ជាតិ
សង្គមជាតិ
ម្ចាស់អាជីវកម្មទូកដទទឹង៣នាក់ ត្រូវបានឃាត់ខ្លួន
15, Oct 2022 , 3:59 pm        
រូបភាព
ក្រោយឧបទ្ទវហេតុលិចទូកដទទឹងនៅភូមិកោះចំរើន បណ្ដាលឱ្យកុមារ១១នាក់បានស្លាប់ ម្ចាស់អាជីវកម្មទូកដចំនួន៣នាក់ ត្រូវបានអាជ្ញាធរស្រុកលើកដែកឃាត់ខ្លួន និងត្រៀមបញ្ចូនទៅស្នងការខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។



លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ហេតុការ លិចទូកដទទឹងនៅភូមិកោះចំរើន អាជ្ញាធរបានរៀបចំសំណុំរឿង និងត្រៀមបញ្ជូនម្ចាស់អាជីវកម្មទូកដទាំង៣នាក់បញ្ជូនទៅស្នងការខេត្ត។ ម្ចាស់អាជីវកម្មទាំង៣នាក់នេះ មានស្រ្តី២នាក់ និងប្រុស១នាក់ (អ្នកបើកទូក) នឹងបញ្ជូនទៅស្នងការខេត្ត ក្រោយរកឃើញសាកសពចុងក្រោយ នៅថ្ងៃទី១៥ ខែតុលា នេះ។
 
«យើងមិនទាន់ដឹងថាមានទោសយ៉ាងណាទេ យើងបញ្ជូនទៅឱ្យផ្លូវច្បាប់ដោះស្រាយនៅល្ងាចហ្នឹង ហើយយ៉ាងយូរដល់ស្អែកហ្នឹងឯង។ ហើយជនជាប់ម្ចាស់ទូកដទទឹងហ្នឹងមាន៣នាក់ហ្នឹង»។ នេះជាការលើកឡើងរបស់លោក វរសេនីយ៍ឯក អាំ ធូ។
 
លោក អះអាងថា នេះជាសោកនាដកម្មមួយក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដ្បិតកន្លងមកទីនោះមិនធ្លាប់មានបញ្ហាអ្វីឡើយ។ ក្រោយគ្រោះថ្នាក់ដ៏រន្ធត់នេះ អាជ្ញាធរស្រុក បានពង្រឹងការពារចំពោះការធ្វើដំណើរឆ្លងទន្លេ ដោយផ្សព្វផ្សាយដល់ពលរដ្ឋ ពិសេសម្ចាស់ទូកដចម្លងទាំងឱ្យត្រួតពិនិត្យទូករៀងៗខ្លួនមុនពេលចេញដំណើរ និងត្រូវមានអាវពោងសម្រាប់អ្នកដំណើរ ហើយអ្នកបើកទូកត្រូវមានជំនាញបច្ចេកទេសច្បាស់លាស់ផងដែរ។
 
សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកដទទឹងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា បានសម្លាប់ជីវិតកុមារដែលជាសិស្សសាលាសរុប១១នាក់ក្នុងចំណោមមនុស្ស១៥នាក់នៅលើទូក។ ចំណែកឯសាកសពកុមារាឈ្មោះ មាស សុវណ្ណារាជ អាយុ១៤ ជាសាកសពចុងក្រោយក្នុងឧបទ្ទវហេតុលិចទូកដទទឹង ដែលបានរកឃើញនៅថ្ងៃទី១៥ ខែតុលា នេះ៕
 

Tag:
 ទូកដ
 ភូមិកោះចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com