កីឡាជាតិ
កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
សិល្បៈក្បាច់គុន ឬសិល្បៈការពាររបស់ប្រជាជាតិក្នុងតំបន់អាស៊ាន
12, Nov 2022 , 10:59 pm        
រូបភាព
ការសម្ដែងក្បាច់គុនល្បុកត្ដោ រូបពី កញ្ញា ពេជ្យ ចរណៃ
ការសម្ដែងក្បាច់គុនល្បុកត្ដោ រូបពី កញ្ញា ពេជ្យ ចរណៃ
ប្រទេសនីមួយៗ មានក្បាច់គុន ឬសិល្បៈការពារខ្លួនផ្សេងៗពីគ្នា បើទោះជាមានលក្ខណៈខុសគ្នា តែក៏មានចំណុចដូចគ្នាខ្លះដែរ។ ក្នុងតំបន់អាស៊ាន សិល្បៈទាំងនោះ បានចាត់ទុកថាជាកេរដំណែល និងអត្ដសញ្ញាណជាតិមួយរបស់ប្រទេសទាំងអស់នោះ។ សិល្បៈក្បាច់គុនទាំងនោះ មាន ល្បុក្កត្តោ (Bokator), Mauy,  Lethwei , Silat ឬ Silat Melayu, Arnis និង Vovinam ...។ល។ ដោយឡែកប្រទេស ខ្លះក្នុងតំបន់អាស៊ីអគ្នេយ៍ខ្លះ ក៏បានយកក្បាច់គុនរបស់អាស៊ីខាងកើត ដូចជា Wushu របស់ចិន, ការ៉ាតេ របស់ជប៉ុន និងតៃក្វាន់ដូរបស់ កូរ៉េ មកប្រើប្រាស់ជាផ្លូវការផងដែរ។


ក្បាច់គុនរបស់កម្ពុជា 
១-ល្បុកត្តោ
ល្បុកត្ដោ គឺជាក្បាច់គុនខ្មែរ ដែលត្រូវបានបង្កើតឡើងតាំងពីសម័យបុរាណ ដោយមិនបានដឹងពីកាលបរិច្ឆេទច្បាស់លាស់ តែត្រូវបានគេសន្មត់ថា សិល្បៈការពារខ្លួននេះ ត្រូវបានទាហានខ្មែរសម័យអង្គរ យកមកប្រើប្រាស់ក្នុងសង្គ្រាម។ ក្បាច់គុននេះ មានរាប់បញ្ចូល ដូចជា កែង ជង្គង់ ជើង ដៃ និងអាវុធ មានដំបង ដាវ ជាដើម។

រូបបង្ហាញពីការប្រើយុទ្ធសាស្ដ្រក្បាច់គុណ របស់ខ្មែរនាសម័យបុរាណ ដែលជាប់ប្រាសាទអង្គរវត្ដ។ រូបរបស់ លោក Peter Parks 
យោងលើគេហទំព័រ Cambodianess ផ្សាយកាលពីថ្ងៃទី២០ ខែមិនា​ ឆ្នាំ២០២១ បទសម្ភាសលោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ ជាមួយ លោក សាន គីមស៊ាន ស្ថាបនិកសហព័ន្ធកីឡាល្បុក្កតោ ថាមានចម្លាក់លើប្រាសាទបុរាណសម័យអង្គរមួយចំនួន បានឆ្លាក់ពីកត្ដាក្បាច់គុណនេះខ្លះៗ ដូចជាប្រាសាទអង្គរតូច ប្រាសាទអង្គរធំ (ប្រាសាទបាយ័ន) និងប្រាសាទបន្ទាយស្រី។ វចនានុក្រមសម្ដេច ជួន ណាត បានពន្យល់ពាក្យនេះថា ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន ។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោជាគ្រឿងការពារ។ 

 រូបសង្គ្រាមរវាងហនុមាន នៅប្រាសាទបន្ទាយស្រី ដែលឆ្លុះបញ្ចាំងពី របៀបការពារខ្លួន។ រូបពី Wikipedia
 
ការបញ្ជាក់ខាងលើនេះ ដូចគ្នាទៅនិងការផ្សាយរបស់អង្គការ UNESCO ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ក្បាច់គុននេះ អាចមានប្រវត្តិមុនសម័យអង្គរ ឬចាប់ពេលដែលកម្ពុជា ទទួលយកឥទ្ធិពលពីវប្បធម៌របស់ឥណ្ឌា នៅអំឡុងសម័យចេនឡា នាសតវត្យទី៦ ឬទី៧។ ការសន្មត់បែបនេះ ដោយយោងតាមកត្ដាក្បាច់គុន ឬស្នៀតមួយចំនួន នៃក្បាច់គុននេះ ត្រូវបានដាក់ឈ្មោះតាមរឿងរាមកេរ្ដ៍ (រាមាយណៈរបស់ឥណ្ឌា)។ ឧទាហរណ៍ ដូចជា ក្បាច់ហនុមានអុកឡុកក្រុងលង្កា, អប្សរារេរាំ, ព្រះរាមលើកព្រះខ័ន, លើកពលរេ ឡើងគោក, ទូលភីលេងស្នែង, ព្រះខ័ន ពុះសិលា, ថ្វាយបង្គំព្រះរាម...។ល។ 
 
តាមការបកស្រាយរបស់ កញ្ញា ពេជ្យ ចរណៃ គ្រូគុនល្បុកត្តោ មកកាន់សារព៌ត័មានថ្មីៗ គុនខ្មែរ និងល្បុកត្តោមានទំនាក់ទំនង់គ្នាយ៉ាងស្អិតរមួត។ ដោយឡែក ក្បាច់គុនទាំង២នេះ ត្រូវបានយកមកប្រកួត និងសម្ដែងនៅក្នុងលើឆាកអន្តរជាតិ ដោយចាត់ជាប្រភេទកីឡាផ្សេងពីគ្នា។
២-ប្រដាល់សេរី ឬប្រដាល់គុនខ្មែរ
ប្រដាល់គុនខ្មែរ ឬប្រដាល់សេរី និងល្បុកត្តោ គឺក្បាច់តែមួយ ដោយឡែកប្រដាល់សេរី ត្រូវបានដាក់ក្នុងការប្រកួត ដោយមានវិន័យប្រកួតត្រឹមត្រូវ និងផ្សេងពីល្បុកត្តោ។ ពេលនិយាយដល់ល្បុកត្តោ នោះរាប់បញ្ចូលក្បាច់ដែលប្រើអាវុធ ដូចជាគុនដាវ លំពែង ដំបង ...។ល។ តែប្រដាល់សេរី គឺប្រើតែ ដៃ ជើង ជង្គង់ ឬជាស្នៀត ដែលមិនរាប់បញ្ចូល នូវការប្រើអាវុធ ដើម្បីប្រកួត។

 ការប្រកួតប្រដាល់គុនខ្មែរ រូបពី Kun Khmer Fight

៣-បោកចំបាប់
បោកចំបាប់ គឺជាសិល្បៈការពារខ្លួនមួយប្រភេទ ប្រើសម្រាប់ចាប់គូប្រកួត ឬសត្រូវ ដែលចូលមកដល់ខ្លួន។ ប៉ុន្តែសិល្បៈការពារខ្លួននេះ ត្រូវបានកម្ពុជា នាសម័យមុនប្រើ ដើម្បីប្រកួតរកមេកន្ត្រាញ ឬស្ដេចក្រាញ់ ក្នុងតំបន់។ យោងទៅលើអត្ថបទរបស់លោក លី វណ្ណា (Ly Vanna) ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០០២ ក្រោមចំណងជើងថា “ចំបាប់បុរាណខ្មែរ រស់ឡើងវិញ” ជាភាសាអង់គ្លេស “Khmer Traditional Wrestling Revived” សិល្បៈបោកចំបាប់នេះ ត្រូវបានគេរកឃើញនៅលើផ្ទាំងប្រាសាទអង្គរវត្ត។ បច្ចុប្បន្ន កីឡាបោកចំបាប់ ត្រូវបានចាត់ទុកជាកីឡាមួយប្រភេទ ដោយប្រទេសក្នុងតំបន់អាស៊ានបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ 
 
ដោយឡែក ចំបាប់បុរាណខ្មែរ មានក្បួនច្បាប់ដូចគ្នាទៅនិងចំបាប់វិញ្ញាសាសេរី របស់កីឡាអូឡាំពិកដែរ។ ប៉ុន្ដែសិល្បៈការពារខ្លួនមាននេះ ត្រូវមានការរាំគុណគ្រូ ផងដែរមុនប្រកួត ដែលជាលក្ខណៈផ្សេងគ្នារបស់ចំបាប់បុរាណខ្មែរ។
 
ក្បាច់គុណប្រទេសវៀតណាម (វ៉ូវីណាម ឬ Vovinam, Bach Ho)
Vovinam គឺជាក្បាច់គុនរបស់ប្រទេសវៀតណាម ដែលត្រូវបង្កើតឡើងដោយ លោក Nguyen Loc ក្នុងឆ្នាំ១៩៣៦ នៅវៀតណាមខាងជើង។ ពេលបង្កើតប៉ុន្មានឆ្នាំដំបូង ក្បាច់គុននេះ ត្រូវបានហ្វឹកហាត់ជាសម្ងាត់ រហូតដល់ស្ថាបនិករូបនេះ បានបង្កើតទ្រឹស្ដី បន្ថែមលើក្បាច់គុន។ 
ទ្រឹស្ដីនេះ បានប្រាប់ពីសារសំខាន់របស់Vovinam ថាជាសិល្បៈការពារខ្លួន, ជាក្បាច់គុនបង្កើតឆន្ទៈ, តម្លៃអប់រំនូវសីលធម៌ និងបុគ្គលិកលក្ខណៈល្អៗ ដល់អ្នកហ្វឹកហាត់។ នេះបើតាមស្នាដៃនិពន្ធរបស់លោក Van Dung អំពី”តួនាទីរបស់Vovinam ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម” ជាភាសាអង្គគ្លេស់ “The Role of Vovinam in the Life of Vietnamese People” ចេញផ្សាយនៅឆ្នាំ២០១៦។ អត្ថបទខាងលើនេះ ត្រូវបានអង្គការ UNESCO ទទួលស្គាល់។ ស្នាដៃរបស់លោក Nguyen Loc មួយនេះ ក៏ត្រូវបានចាត់ទុកថា ជាក្បាច់គុនទស្សនាវិទ្យា (Martial Art of Philosophy)។

ក្បាច់គុណVovinam ប្រកួតក្នុង ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ 
២-Bach Ho
Bach Ho មានអត្ថន័យថា «ខ្លាស» គឺជាក្បាច់គុន មានប្រភពពីប្រទេសវៀតណាម។ ក្បាច់គុននេះ មានស្នៀតគុនជាច្រើន ដែលប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ដើម្បីផ្ដួលគូរប្រកួត។ ស្នៀតដៃ ប្រើក្បាច់ដូចជាក្រញាំខ្លា។ ក្បាច់នេះ ក៏មានស្នៀត កាំបិត, ដាវ, ដំបង...។ល។ ក្រៅពីការពារខ្លួន ឬផ្ដួលគូប្រកួត ក្បាច់គុននេះ ត្រូវបានប្រជាជនវៀតណាម យកមកហ្វឹកហាត់ជាការហាត់ប្រាណដើម្បីសុខភាពផងដែរ។
 
នៅសតវត្យទី១៩ ក្បាច់គុននេះ មានភាពពេញនិយមក្នុងប្រទេសវៀតណាម ដោយប្រជាជនជាច្រើន បានមកហ្វឹកហាត់ ជាពិសេសអំឡុងពេលអាណានិគមបារាំង។ ចន្លោះទស្សវត្យ ឆ្នាំ១៩៦០ ដល់ ឆ្នាំ២០០០ ក្បាច់គុននេះ នៅតែពេញនិយមហ្វឹកហាត់ក្នុងសង្គមវៀតណាម។ បច្ចុប្បន្ន ចំនួនអ្នកហឹកហាត់ មានការធ្លាក់ចុះ ដោយសារមិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងប្រជាជន។ ដូច្នេះ គ្រូបង្វឹក ក៏មានការធ្លាក់ចុះដោយសារ មិនមានចំណូលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាលាគុន។
 
ក្បាច់គុនប្រទេសម៉ាឡេស៊ី (Tomoi, Silat, Kuntau Dayak)
 
១- Tomoi
Silat Tomor គឺជាក្បាច់គុនមួយប្រភេទរបស់ម៉ាឡេស៊ី ដែលដូចគ្នាទៅនិង Muay របស់ថៃ និងឡាវ ឬ ដូចគ្នាទៅនិងប្រដាល់សេរីរបស់កម្ពុជា ឬ Lethwei របស់មីយ៉ាន់ម៉ា។ ប៉ុន្ដែប្រភេទក្បាច់គុនប្រដាល់នេះ មានប្រវត្តិជាង២០០០ឆ្នាំហើយ ដោយយោងតាមឯកសារមួយចំនួនរបស់ម៉ាឡេស៊ី។ 
 
ប្រជាជនម៉ាឡេស៊ី ជឿថា Tomoi មានដើមកំណើតមកពីតំបន់ភាគខាងជើង​ប្រទេសម៉ាឡេស៊ី ហើយបានអនុវត្តដោយប្រជាជននៅក្នុងតំបន់ Kedah, Trengganu, ហើយជាពិសេសនៅ Kelantan។ ដោយសារក្បាច់គុននេះ មានភាពដូចគ្នាជាច្រើនជាមួយថៃ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ប្រជាជនមួយចំនួនជឿថា សិល្បៈការពារខ្លួននេះ គឺជាសមិត្ថផល បានមកពី អន្តរកម្ម ឬក៏ការផ្លាស់ប្ដូរវប្បធម៌គ្នា អំឡុងពេលសង្គ្រាម រវាងភាគខាងជើងរបស់ម៉ាឡេស៊ី និងថៃ។
២- Silat
Silat មានដើមកំណើតចេញពីអ្នកចំបាំងដើមរបស់ម៉ាឡេស៊ី ហ្វឹកហាត់ដើម្បីការពារ នូវយុត្ដិធម៌ និងសច្ចធម៌។ អ្នកហ្វឹកហាត់ទាំងអស់នោះ ក៏មានភារៈកិច្ចទទួលខុសត្រូវក្នុងការថែរក្សា និងការអនុវត្ត។ បច្ចុប្បន្ន ក្បាច់គុន ត្រូវបានដាក់ជាកីឡាដ៏ពេញនិយមមួយសម្រាប់សុខភាព និងការកម្សាន្ដ ព្រមទាំងដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមផងដែរ។
 
៣-Kuntau Dayak
Kuntau Dayak គឺជាក្បាច់គុនប្រពៃណី ដែលមានដើមកំណើតពីប្រជាជន Dayak ក្នុងតំបន់ Sarawak នៃប្រទេសម៉ាឡេស៊ី។ ទិចនិក និងកត្ដាក្បាច់គុន ត្រូវបានប្រជាជនក្នុងតំបន់ឲ្យឈ្មោះថា «Bunga និង Buah»។ Bunga គឺជាទម្រង់ ឬរបៀបនៃការចលនាបំលាស់ទី ចំណែក «Buah» សម្ដៅទៅលើក្បាច់ការពារ និងក្បាច់វាយប្រហារ។ អ្នកហាត់ Kuntau Dayak អាចចេះនូវជំនាញប្រយុទ្ធ ហើយការពាខ្លួន អំឡុងពេលមានអាសន្ន បើទោះជាមិនមានអាវុធក្នុងដៃ ក៏ដោយ។ ក្បាច់គុននេះ ក៏មានការនូវជំនាញប្រើប្រាស់អាវុធផងដែរ ដូចការប្រើខែល, លំពែង, ទំពួក ដែលចង់ដោយខ្សែ និងកូនកាំបិត។ អ្នកហ្វឹកហាត់ Kuntau Dayak ភាគច្រើនមិនបានដឹងនូវប្រវត្តិនៃក្បាច់គុនបុរាណនេះទេ។ គ្រូគុន មួយចំនួន​ នៅ ខេត្ត Sarawak បានអះអាងថា ក្បាច់គុនបុរាណនេះ ត្រូវបានប្រជាជន Dayak បានហ្វឹកហាត់ចាប់តាំងពីយុគសម័យបរបាញ់។ ក្រៅពីការហ្វឹកហាត់ដើម្បីការពារសង្គ្រាម ប្រជាជន នាសម័យនោះ ក៏បានយកក្បាច់គុននេះ មកការពារខ្លួនចំពោះ មនុស្សក្រៅតំបន់ ដែលចង់មកទន្ទ្រាន់ តំបន់ Sarawak។

រូប Kuntau Dayak រូបពី Philip Mejin
ក្បាច់គុនរបស់ប្រទេសមីយ៉ាន់ម៉ា (Thaing, Lethwei)
១-Thaing
Thaing គឺជាប្រភេទក្បាច់គុន ដែលប្រើអាវុធ ដំបង ឬលំពែង។ សិល្បៈនេះ មានដើមកំណើត អំឡុងចក្រភព Pagan នាសតវត្យទី៨។ អំឡុងពេលសង្គ្រាមជាមួយចក្រភពអង់គ្លេស អ្នកហាត់ក្បាច់គុននេះ បានតស៊ូជាមួយទាហ៊ានរបស់អាណានិគមអង់គ្លេស ប៉ុន្ដែការប្រើដំបង និងលំពែង គឺមិនអាចតតាំងទៅរួចទេ ជាមួយកាំភ្លើង។ ក្បួនច្បាប់នៃក្បាច់គុន Thaing ត្រូវបានបាត់បង់ទៅជាមួយ គ្រូគុន ដែលបានស្លាប់ព្រោះការតស៊ូ ដ៏ម៉ឺងម៉ាត់របស់ពួកគេ។ ដោយមានការតស៊ូជាច្រើនពីប្រជាជនមីយ៉ានម៉ា អាណានិគមអង់គ្លេសនេះ បានហាមមិនឲ្យប្រជាជនមីយ៉ាន់ម៉ា ហាត់នៅក្បាច់គុននេះឡើយ។ ដូចនេះហើយ Thaing ត្រូវបានបាត់បងស្នៀតគុនមួយចំនួន។
 
២-Lethwei
Lethwei ជា​ប្រដាល់​​ភូមា​ស្រដៀង​និង​ Muay Thai និងគុនខ្មែរ ។ ក្បាច់គុននេះ បានអនុញ្ញាតស្ទើរតែគ្រប់បច្ចេកទេស ដែលដោយមិនរាប់បញ្ចូលនូវការប្រើអាវុធ រួមទាំងការទាត់ កណ្តាប់ដៃ ក្បាល​ គូទ ជង្គង់ និងកែង។ ចំណុចខុសគ្នាពី Muay Thai គឺត្រង់ថាកីឡាករ មិនពាក់ហ្គង់ ហើយគ្រាន់តែរុំដៃដើម្បីការពារកណ្តាប់ដៃរបស់គេប៉ុណ្ណោះ។

ការប្រកួត Lethwei របស់មីយ៉ាន់ម៉ា រូបពី Asean Youth Organization 
ក្បាច់គុនរបស់ប្រទេសហ្វីលីពីន (Sikaran)
 
Sikaran គឺជាសិល្បៈក្បាច់គុនជនជាតិដើមហ្វីលីពីន។ នេះ គឺ​សិល្បៈ​ប្រដាល់​ដែល​មាន​លក្ខណៈ​ស្រដៀង​និង​ការ៉ាតេ។ Sikaran មានន័យថា «ទាត់» ជាភាសាតាហ្គាឡុក។ អ្នកចូលរួមភាគច្រើនប្រើជើងរបស់ពួកគេ ហើយមិនត្រូវបានអនុញ្ញាតឱ្យប្រើដៃរបស់ពួកគេដើម្បីវាយគូប្រកួតនោះទេ គឺគ្រាន់តែរារាំងការទាត់ប៉ុណ្ណោះ។ ការប្រយុទ្ធ បញ្ចប់នៅពេល ដែលគូប្រកួតម្ខាងទៀតសុំចុះចាញ់។ ​ការ​ទាត់ មាន​ពីរ​ប្រភេទ ​ស៊ីការ៉ាន៖ ប៉ាងហ៊ីឡូ (ខ្វិន) និង​ប៉ាម៉ាតារី (ការ​សម្លាប់) ដែល​ជា​ទម្រង់​ដ៍​សាហាវ ។ ការទាត់ គឺសិល្បៈប្រយុទ្ធ ដ៏សាហាវ ដែលទាត់សំដៅទៅលើក្បាល។
 
ក្បាច់គុនរបស់ប្រទេសឥណ្ឌូណេស៊ី (Naban)
១-Naban ឬ ចំបាប់មីយ៉ាន់ម៉ា
Naban ឬ​​ចំបាប់មីយ៉ាន់ម៉ា គឺ​ជា​សិល្បៈការពាររបស់មីយ៉ាន់ម៉ាមួយបែប។ ចំប៉ាប់ គឺជា​ការ​អនុវត្ត​ដោយប្រើកម្លាំងចាប់ និងកាច់ផ្ដួលដៃគូ។ ស្នៀតខ្លះ ត្រូវបានបញ្ចូលទៅនិងក្បាច់គុន Lethwei។ ចំបាប់​នៅ​មីយ៉ាន់ម៉ា ​អាចជាលទ្ធផលពីការទទួលឥទ្ធិពលរប​ស់ឥណ្ឌា។ Naban ត្រូវបានបញ្ចូលការវាយបាតដៃ និងជើងជាមួយនឹងបច្ចេកទេសចាប់។ បច្ចេកទេសនៃការគៀបរួមបញ្ចូលការចាក់សោររួមគ្នា ចំណុចសម្ពាធ និងចង្កឹះ។ ការវាយប្រហារទៅលើផ្នែកណាមួយនៃរាងកាយត្រូវបានអនុញ្ញាត។ 
 
ក្បាច់គុនប្រទេសថៃ (Muay Thai, Muay Boran)
១-Muay Thai
Muay Thai គឺជាសិល្បៈក្បាច់គុន និងជាកីឡាប្រយុទ្ធអន្តរជាតិ មកពីប្រទេសថៃ។ សិល្បៈប្រដាល់នេះ ប្រើជាចម្បង អវយវៈទាំងប្រាំបីនៃរាងកាយ ដូចជា កណ្តាប់ដៃ ទាត់ កែង និងជង្គង់។ ក្បាច់គុនេះ ត្រូវបានចាត់ទុកជាសិល្បៈការពារខ្លួន ដ៌សាហាវមួយ នៅក្នុងពិភពលោក។ មុនពេលប្រកួត ភ្លេងគុនគ្រូ តែងប្រគំឡើងដើម្បី រំលឹកគុនគ្រូ និងជាការជម្រុញទឹកចិត្តកីឡាករ ឲ្យមានភាពក្លៀវក្លាសម្រាប់ការប្រកួត។ 
 
ការគុនគ្រូ ត្រូវធ្វើខ្លួនអែនអន ដូចជាអ្នករបាំដែរ ហើយក៏បង្ហាញការគោរពចំពោះគ្រូបង្វឹក ដោយអោនក្បាលទៅនិងសង្វៀន ហើយអធិស្ឋានមួយនាទីជាមួយគ្រូបង្វឹករបស់ពួកគេនៅជ្រុងនៃសង្វៀន។
 
Muay Thai មានភាពដូចគ្នាជាច្រើនទៅនិងប្រទេសជិតខាង ក្នុងតំបន់ដូចជា Muay Lao, Lethwei របស់ភូមា, Tomoi របស់ម៉ាឡេស៊ី និងប្រដាល់សេរីរបស់កម្ពុជា។
២-Muay Boran
Muay Boran ជា​​សិល្បៈ​ប្រយុទ្ធ​របស់​ប្រទេស​ថៃ ​ដែល​មាន​មុន​ការ​កើត​នៃ ក្បាច់គុន Muay Thai។ Muay boran និង Muay thai មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​។ ជាឧទាហរណ៍ ក្បាច់គុនទាំងពីរប្រើបច្ចេកទេសផ្សេងគ្នានៃកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង។ ក្បាច់គុនទាំងពីរនេះ ​ក៏​មាន​ពិធី​ដូច​គ្នា​ដែល​គេ​ហៅ​ថា​ការ​វ៉ៃ​គ្រូ​ ឬគុនគ្រូធ្វើ​មុន​ពេល​ប្រកួត។ ភាពខុសប្លែក គឺ Muay Boran អនុញ្ញាតឲ្យប្រើបច្ចេកទេសមួយចំនួន ដែលអាចប៉ះពាល់ដល់អាយុជីវិត ដូចជាការវាយក្បាល ការវាយប្រហារក្រលៀន និងការវាយប្រហារបំពង់ក ហើយទាំងនេះ ត្រូវបានហាមឃាត់នៅក្នុង Muay Thai។ នៅក្នុងដំណើរការនៃកីឡា កីឡាករ Muay Thai ពិតជាបានបាត់បង់នូវបច្ចេកទេស និងជំនាញប្រពៃណី Muay boran យ៉ាងច្រើន ដោយមានមនុស្សតិចណាស់ដែលនៅតែអនុវត្តវា។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពល្បីល្បាញជាសកលនៃ Muay Thai មានការកើនឡើងនៃចំនួនមនុស្សដែលចាប់អារម្មណ៍ក្នុងការរៀន Muay Boran ។
 
ក្បាច់គុនប្រទេសឡាវ (Muay Lao, Fhan Dap)
១-Muay Lao
Muay Lao គឺជាក្បាច់ប្រដាល់ ដែលប្រើកណ្ដាប់ដៃ កែង និងជង្គង់ ដូចគ្នាទៅនិង Muay Thai និងប្រដាល់សេរីរបស់កម្ពុជា។ ប្រជាជនឡាវ ជឿថាក្បាច់គុន​នេះ បានបង្កប់តម្លៃដ៏​ខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ដោយសម្រប​ខ្លួន​ទៅនិង​ធម្មជាតិ និង​សុជីវធម៌។ មុនពេលប្រកួត អ្នកប្រដាល់ បានរំលឹកគុនគ្រូ ដូចគ្នាទៅនិងកម្ពុជា និងថៃដែរ។ Muay Lao ត្រូវ​បាន​គេ​បន្សល់​ទុក​ជា​ច្រើន​ជំនាន់ ​ដោយ​ផ្អែក​លើ​ស្មារតី​ដើម្បី​និរន្តរភាព​ភាព​រឹង​មាំ​របស់​ជនជាតិ និង​រក្សា​ប្រពៃណី។
 
២-Fhan Dap 
Fhan Dap គឺជាសិល្បៈក្បាច់គុន ដែលត្រូវបានបញ្ចូលគ្នារវាងចលនា ឬកត្ដាក្បាច់ Muay Lao ជាមួយនិងកត្ដាក្បាច់ដាវ។ ប្រជាជនឡាវ ជឿជាក់ថាក្បាច់គុននេះ បង្កើតឡើងជាការរំលឹក និងគោរពដល់សាសនាដើម និងព្រះពុទ្ធសាសនា។ 
 
ក្បាច់គុននេះ ត្រូវបានគេយកមកសម្ដែង ដោយមានមនុស្ស ៦នាក់ កាន់ដាវហើយដើរជារង្វង់ រួចយកធាងត្នោតមកកាត់ ដើម្បីឧបកិច្ច ក្នុងការការពារបញ្ជៀសពីគ្រោះផ្សេងៗ ពីសត្រូវ អំឡុងមុនពេលចេញធ្វើសង្គ្រាម។
 
ក្រៅពីក្បាច់គុនទាំងនេះ ប្រទេសក្នុងតំបន់អាស៊ាន ក៏បានទទួលយកក្បាច់គុន ឬសិល្បៈការពារខ្លួន ពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដូចជា តៃក្វាន់ដូ WTF, តៃក្វាន់ដូ ITF, យូដូ, ការ៉ាតេដូ, ជូជីតស៊ូ, វូស៊ូ និងកុងហ្វូ...។ល។ កាលពីសម័យបុរាណ មនុស្សបានយកក្បាច់គុន ដើម្បីធ្វើសង្គ្រាម តែបច្ចុប្បន្ន ត្រូវជំនួសដោយសពាវុធទំនើបៗ ហើយក្បាច់គុនទាំងនោះ ត្រូវក្លាយជាការសម្ដែង ឬចាត់ជាកីឡា ដើម្បីប្រកួតដណ្ដើមជ័យលាភី និងពង្រឹងចំណងមិត្តភាពរបស់ប្រទេសនីមួយៗ៕
 
 

Tag:
 ក្បាច់គុន
  ល្បុកត្តោ
© រក្សាសិទ្ធិដោយ thmeythmey.com