ជាតិ
រថយន្ត
លោក ហ្វ៊ូសា ស មានរថយន្តបុរាណសរុប២១គ្រឿង ក្នុងនោះម៉ាក PANHARD ប្រ​ភេ​ទ PL 17 ដល់ទៅ៥គ្រឿង​​
10, Oct 2022 , 6:59 pm        
រូបភាព
បារាំង៖ នៅ​ឯប្រទេស​បារាំង មាន​អ្នកស្នេហា​រថយន្ដ​បុរាណ​ជា​ច្រើន។ នៅអំឡុងឆ្នាំ​១៩៩៤ លោកតា ហ្វ៊ូសា ស បាន​ឡាន ១គ្រឿង ដែល​មាន​អាយុកាល ៣០ឆ្នាំ​ហើយ។ បន្ទាប់​មកជាមួយ​ប្អូន​ប្រុស​បង្កើត​របស់​គាត់ ព្រម​ទាំងកូន​ប្រុសរបស់​គាត់ គាត់​បន្ត​ប្រមូលរថយន្ដ​ចាស់ៗ រហូតដល់ ២១​គ្រឿង ដែលត្រូវបាន​​ផលិត​ពី​ឆ្នាំ១៩៣៩ ទៅ​ឆ្នាំ​១៩៩០។ ដោយសារ​គាត់​មាន​ឡាន​ច្រើន​ពេក ឆ្នាំ​២០១៥ គាត់​ទិញ​អតីតរោងចក្រ​ត្បាញ​មួយ​អគារ ក្នុង​ភូមិ​របស់​គាត់ ដើម្បី​ចត និង​ជួសជុល​ឡាន​បុរាណ​ទាំង​អស់​នោះ។ ក្នុង​ឃ្លាំង​នេះ មានទាំង​រថយន្ដ​ម៉ាក CITROËN ៥គ្រឿង ​ទាំងរថយន្ដ​ម៉ាក SIMCA ៣គ្រឿង ទាំង​រថយន្ដ​ម៉ាក PEUGEOT ៣គ្រឿង ​ទាំងរថយន្ដ​ម៉ាក BMW ៣គ្រឿង ទាំង​រថយន្ដ​ម៉ាក MINI ១គ្រឿង ​ទាំងរថយន្ដ​ម៉ាក PANHARD (ប៉ង់អា) ៥គ្រឿង ២ប្រភេទ​ផ្សេង​ពីគ្នា : PANHARD ប្រភេទ PL 17 ម៉ូឌែល b និង PANHARD ប្រភេទ 24 ម៉ូឌែល CT ផលិត​ឆ្នាំ​១៩៦៤។

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
លោក ស មានឡាន PANHARD ប្រភេទ PL 17 ៥គ្រឿង​តែ​ម្ដង ផលិត​ឆ្នាំ​១៩៦៣ ​ទាំង៥។  លោក ស ទិញ​ PANHARD PL 17 ផលិតឆ្នាំ​ដូចគ្នា​ទាំង​អស់ ដើម្បី​​គ្រឿងទាំង​អស់​ត្រូវនឹងឡាន​១ណា​ក៏បាន ក្នុង​ចំណោមឡាន ៥គ្រឿងនោះ។ គាត់​គិត​ដូចនេះ ព្រោះ​គាត់​ជំនាញណាស់ ក្នុង​ការ​យករថយន្ដបុរាណ មក​ធ្វើ​ទំនើបកម្ម​។ កាល​ពី​នៅ​ធ្វើការ លោក ស ជា​បុគ្គលិក​រោងចក្រ​ត្បាញ់។ ​គាត់​ចូល​និវត្ត​ន៍ប្រហែល២០ឆ្នាំ​ហើយ។ ពេល​នោះ គាត់​មាន​ឡាន​ចាស់ៗ ពីរបី​គ្រឿង​ហើយ។ នេះ​ជា​មូលហេតុ​ដែលបានធ្វើ​ឱ្យ​​គាត់​រៀន​មេកានិក​បុរាណ ដោយ​ខ្លួន​ឯង ព្រោះ​តាំង​យូរមក​ហើយ គាត់​ចាប់​ចិត្ត​ខ្លាំង​នឹង​រថយន្ដ​បុរាណ។ យូរៗ​ លោក ស ទិញ​ឡាន​កញ្ចាស់​ច្រើនគ្រឿង ដែល​ស្ទើរតែ​ទាំង​អស់​ជិះ​មិន​កើត​ទេ។ ដោយ​ប្រើ​រយៈ​ពេល ១ឆ្នាំ គាត់​អាច​ធ្វើ​ឱ្យ​ឡាន​ខូច​ទាំង​ស្រុង ១គ្រឿង ក្លាយ​ទៅ​ជា​ឡាន​ស្អាត​ដូចពីដើម និង​ដែល​អាច​ជិះ​បាន​ថែម​ទៀត។ ទោះបី​ជាលោក ស មិនមែន​ជា​ជាងឡាន​អាជីព​ក៏ដោយ តែ​គាត់​មិនជួសជុល​បែបសើចលេងទេ។

ផ្ទុយទៅវិញ គាត់ធ្វើ​ទំនើបកម្ម​ ដោយ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​បំផុត និង​ដោយ​មាន​ឆន្ទៈ​ខ្ពស់​ណាស់។ សម្រាប់​ប្រភេទ​រថយន្ដ​នីមួយៗ ដែល​គាត់​ត្រូវ​ជួសជុល គាត់​ទិញ​សៀវភៅ​បច្ចេកទេស ដែល​ណែនាំ​អំពី​​លក្ខណៈនៃ​រថយន្ដ និង​​អំពី​គ្រប់​គ្រឿង​ទាំង​អស់ ដោយ​មាន​សេចក្ដី​ពន្យល់លំអិតផង និង​រូបភាព​ប្លង់​ច្បាស់​លាស់ទៀតផង។


 
រៀងរាល់ដង ដែល​លោក ស ចាប់ផ្ដើមធ្វើ​ទំនើបកម្ម គាត់​ដក​គ្រឿង​ចេញ​ទាំងអស់ ទុក​វា​នៅ​កន្លែងទូលាយ​​ល្មម ដោយ​មាន​របៀប​រៀបរយ។ រួចហើយ គាត់​ពិនិត្យមើល​គ្រប់​គ្រឿង​នីមួយៗ ដើម្បី​ដឹង​គ្រឿង​ខ្លះ ដែល​ត្រូវជួសជុល និង​គ្រឿង​ខ្លះ ដែល​ត្រូវ​ដូរ។ គ្រឿង​ដែល​ត្រូវ​ទុក គាត់​សម្អាតវា​យ៉ាងជាក់លាក់។ សម្រាប់​ខ្លះ គាត់​ប្រើ​តែ​អេប៉ុង​ធម្មតា អេប៉ុងដែក ឬ​ច្រាស ជាមួយ​ទឹក​សាប៊ូ​ប៉ុណ្ណោះ។ ​តែ​ខ្លះទៀត គាត់​ត្រូវ​ខាត់វា។ ហើយសម្រាប់​គ្រឿង​ខ្លះ​ៗ​ទៀត គាត់​ប្រើ​សាំង ឬ​គីមី ឧទាហរណ៍​ដើម្បីសម្អាត​សំណល់​ប្រេង ឬ​ខ្លាញ់។ ប្រសិន​ជា​ច្រែះ​ស៊ី​ដែក គាត់​ប្រើម៉ូទ័រជាមួយច្រាស​រោមរឹង និង​ថ្នាំ​ ដើម្បី​ដកច្រែះចេញ។ បើ​សិនជា​ត្រូវការ​ក្រូមេ​ឡើង​វិញ គាត់​ឱ្យ​ជាង​ធ្វើ។ កិច្ចការមួយទៀត ដែល​គាត់​ទុកឱ្យ​ជាង​ធ្វើ គឺ​សម្អាត​ម៉ាស៊ីន តាម​របៀប​ពិសេស។ គឺ​ជា​បច្ចេកទេស​បាញ់​គ្រាប់​ឈើ​តូចៗ​ខ្លាំងៗ ! វា​ថ្លៃ​បន្តិច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មើល​ទៅ សម្អាតហើយ ទោះបី​ជា​ម៉ាស៊ីន​​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏ដោយ ផ្ទៃវា​ចេញ​មក​មាន​សភាពដូច​ទំនើប​វិញ មិន​គួរ​ឱ្យ​ជឿ ។
 
លោក ស មិន​ព្រមធ្វើ​តាម​លទ្ធភាពទេ។ គ្រឿងណា ដែល​មិន​អាច​ជួសជុល​ឱ្យ​បាន​ល្អ​ប្រសើរ គាត់ដូរវា​តែ​ម្ដង។ ឧទាហរណ៍​ទ្រង់ទ្រាយ គាត់​មិន​តោនទេ។ បើសិន​ជាត្រូវការ គាត់រកផ្នែក​ទ្រង់ទ្រាយ​ពី​ឡាន​ប្រភេទ​ដូចគ្នា​ទៅ​ដូរ​វិញ។ ជម្រើស​ទីមួយ គាត់​យក​គ្រឿង​ពី​ឡាន​ដទៃ ប្រភេទ​ដូចគ្នា ឆ្នាំដូចគ្នា ដែលគាត់បាន​ទិញទុក​យក​គ្រឿង​បន្លាស់។ ជម្រើសទី២ គាត់​រក​ទិញ​គ្រឿង​បន្លាស់​ប្រើប្រាស់​ហើយពីឡាន​ដទៃ ប្រភេទ​ដូចគ្នា ឆ្នាំដូចគ្នា។ ជម្រើស​ទី៣ គាត់​ទិញ​គ្រឿងបន្លាស់​ថ្មី​ ដែល​ក្រុមហ៊ុនមួយចំនួន​ផលិត​សម្រាប់​ជួសជុល​រថយន្ដ​បុរាណ។ សូម​បញ្ជាក់​ថា គឺ​ជាគ្រឿងបន្លាស់ ដែលផលិតថ្មី ក៏ប៉ុន្តែ​ដែល​ដូច​គ្រឿង​ដើម។
 

ជា​ចុងក្រោយ បន្ទាប់​ពី​បាញ់ថ្នាំ​ពណ៌ដូច​ពី​ដើម ឬលាប​ថ្នាំការពារ​ច្រែះសម្រាប់​គ្រឿង​ខាង​ក្រោម លោក ស ដំឡើង​ឡាន​ឡើង​វិញ។ ប្រសិនបើ​គេ​បាន​បន្ថែម​គ្រឿង​ខ្លះ ឧទាហរណ៍​សម្រាប់សោភ័ណភាព តាំង​ពី​យូរ​មក​ហើយ គាត់​ទុក​វាបន្ត​ប្រើ។ ក៏ប៉ុន្តែ​បើសិន​ជាគេ​បាន បន្ថែម​គ្រឿង​ខុស​សម័យ គាត់​យកវា​ទៅបោះចោល មិន​បន្ត​ប្រើ​ទេ។ ដល់​ជំហាន​នេះ គាត់​មាន​តែ​គ្រឿង​ស្អាត​បំផុត ដូច្នេះ​គាត់​ដំឡើង​រថយន្ដ​ឡើង​វិញ ដោយ​ប្រុងប្រយ័ត្ន​​ណាស់ កុំ​ឱ្យ​ធ្វើ​កាយវិការខុស​នាំ​ឱ្យ​ខូច​អ្វី​មួយ សូម្បី​តែ​ស្នាម​តិចតួច។ នេះ​ជា​មូលហេតុ​ដែល​​ធ្វើ​ឱ្យ​គាត់​ដំឡើង​មួយៗ ដោយ​ប្រើក្រដាស​កាសែត ​ក្រដាសកាតុង ឬពូក ដើម្បី​ការពាររហូត។ អំពី​ផ្លាកលេខ លេខ​ចាស់ ឬលេខថ្មី​ក៏ដោយ គាត់កុម្ម៉ង់​ផ្លាក​ថ្មី តាម​ស្តង់ដារនៃ​សម័យ​រថយន្ដ ដើម្បី​កុំ​ឱ្យ​ខុស​សម័យ។ នៅ​សហភាព​អឺរ៉ុប ច្បាប់​ចរាចរណ៍​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​ សម្រាប់​ឡាន​ដែល​មាន​អាយុកាល ​៣០ឆ្នាំ​ឡើង​ទៅ។
 
លោក ស មិន​ដែល​ទិញ​រថយន្ដ​បុរាណ ដែល​គេ​បាន​កែ​ច្នៃ។ យ៉ាងណាក៏ដោយ នៅ​ទ្វីប​អឺរ៉ុប មិន​សូវ​មានទេ។ អ្វី​ដែល​គាត់ពេញ​ចិត្ត គឺជា​ឡាន​ចាស់ៗ ដែល​រក្សា​សភាព​ដូច​កាល​ពី​នៅ​ថ្មី។ ហេតុនេះ ​គាត់​មាន​របៀបក្នុង​ការ​ប្រើ​ប្រាស់​រថយន្ដ ដែល​គាត់​បាន​សង្គ្រោះ​ហើយ។ ទីមួយ បើ​មិន​ជិះ មួយ​សប្ដាហ៍​ម្ដង គាត់​បញ្ឆេះ​ម៉ាស៊ីន។ ទី​ពីរ គាត់​មិន​យក​ទៅ​បើកបរ​នៅ​ពេល​ដែលអាកាសធាតុ​​ត្រជាក់ពេក ឬ​នៅ​ពេល​ដែល​ភ្លៀង។ ទីបី មុន​នឹង​បើកបរ គាត់​ពិនិត្យ​កំរិត​ប្រេង កំរិត​ទឹក និង​បន្លឺ​ហ្វារ និង​ស៊ីញ៉ូ។ ទីបួន បន្ទាប់​ពី​បាន​ប្រើ​ហើយ​ គាត់​សម្អាត​ឡានតាម​ក្រោយ។



ប្រសិន​បើ​ត្រូវការ​លាង​ទឹក លាង​ហើយ គាត់​​ជូត ឬ​បាញ់​ខ្យល់ ដើម្បី​វា​ស្ងួត។ ជា​ការ​ពិត ភាពសើមគឺជា​ខ្មាំង​នៃ​លោហធាតុ។ ជា​ទូទៅ រៀងរាល់​ដង ដែល លោក ស បើកបររថយន្ដ​បុរាណ​ណាមួយ​របស់​គាត់ គាត់​មិន​ប្រញាប់ប្រញាល់​ឱ្យ​សោះ។ គាត់​ប្រើ​ពេល​ច្រើន ដោយធ្វើគ្រប់​កាយវិការ​មួយៗ។ គាត់ថែរក្សា​​ស្នាដៃ​របស់គាត់គ្រប់យ៉ាង ដោយ​ការពារ​វា​ជា​និច្ច និង​ថែទាំ​វាឱ្យ​បាន​ល្អ​បំផុត។
 
រថយន្ដ PANHARD PL 17 ត្រូវបាន​ផលិត​អស់ ១៦៦ ១៩២ គ្រឿង ពី​ឆ្នាំ​១៩៥៩ រហូត​ដល់​ឆ្នាំ​១៩៦៥ នៅ​ក្នុង​រោងចក្រ​មួយ ស្ថិត​នៅ​ទីក្រុង​ប៉ារី ប្រទេស​បារាំង។
 
រថយន្ដ PANHARD 24 CT ត្រូវបាន​ផលិត​អស់ ២៨ ៦៥១ គ្រឿងប៉ុណ្ណោះ ពី​ឆ្នាំ​១៩៦៣ រហូត​ដល់​ឆ្នាំ​១៩៦៧ នៅ​ក្នុង​រោងចក្រដូចគ្នា ស្ថិត​នៅ​ទីក្រុងប៉ារីស។ ដោយឡែក ឆ្នាំ​១៩៦៧ ក្រុមហ៊ុន CITROËN ទិញ PANHARD និង​រំលាយ​ឈ្មោះ​នោះ​តែ​ម្ដង។ គួរឱ្យ​ស្ដាយ ពីព្រោះ​ PANHARD គឺជា​ក្រុមហ៊ុន​ផលិត​ឡាន ដែល​ត្រូវបាន​បង្កើត​ឡើង​ ឆ្នាំ​១៨៩០ មុន​គេ​ទាំង​អស់ទូទាំង​ពិភព​លោក៕
 
អត្ថបទទាក់ទង
 
 





Tag:
 យានយន្ត
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com