កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក៖ ដើម្បីទទួលបានជ័យលាភី អត្ដពលិកត្រូវគោរព និងអនុវត្តតាមគ្រូបង្វឹក
09, Oct 2022 , 11:29 am        
រូបភាព
អត្តពលិកពិការកម្ពុជា វ៉ិត ចាន់ថា ដណ្តើមបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ
អត្តពលិកពិការកម្ពុជា វ៉ិត ចាន់ថា ដណ្តើមបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ
អ្នកនាង វិត ចន្ថា អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើប្រភេទកីឡាអត្ដពលកម្ម និងជាម្ចាស់មេដាយមាសលើវិញ្ញាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី បានប្រាប់ថា កីឡាករ កីឡាការិនី ត្រូវស្ដាប់ និងអនុវត្តតាមអ្វី ដែលគ្រូបង្វឹក បានកំណត់ និងប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានជ័យលាភីពីការប្រកួតប្រជែង។


 
អ្នកនាង វិត ចន្ថា ជាអត្ដពលិក ដែលមានពិការភាពជើងខាងស្ដាំ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា គ្រូបង្វឹក ចង់ឃើញកីឡាករ-កីឡាការិនី របស់ខ្លួនជោគជ័យ និងទទួលបានជ័យលាភីពីការប្រកួតណាស់ ទាំងឆាកជាតិ និងអន្ដរជាតិ។ គ្រូ តែងរកយុទ្ធសាស្ដ្រ និងបច្ចេកទេសផ្សេងៗ ដើម្បីឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់មានភាពរីកចម្រើន។
ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិករូបនេះលើកឡើងថា៖ «ខ្ញុំ ទទួលបានលទ្ធផល ដូចថ្ងៃនេះ គឺ ខ្ញុំតែងធ្វើនូវអ្វី ដែលគាត់ដាក់ឲ្យធ្វើគ្រប់ៗ ហើយស្ដាប់តាមការណែនាំរបស់លោកគ្រូ ដែលបានប្រាប់ពីបច្ចេកទេសនានា។»។

កីឡាការិនី វិត ចន្ថា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
ជាមួយគ្នានេះដែរ អ្នកនាង វិត ចន្ថា ចាត់ទុក អ្នកគាំទ្រគឺជាផ្នែកមួយសំខាន់ ដែលជំរុញឲ្យរូបអ្នកនាង ក៏ដូចជាអត្ដពលិកផ្សេងទៀត មានស្មារតីប្រកួត។  ចន្ថា និយាយថា៖« ពេលខ្ញុំ ប្រើកម្លាំងអស់ ស្រាប់តែលឺសំឡេងថា ចន្ថា ប្រឹងឡើង! ចន្ថា ស៊ូៗ! រហូតធ្វើឲ្យខ្ញុំ មានស្មារតី ឡើងវិញ បើទោះជាខ្ញុំ ងងឹតមុខព្រោះប្រើកម្លាំងប្រកួតអស់ក្តី។ ពេលលឺ សំឡេងពួកគាត់ ខ្ញុំក៏មានកម្លាំងឡើងវិញ។»។
 
នេះ មានន័យថា អ្នកគាំទ្រក៏ជាផ្នែកមួយ ក្នុងការចូលរួមផ្ដល់កម្លាំងដល់អត្ដពលិកកម្ពុជាទាំងអស់ ឲ្យមានស្មារតីប្រកួត។ អ្នកនាង សង្ឃឹមថា ការប្រកួតនៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងមានប្រជាជនកម្ពុជា ជាច្រើនមកអបអរ គាំទ្រដល់អត្ដពលិកកម្ពុជា។
 
គួរបញ្ជាក់ផងដែរថា អ្នកនាង វិត ចន្ថា បានចូលរួមជាអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤។ ការទទួលបានជ័យលាភី ជាម្ចាស់មេដាយមាសនៅទីក្រុងសូឡូ គឺជាលើកទី២ របស់កីឡាការិនីអត្ដពលកម្មនេះ ដោយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ទទួលបានមេដាយប្រាក់ លើវិញ្ញាសាលោតចម្ងាយ។ ចំពោះការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កីឡាការិនីរូបនេះ ឈ្នះ មេដាយ៣ មាស២ លើវិញ្ញសាលោតចម្ងាយ និងលើវិញ្ញារត់ចម្ងាយ ៤០០ម៉ែត្រ និងប្រាក់១ លើវិញ្ញាសរត់ចម្ងាយ២០០ម៉ែត្រ៕
 

កីឡាការិនី វិត ចន្ថា ហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២

 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  វិត ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com