ជាតិ
សង្គមជាតិ
លោក លឹម ពិសាល ឡើងភ្នំអេវើរ៉េស ដើម្បីសម្រេចបំណងចុងក្រោយរបស់ប្អូន ដែលស្លាប់នៅទីនោះ
15, Oct 2022 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល
រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល
ភ្នំពេញ៖ លោក លឹម ពិសាល ជាអ្នករត់ម៉ារ៉ាតុនបានទៅឡើងភ្នំអេវើរ៉េស ដើម្បីសម្រេចក្ដីបំណងចុងក្រោយរបស់ប្អូនប្រុសខ្លួនដែលបានបាត់បង់ជីវិតនៅទីនោះកាលពីឆ្នាំ២០១២។ ទោះបីមិនបានឡើងទៅដល់កំពូលភ្នំ តែលោកពិសាល បានឡើងដល់ចំណុចសំខាន់នៃភ្នំដ៏ខ្ពស់នេះ (Everest Base Camp) មានកម្ពស់៥៣៦៤ម៉ែត្រដែលជាគោលដៅរបស់ប្អូនប្រុស។



Mountain Everest ជាភ្នំខ្ពស់ជាងគេនៅលើពិភពលោកស្ថិតក្នុងប្រទេសនេប៉ាល់ ដែលមានកម្ពស់៨៨៥០ម៉ែត្រ ពីកម្ពស់ទឹកសមុទ្រ។ MountainEverest បានទាក់ទាញអ្នកនិយមដើរព្រៃ
ផ្សងព្រេងជាច្រើនឱ្យទៅសាកល្បងឡើង ដើម្បីស្វែងយល់ពីទីនោះ និងប្រជែងនឹងខ្លួនឯងហើយក្នុងចំណោមនោះក៏មានពលរដ្ឋខ្មែរមួយចំនួនផងដែរ។
  

រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល

លោក លឹម ពិសាល ជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនដែលបានទៅឡើងភ្នំអេវើរ៉េស​ដល់ចំណុចកណ្ដាល (Everest Base Camp) កម្ពស់៥៣៦៤ម៉ែត្រ​ពីកម្ពស់ទឹកសមុទ្រ។ លោក ពិសាល បានចំណាយពេល៩ថ្ងៃ ដើម្បីឡើងទៅដល់ EverestBase Camp ដោយចាប់ផ្ដើមពីថ្ងៃទី២ តុលា ហើយទៅដល់គោលដៅនៅថ្ងៃទី១០ តុលា។
 
គោលដៅតែមួយរបស់លោក ពិសាល ទៅឡើងភ្នំអេវើរ៉េសគឺដើម្បីសម្រេចបំណងចុងក្រោយរបស់ប្អូនប្រុសឈ្មោះ លឹម ពិសិដ្ឋ ដែលបានបាត់បង់ជីវិតអំឡុងពេលទៅឡើងភ្នំអេវើរ៉េស កាលពីឆ្នាំ២០១២។ នៅពេលឡើងទៅដល់គោលដៅ Everest Base Camp លោកពិសាល បានយករូបថតប្អូនប្រុស (តំណាងឱ្យរូបគេ) ទៅបង្ហាញប្រាប់គេថាខ្លួនបានឡើងមកដល់ហើយ និងបានដោតទង់ជាតិខ្មែរនៅទីនោះផងដែរ​។ 
 
លោក លឹម ពិសាល គ្រោងចំណាយពេល១ខែនៅទីនោះដើម្បីស្វែងយល់ពីភូមិសាស្រ្តតំបន់នៅលើភ្នំ និងបន្តឡើងទៅកន្លែងផ្សេងៗមួយចំនួនទៀត
និងដកស្រង់បទពិសោធថ្មីៗពីទីនោះ។


  រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល

លោក សូរ សុខាល័យ ដែលជាមិត្តភក្ដិស្និទ្ធស្នាលរបស់លោក ពិសាល បានអះអាង ដំណើរផ្សងព្រេងទៅឡើងភ្នំអេវើរ៉េសរបស់លោក ពិសាល គឺមានការគាំទ្រ និងលើកទឹកចិត្តពីភរិយា ដោយធានាថាអាចមើលថែទាំកូន៣នាក់ម្នាក់ឯងបាន ដ្បិតគេជឿជាក់លើស្វាមីថា អាចធ្វើបាន ដើម្បីក្ដីបំណងចុងក្រោយរបស់ប្អូនប្រុស។
 
«តាមពិតពិសាលចង់សម្រេចក្ដីបំណងរបស់ប្អូន ចង់យកធាតុរបស់ប្អូនទៅបាចនៅទីនោះប៉ុន្តែលើកនេះ ពិសាល អត់បានយកធាតុទៅបាចទេ គ្រាន់តែបានទៅដល់ទីនោះដោយខ្លួនឯង
យករូបថតប្អូនប្រុសទៅបង្ហាញទេសភាពនៅ EBC (Everest Base Camp)»។ នេះជាការលើកឡើងរបស់លោក សូរ សុខាល័យ។
 
សម្លាញ់រូបនេះ​ បញ្ជាក់ទៀតថា មុនពេលទៅឡើងភ្នំអេវើរ៉េស លោក ពិសាលបានស្វែងយល់ និងសិក្សាស្រាវជ្រាវពីតំបន់នោះបានខ្លះហើយនិងទទួលបានការណែនាំពីអ្នកមានបទពិសោធធ្លាប់បានឡើងកន្លងមកផងដែរ។ លោក សូរ សុខាល័យនិងលោក លឹម ពិសាល ធ្លាប់មានពិសោធន៍ដើរផ្សងព្រេង ឡើងភ្នំ ស្ទើរគ្រប់កន្លែងកម្ពុជាហើយក្លើទាំង២ ក៏ធ្លាប់បានទៅឡើងខ្ពស់ៗមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង៕
 
 

Tag:
 ឡើងភ្នំ
 ភ្នំអេវើរ៉េស
 Mountain Everest​​
© រក្សាសិទ្ធិដោយ thmeythmey.com