុប ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ប៉ុន្តែការចចារនេះត្រូវបានផ្អាកចាប់ពីឆ្នាំ២០០៩ ខណៈដែលប្រទេសកាណាដាកំពុងស្ថិតនៅដំណាក់កាលកចរចានៅឡើយ៕
 

Tag:
 អាស៊ាន ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com