ជាតិ
សង្គមជាតិ
ព្រះសង្ឃ និងពលរដ្ឋ៥០០អង្គ/នាក់ ចូលរួមកម្មវិធីសមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
16, Oct 2022 , 2:29 pm        
រូបភាព
កម្មវិធីសមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំ នៃការយាងចូលទិវង្គត ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា នៅវត្តបទុមវតីរាជវរារាម មានព្រះសង្ឃ និងពលរដ្ឋចូលរួមសរុប៥០០អង្គ/នាក់។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

ក្នុងខួប១០ឆ្នាំ នៃការយាងចូលទិវង្គត ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធីសមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដើម្បីរម្លឹកការចងចាំរបស់ប្រជាជនខ្មែរ ចំពោះការបាត់បង់វត្តមាន ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រខ្មែរ។ ម្យ៉ាងក៏រម្លឹងពីគំរូវីរភាព និងមនោសញ្ចេតនាតញ្ញូកតវេទីដោយក្ដីគោរពថ្វាយព្រះមហាករុណា សេចក្ដីនឹករម្លឹកសោកសៅ និងអំណរព្រះរាជគុណជាអនេក ដែលគ្មានថ្ងៃបំភ្លេចបានផងដែរ។
 
ពិធីសមាធិរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី១៥ ខែតុលា ម្សិលមិញនេះ ក៏មានការយាងចូលរួមដោយ សម្ដេចនរោត្តម អរុណរស្មី ព្រះរាជបុត្រីរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ និងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងពលរដ្ឋសរុប៥០០អង្គ/នាក់ផងដែរ។


 
មិនត្រឹមតែរម្លឹកដួងព្រះវិញ្ញាណក្ខន្ធ នៃការយាងចូលទិវង្គតរបស់ព្រះអង្គឡើយ ប៉ុន្តែថ្ងៃទី១៥ ខែតុលា ម្សិលនេះ ក៏ជាខួប១០០ព្រះវស្សា នៃការប្រសូត្ររបស់ ព្រះករុណា ព្រះបាទសម្ដេច​ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋផងដែរ។
 
ព្រះករុណា ព្រះបាទសម្ដេច​ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គបានយាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕
 












Tag:
 សមាធិ
 ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ
 ព្រះបរមរតនកោដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com