ជាតិ
ពីនេះ ពីនោះ
ពិព័រណ៌គំនូររបស់ដំរីឡាក់គី រំឭកគុណភ្នំតាម៉ៅ​ដែលជួយសង្រ្គោះ និងការពារសត្វព្រៃ
16, Oct 2022 , 7:59 pm        
រូបភាព
ពិព័រណ៌គំនូរ នៅសណ្ឋាគារ Rosewood ភ្នំពេញ ដែលជាស្នាដៃគំនូរ របស់ដំរីឡាក់គី ស្ថិតនៅមជ្ឍមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ពិព័រណ៌គំនូរ នៅសណ្ឋាគារ Rosewood ភ្នំពេញ ដែលជាស្នាដៃគំនូរ របស់ដំរីឡាក់គី ស្ថិតនៅមជ្ឍមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
 ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌រូបគំនូរក្រណាត់ចំនួន១៧ផ្ទាំង ដែលជាស្នាដៃ របស់ដំរីញីមួយក្បាល​ ឈ្មោះឡាក់គី នៅសណ្ឋាគារ​ Rosewood ភ្នំពេញ ។ ពិព័រណ៌គំនូរនេះ រៀបចំឡើងដើម្បីរំឭកអំពីភ្នំតាម៉ៅ ដែលជាដែនជម្រកនៃសត្វព្រៃត្រូវបានជួយសង្គ្រោះពីការជាប់អន្ទាក់ ការជួញដូរខុសច្បាប់ និងការបង្ហាញពីសារៈសំខាន់​នៃការការពារសត្វព្រៃ និងព្រៃឈើ។



ជុំវិញការតាំងពិព័រណ៌គំនូរនេះ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា គំនូររបស់​ឡាក់គី បង្ហាញពីទំនាក់ទំនងមនោសញ្ចេតនា ដែលមនុស្ស និងសត្វ អាចមានឡើងនៅពេលមានភាពស្និតស្នាលជាមួយគ្នា បរិយាកាសសុវត្ថិភាព និងសុខុមាភាព។ លោកស្រីបន្ថែមដូច្នេះ៖ «ស្នាដៃសិល្បៈរបស់ឡាក់គី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពារសត្វព្រៃ និងព្រៃឈើនៅកម្ពុជា»។
  

ស្នាដៃគំនូរ របស់ដំរីឡាក់គី ស្ថិតនៅមជ្ឍមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

លោកស្រីក៏សង្ឃឹមដែរថា តាមរយៈគំនូរទាំងនោះ នឹងជួយឱ្យមនុស្សជំនាន់ក្រោយ បានមើលឃើញពីភាពស្រស់ស្អាតពីសត្វព្រៃ ការផុតពូជរបស់សត្វព្រៃ និងស្វែងយល់បន្ថែមពីការជួញដូរសត្វព្រៃខុសច្បាប់។ ឯការជួញដូរខុសច្បាប់ទាំងនោះ លោកស្រីសង្ឃឹមថានឹងត្រូវបានកាត់បន្ថយ។
 
ជាមួយគ្នានេះ លោក Nick Marx នាយកសង្គ្រោះ និងថែទាំសត្វព្រៃ នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតម៉ៅ រំឭកពីដំរីឡាក់គីថា ដំរីញីមួយក្បាលនេះបានមកដល់ភ្នំតាម៉ៅអំឡុងឆ្នាំ១៩៩៩ ដែលនៅពេលនោះវានៅជាកូនដំរីតូចអាយុប្រមាណ៦ខែ។ ពេលមកដល់ភ្នំតាម៉ៅ ឡាក់គី ស្ថិតក្រោមការចិញ្ចឹមថែរក្សា របស់លោក ទ្រី ស៊ីថេង ប្រធានអ្នកមើលថែដែនជម្រកសត្វព្រៃភ្នំតាម៉ៅ។
 
លោកបន្ថែមទៀតថា៖ «ឥឡូវនេះឡាក់គីបានធំពេញវ័ញហើយ ហើយដំរីនេះក៏មានចិត្តចង់ជួយយើងមើលសត្វដែលយើងជួយសង្គ្រោះ និងយល់ព្រមឱ្យយើងលក់គំនូររបស់ខ្លួនផងដែរ។ លក្ខខណ្ឌរបស់ឡាក់គី គឺដំរីនេះទទួលបានរង្វាន់នូវចេក និងការ៉ុតជាបន្តបន្ទាប់ ដើម្បីផ្ដល់ថាមពលឱ្យខ្លួននៅពេលគូរគំនូរ ដែលវាជាការរង្វាន់តិចតួច សម្រាប់ស្នាដៃដ៏អស្ចារ្យបែបនេះ!»។
តាមរយៈសកម្មភាពតាំងពិព័រណ៌នេះ លោក Daniel Simon នាយកគ្រប់គ្រង Rosewood ភ្នំពេញ បានផ្ដល់កន្លែងសម្រាប់ការតាំងពិព័រណ៌នេះឡើង។ លោកបាននិយាយថា៖ «ការគាំទ្រក្រុមការងារបែបនេះ គឺជាចំណុចកណ្ដាល នៃឌី អិន អេ របស់ Rosewood។ កម្មវិធី Rosewood Impacts របស់យើងមានគោលបំណងបំផុសគំនិត បង្កើន និង ជះឥទ្ធិពលជាវិជ្ជមានដល់មនុស្ស និងពិភពលោក»។
 
គួរជម្រាបផងដែរ ការតាំងពិព័រណ៌នេះ កំពុងដាក់តាំងបង្ហាញសាធារណជនចូលទស្សនា នៅសណ្ឋាគារ Rosewood រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះមូលនិធិ ដែលប្រមូលបានពីការលក់គំនូរទាំងនោះ នឹងត្រូវផ្ដល់ទៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ៕
 

Tag:
 ពិព័រណ៌គំនូរ
  ដំរីឡាក់គី
  Rosewood
© រក្សាសិទ្ធិដោយ thmeythmey.com