ជាតិ
សង្គមជាតិ
មន្រ្តីចរាចរណ៍ម្នាក់ ត្រូវបញ្ឈរជើង៣ខែ ដោយសារប្រើសម្ដីនិងកាយវិការមិនសមរម្យដាក់ពលរដ្ឋល្មើសច្បាប់
16, Oct 2022 , 4:59 pm        
រូបភាព
ភ្នំពេញ៖ មន្រ្តីចរាចរណ៍ម្នាក់ ឈ្មោះ ពុត ធារីបានរងវិន័យកងកម្លាំង និងបញ្ជូនទៅអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈរជើង (ផ្អាកការងារ)រយៈពេល៣ខែ ដោយសារបានប្រើប្រាស់ពាក្យសម្ដី
និងកាយវិការមិនសមរម្យដាក់ពលរដ្ឋដែលល្មើសច្បាប់។វីដេអូឃ្លីបប្រមាណ៤១វិនាទី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញពីការផាកពិន័យរបស់មន្រ្តីចរាចរណ៍ម្នាក់ បានប្រើប្រាស់សម្ដីនិងកាយវិការមិនសមរម្យជាមួយពលរដ្ឋល្មើសច្បាប់ ទទួលបានការចាប់អារម្មណ៍និងចែករំលែកបន្តជាច្រើន។


ក្រោយមកនៅថ្ងៃទី១៥ ខែតុលា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានហៅមន្រ្តីចរាចរណ៍រូបនោះមកសួរនាំ ហើយទទួលវិន័យកងកម្លាំង និងបញ្ជូនទៅអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈរជើង (ផ្អាកការងារ) រយៈពេល៣ខែ។


រូបភាពពីស្នងការនគរបាលរាជធានីភ្នំពេញ
 
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីដែលប្រព្រឹត្តខុសមិនគប្បីណាមួយ  នឹងត្រូវទទួលខុសត្រូវទៅតាមកំហុសរបស់ខ្លួន។ជាក់ស្ដែងដូចករណីលោក ពុត ធារី បានធ្វើកិច្ចសន្យាបញ្ឈរជើងរយៈពេល៣ខែដោយសារប្រើប្រាស់សម្ដី និងកាយវិការមិនសមរម្យជាមួយពលរដ្ឋល្មើសច្បាប់។
 
លោក ស ថេត ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«មន្រ្តីដែលធ្វើមិនគប្បីនឹងត្រូវវិន័យកងកម្លាំងតាមកំហុស ទាំងមន្រ្តីចរាចរណ៍ ឬមន្រ្តីនគរបាលក៏ដោយ។
 
ហើយកន្លងមន្រ្តីនគរបាលទាំងអស់ យើងធ្លាប់បានណែនាំពីវិន័យកងកម្លាំងហើយអស់ហើយ»។ លោក បន្តថា ទាំងមន្រ្តីចរាចរណ៍ នគរបាល ត្រូវប្រើប្រាស់សម្ដីសុភាពសមរម្យទៅកាន់ពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
 
ទន្ទឹមនឹងនេះ លោក ស ថេតក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍យោគយល់អធ្យាស្រ័យគ្នាពេលធ្វើដំណើរ ហើយក៏ត្រូវប្រើប្រាស់សម្ដីសុភាពនិងសមរម្យទៅកាន់មន្រ្តីចរាចរណ៍ និងនគរបាលផងដែរ៕
 
 

Tag:
 មន្រ្តីចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com