ជាតិ
កម្ពុជាពង្រឹងកិច្ចសហការជាមួយវៀតណាម ដើម្បីទាញយកទេសចរឱ្យបាន១លាននាក់ នៅឆ្នាំ២០២៤
14, Oct 2022 , 2:05 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាជាមួយលោក Nguyen Huy Tangឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជុំវិញការជំរុញកិច្ចសហការវិស័យទេសចរណ៍ កាលពីថ្ងៃទី១២តុលា។ រូបភាព៖ ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាជាមួយលោក Nguyen Huy Tangឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជុំវិញការជំរុញកិច្ចសហការវិស័យទេសចរណ៍ កាលពីថ្ងៃទី១២តុលា។ រូបភាព៖ ក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាជាមួយលោក Nguyen Huy Tangឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហការវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងតភ្ជាប់​ផ្លូវទឹក។ ការពង្រឹងកិច្ចសហការនេះ កម្ពុជារំពឹងថាទាញទេសចរវៀតណាមបានប្រមាណ ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និង១លាននាក់នៅឆ្នាំ២០២៤។



យោងតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាគ្នានោះ លោក ថោង ខុន បានស្នើលោក Nguyen Huy Tang ឱ្យជំរុញជនជាតិវៀតណាមឱ្យមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ។ ជាមួយគ្នានេះភាគីទាំងពីរសន្យា ជំរុញការតភ្ជាប់ផ្លូវទឹក កំពង់ផែទេសចរណ៍នៅកោះត្រល់ និងកំពង់ផែទេសចរណ៍ខេត្តកំពត ដែលគ្រោងដំណើរនៅត្រីមាសទី២ឆ្នាំ២០២៣។
តាមរយៈការពង្រឹងកិច្ចសហការនេះ ក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទាក់ទាញទេសចរវៀតណាម ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងមានគោលដៅទាញទេសចរវៀតណាមឱ្យបាន ១លាននាក់នៅឆ្នាំ២០២៤ ។


  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍
កម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាជំរុញ ការផ្លាស់អ្នកធុរកិច្ច និងទស្សនកិច្ចរវាងវិស័យសាធារណៈ និងឯកជន ព្រោះវិស័យឯកជន ជាអ្នកនាំភ្ញៀវទេសចរកម្ពុជាទៅវៀតណាម និងទេសចរពីប្រទេសវៀតណាមមកកម្ពុជា។ លើសពីនេះ ភាគីទាំងពីនឹងបន្តរៀបចំព្រឹត្តិការណ៍ទេសចរណ៍បន្ថែម ដើម្បីជំរុញលំហូរទេសចរកម្ពុជា-វៀតណាម។
ក្នុងជំនួបនោះដែរ លោក ថោង ខុន ក៏បានស្នើឱ្យវៀតណាម ផ្ដល់អាហារូបករណ៍ដល់កម្ពុជាបន្ថែមលើការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យទេសចរណ៍៍ ដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។​
 
សូមជម្រាបថា រយៈពេល ៨ខែនៃឆ្នាំ២០២២ ទេសចរវៀតណាមចូលមកកម្ពុជាប្រមាណ ២៣ម៉ឺននាក់។ ជាមួយគា្នបើតាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍ ៩ខែនៃឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១.២លាននាក់ ក្នុងនោះទេសចរដែលមកកម្ពុជាច្រើនជាងគេ គឺភ្ញៀវក្នុងតំបន់អាស៊ាន៕


 លោក Nguyen Huy Tangឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។ រូបភាព៖ ក្រសួងទេសចរណ៍

Tag:
 ThmeyThmey25
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com