កីឡាអន្តរជាតិ
អន្តរជាតិ
កាតា ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup 2023 ក្រោយរៀបចំ World Cup ឆ្នាំ២០២២ រូបភាព៖ BeIN Sports
× សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup នៅឆ្នាំ ២០២៣ ជំនួសចិន ពោលក្រោយដឹកនាំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្ងៃទី១៧ ខែតុលា។
ប្រទេសកាតាដែលនឹងរៀបចំ World Cup 2022 នាខែវិច្ឆិកា បានយកឈ្នះលើប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត AFC Asian Cup 2023 ក្រោយការដាក់ដេញថ្លៃរយៈពេលជាង ៣ខែមកនេះ។
«គណៈកម្មាធិការនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ី AFC ថ្ងៃនេះសូមប្រកាសថាសហព័ន្ធកឡាបាល់ទាត់ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFC Asian Cup 2023។»។ នេះបើតាមការប្រកាសរបស់ AFC ដែលមានស្នាក់ការកណ្តាលក្នុងប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ កាតាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះក៏ព្រោះតែប្រទេសចិនដែលឈ្នះការដេញថ្លៃកាលពីឆ្នាំ ២០១៩ សម្រាប់រៀបចំព្រឹត្តិការណ៍នេះ បានប្រកាសដកខ្លួនដេញកាលពីខែឧសភា ដោយសារតែគោលនយោបាយ សូន្យកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលប្រទេសចិន។ ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសចិននៅតែបន្ត ធ្វើឱ្យសហព័ន្ធសម្រេចដកខ្លួន AFC បានស្វែងរកប្រទេសថ្មីមកជំនួសការធ្វើម្ចាស់ផ្ទះនេះ។
បើតាមកាលវិភាគដែលនឹងត្រូវរៀបចំការប្រកួតនេះ ទីក្រុងចំនួន ១០ក្នុងប្រទេសចិននឹងត្រូវរៀបចំការប្រកួត AFC Asian Cup ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ខែកក្កដា ឆ្នាំក្រោយនេះ។ យ៉ាងណា កាលវិភាគការប្រកួតដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតាមិនទាន់កំណត់ច្បាស់លាស់នូវឡើយ ខណៈកាតាកំពុងមមាញឹកក្នុងការរៀបចំ World Cup 2022 ខិតជិតមកដល់។
សូមជម្រាបដែរថាព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាកំពុងតែខិតកាន់តែកៀកថ្ងៃនៃការប្រកួត ដោយធ្វើឡើងចាប់ពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ។ កាតានឹងប្រកួតបើកឆាកដំបូងគេបង្អស់ទល់ក្រុម អេក្វាទ័រសម្រាប់ការប្រកួតនាថ្ងៃទី២០ វិច្ឆិកា ក្រោយកម្មវិធីបើកជាផ្លូវការរៀបចំរួចរាល់៕
Tag:
Asian Cup 2023
World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com