ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន​ សែន ​បារម្ភកម្ពុជាមិនអាចក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០!
06, Oct 2022 , 7:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបើកសន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៦ តុលា ២០២២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបើកសន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៦ តុលា ២០២២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភពីការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា ក្នុងទិសដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ​ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការព្រួយបារម្ភរបស់សម្តេចនេះ ដោយសារ បច្ចុប្បន្នកម្ពុជា​កំពុងរងសម្ពាធពីវិបត្តិកូវីដ-១៩ ខណៈវិបត្តិសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចរបស់ពិភពលោកលើប្រទេសរុស្ស៊ី កំពុងគំរាមកំហែងសកល។

 
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)របស់អង្គការសហប្រជាជាតិ  គឺមិនមែនជាគោលដៅដាច់ដោយឡែករបស់កម្ពុជានោះទេ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន  ដោយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសិក្សា​ និងព្យាករទុក អំពីលទ្ធភាពនៃការ​សម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ បានឬមិនបាន នៅត្រឹមឆ្នាំ២០៣០។ 
 
សម្តេច បន្តរៀបរាប់ថា មុនឆ្នាំ២០២០ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាគឺល្អប្រសើរ ដោយរក្សាបានកំណើនសេដ្ឋកិច្ចលើសពី៧ភាគរយក្នុងមួយឆ្នាំ។  ក៏ប៉ុន្តែ ការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩, សង្រា្គមនៅអ៊ុយក្រែនដែលធ្វើឱ្យពិភពលោកជួបវិបត្តិប្រេងឥន្ទនៈ  វិបត្តិស្បៀង និងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយមហន្តរាយនេះ គឺវាបានវាយប្រហារខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា មកទល់សព្វថ្ងៃនេះ។ 
 
«តើយើងសម្រេចបានឬអត់[នូវគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០] ហើយបើមិនសម្រេចបានទេ! ការបម្រុងទុករបស់យើងគឺមានអ្វីខ្លះ»។ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបែបនេះ​ នៅចំពោះមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងទូតនានាប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅកម្ពុជា ប្រមាណ៤០០នាក់ ក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៦តុលា។​
 
ជុំវិញនៃការអនុវត្តគោលដៅក្នុងការប្រែកម្ពុជាឱ្យក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ​ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០នេះ សម្តេច ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធឱ្យពិភាក្សា និងសិក្សា ក្នុងឋានៈជារាជរដ្ឋាភិបាលដែលយកការគិតគូរជាមុន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលអាចកើតមាន។  សម្តេចបានបន្ថែមថា៖​«[ការឆ្លើយតបនោះ]រាប់ទាំងសភាពការណ៍ ដែលវាមិនទាន់ច្បាស់លាស់ ផងដែរ។ តើ[ពិភពលោក]អាចកើតមានសង្រ្គាមនុយក្លែអ៊ែរ ឬទេ? បើមានការព្រមានជាប្រចាំថ្ងៃយ៉ាងដូច្នេះ!»។​
 
ក្នុង​ពេល​ដែល​កម្ពុជា​រង​វិបត្តិ​ជំងឺ​កូវីដ​-១៩ ​បន្ទាត់​ភាព​ក្រីក្រ​ក្នុងប្រទេសកម្ពុជា​ បាន​កើន​ឡើង​ដល់​ប្រមាណ​១៨ភាគរយ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែន​ការ​ ចុះ​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ​ឆ្នាំ​២០​២១។ 
 
ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្មី​ និង​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩-២០២០»​​ បានបង្ហាញឱ្យដឹង​ថា​ ការ​កំណត់​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មីនេះ ប្រើ​ប្រាស់​ទិន្ន​ន័យ​ពី​ការ​អង្កេត​សេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០១៩-២០២០។ ​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​មាន​ចំនួន ​១០ ៩៥១​រៀល​ក្នុងមនុស្ស​ម្នាក់ក្នុង​មួយ​ថ្ងៃ ​ដែល​ដូច​គ្នានឹង​ការ​កំណត់​បន្ទាត់​ភាព​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ខណៈ នៅ​តំបន់ទី​ប្រជុំ​ជន​​មាន​ចំនួន​ ៩ ៥៧១​រៀល​ និង​ ​នៅ​តំបន់​ជនបទ មានចំនួន៨ ៩០៨ រៀល សម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ។​
 
ក្រសួង​ផែនការបានបញ្ជាក់ថា នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ មានជិត១៨ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប១៦លាននាក់ ត្រូវបានកំណត់ថាជាអ្នកក្រីក្រ។ អត្រាភាពក្រីក្រប្រែប្រួលគួរឱ្យកត់សម្គាល់ទៅតាមតំបន់។ បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ផែន​ការ ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ​អត្រា​ភាព​ក្រីក្រ​មាន​ចំនួន​១៣,៥ភាគរយ ​ដែលជា​អត្រា​ភាព​ក្រីក្រ​ចុង​ក្រោយមុន​មាន​វិបត្តិ​កូវីដ​-១៩៕ ​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com