ជាតិ
រថយន្ត
១៥ថ្ងៃ៖ រថយន្តជាង ១៩ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន
17, Oct 2022 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រយៈពេល ១៥ថ្ងៃ រថយន្តជាង ១៩ម៉ឺនគ្រឿង បានបើកបរសាកល្បងលើផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ តុលា។

 
បើតាមក្រសួងសាធារណការ យានយន្ត ១៩០ ៣៤៦គ្រឿង បានចេញចូលតាមស្ថានីយចំនួន ៨ទីតាំង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍មានត្រឹមតែ ០,០០៤ភាគរយ បើធៀបនឹងតួលេខនៃទំហំចរាចរណ៍នេះ។
 
ប្រភពដដែលបានបញ្ជាក់ថា ១៥ថ្ងៃនេះ មានលំហូរចរាចរណ៍មមាញឹកខ្លាំង ជាពិសេសថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ។ 
 
យោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ ក្នុងចំណោមយានយន្តជាង ១៩ម៉ឺនគ្រឿងនេះ មានករណីជំនួយប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុប ពីពលរដ្ឋ៥០៦ករណី ដែលបានទាក់ទងទៅកាន់លេខ ១៣៩៩។
 
ជាមួយគ្នានេះ ក្រសួង បានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះលក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
 
សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គន្លងផ្លូវមានចំនួន៤ ដែលប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។ 
 
ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង, ចំណតរថយន្ត ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំរថយន្ត ៤កន្លែង។ ផ្លូវនេះ ឆ្លងកាត់មានខេត្តកំពង់ស្ពឺប្រវែង ៨០,៨គីឡូម៉ែត្រ, កោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕
 
 

Tag:
 ផ្លូវល្បឿនលឿ
© រក្សាសិទ្ធិដោយ thmeythmey.com